ពាក្យពេចន៍ដ៏មានន័យទាំង៩ សម្រាប់ដាស់តឿនខ្លួនឯង ក្នុងឆ្នាំ២០២៤នេះ
១. ស្រឡាញ់គេ កុំឱ្យលើស៨០%
បើស្រឡាញ់គេអស់ពីពោះពេក លទ្ធផលចុងក្រោយ គឺនឹងធ្វើឱ្យយើងខកចិត្ត។ បើល្អចំពោះគេលះបង់ដោយគ្មានលក្ខខណ្ឌពេក លទ្ធផលចុងក្រោយ គឺនឹងមិនទទួលបានការគោរពឱ្យតម្លៃអ្វីឡើយ។ មនោសេញ្ចេតនា គឺត្រូវតែមានទៅមានមក ប្រសិនបើរវាងអ្នកទាំងពីរត្រូវមាន១០០ជំហានត្រូវដើរ សូមកុំដើរអស់ទាំង១០០ជំហាន រក្សាទុក10ជំហានសម្រាប់ឱ្យដៃគូបានដើរផង រក្សាគម្លាតខ្លះ ទើបជីវិតរស់នៅមានភាពស្រស់ស្អាត។
២. មានរឿងជាច្រើន យើងបានត្រឹមតែអាច Suprise ខ្លួនឯងប៉ុណ្ណោះ
តើអ្នកពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយឬនៅ? តើពិតជាធ្វើបានដល់ថ្នាក់ល្អឥតខ្ចោះ ឥតទាស់ត្រង់ណាហើយឬនៅ? តាមពិតចិត្តអ្នកដឹងច្បាស់ណាស់ទៅហើយ អ្វីដែលអ្នកខំលះបង់អស់ពីកម្លាំងកាយចិត្ត មានពេលខ្លះ គឺបានត្រឹមតែធ្វើឱ្យខ្លួនឯងនេះរំភើបចិត្តប៉ុណ្ណោះ។ សក្តានុពលរបស់មនុស្សយើង គឺនៅមានច្រើនណាស់ ឱ្យតែព្រមជីកកកាយស្វែងរក កុំនិយាយថាខ្លួនឯងមិនកើត ពីព្រោះមនុស្សគឺគ្មានដែនកំណត់ទេ។
៣. មនុស្សដឹងរាក់ជ្រៅ សម្លឹងមើលអ្នកណាក៏គាប់ភ្នែកដែរ
នៅពេលដែលអ្នកមើលគេទាស់ភ្នែក គេធ្វើយ៉ាងណាក៏មិនត្រូវ តាមពិតមិនមែនព្រោះតែគេពិតជាខុសនោះទេ គឺមកពីយើងមិនចូលចិត្តគេ។ មនុស្សដឹងរាក់ជ្រៅ សម្លឹងមើលអ្នកណាក៏គាប់ភ្នែក ក៏ព្រោះតែគេមិនធ្វើឱ្យចិត្តខ្លួនឯងហត់នឿយ ព្រោះតែអ្នកណាម្នាក់ឡើយ គេដឹងច្បាស់ថាត្រីទើបអាចរស់ក្នុងទឹក ដំរីទើបមានខ្លួនធំ អណ្តើក គឺត្រូវតែវារគឺមៗ។
៤. គេជួយអ្នកគឺសន្តានចិត្តរបស់គេ មិនមែនជាតួនាទីរបស់គេទេ
មនុស្សដែលយើងអាចពឹងផ្អែកបាន គឺយើងខ្លួនឯង។ លើលោកនេះបើយើងរត់ទៅពឹងគេ ច្បាស់ជាយើងភ័យខ្លាចបារម្ភច្រើន តែបើយើងពឹងខ្លួនឯងបានទើបជាសេចក្តីសុខពិត។ លើកលោកនេះក៏គ្មានអ្នកណាអាចបំពេញចិត្ត បំពេញសេចក្តីត្រូវការឱ្យយើងបាននោះដែរ ចង់បានបែបណាខំប្រឹងធ្វើដោយខ្លួនឯង រំពឹងគេជួយសម្រេចក្តីស្រមៃឱ្យយើងវាមិនបានដូចចិត្តយើងឡើង។
៥. នៅពេលដែលពាក្យសន្យាខ្លះក្លាយទៅជាពាក្យកុហក សើចហើយឱ្យវាកន្លងផុតទៅចុះ
នៅពេលដែលគេធ្វើមិនដូចអ្វីដែលបានសន្យា កុំព្យាយាមដេញដោលសួរនាំរកឫសគល់អី វាគ្មានន័យសោះឡើយ។ ពាក្យសម្បថនេះណា វាពីរោះស្តាប់ណាស់ ស្តាប់ៗហើយក៏ចោលទៅ អ្វីដែលគេធ្វើឱ្យឈឺចាប់មានស្នាមរបួស ញញឹមហើយក៏បំភ្លេចចោលចុះ កុំរឹតតែធ្វើឱ្យខ្លួនឯងឈឺចាប់ងើបលែងរួចធ្វើអ្វីទៀត។
៦. អ្នកខ្លួនឯងទើបជាបណ្តាញទំនាក់ទំនងល្អពិតប្រាកដ
អ្នកពូកែលេចធ្លោ អ្នកនឹងទាក់ទាញមនុស្សពូកែមកនៅក្បែរខ្លួន ខ្លួនអ្នកខ្លាំង ទើបអ្នកអាចនៅក្បែរមនុស្សរឹតតែខ្លាំងបាន។ បើអ្នកជាមនុស្សអត់មានសម្រេចលទ្ធផលអ្វីសោះ តើសម្អាងលើអ្វីឱ្យគេមកគយគន់អ្នកសរសើរអ្នកនោះ? បើចង់ឱ្យ "ប៉ឡឹក" មើលឃើញអ្នក អ្នកក៏ត្រូវធ្វើខ្លួនឱ្យក្លាយជា "សេះពាន់យោជន៍" ជាមុនសិនដែរ។ ប្រសិនបើអ្នកខ្លាំងហើយខ្លឹម ទើបអ្នកអាចមានសិទ្ធក្នុងការជ្រើសរើស "ប៉ឡឹក" បាន។ កុំនិយាយថាអ្នកស្គាល់អ្នកនេះ បងប្អូនអ្នកនោះ បើមិនខ្លាំងដោយខ្លួនឯង អ្នកទាំងនោះគឺបានត្រឹមតែជា អ្នកស្គាល់ដែលមិនស្និទ្ធតែប៉ុណ្ណោះ។
៧. ពាក្យសម្តីដែលមិនអាចនិយាយចេញមកបាន វាតែងតែធ្វើឱ្យមនុស្សឆាប់ដឹងក្តីចាស់ចិត្តចាស់គំនិត
ស្នាមរបួសដែលមិនអាចនិយាយចេញ នឹងធ្វើឱ្យអ្នករឹងមាំ។ ភាពហត់នឿយដែលមិនអាចនិយាយចេញ នឹងធ្វើឱ្យអ្នកមានភាពក្លាហាន។ ពិភពលោករបស់មនុស្សពេញវ័យ មានទុក្ខលំបាកជាច្រើនដែលហាស្តីមិនរួច មានតែលេបទុកចូលក្នុងពោះវិញតែប៉ុណ្ណោះ។ មនុស្សវ័យកណ្តាល សុខចិត្តហូរញើសមិនហូរទឹកភ្នែកទេ ពីព្រោះទោះជាហូរទឹកភ្នែកក៏អត់មានអ្នកចាំជូតឱ្យដែរ គឺមានតែពាក្យប្រៀបធៀបប៉ុណ្ណោះ។
៨. ប្រសិនបើនៅបៀមទុក្ខរំឭករឿងឈឺចាប់ដែលកន្លែងហួសហើយ សុខចិត្តតាំងចិត្តបំភ្លេចវាចោលទៅល្អជាង
មនុស្សដែលខ្វល់ពីអ្នក មិនធ្វើឱ្យអ្នកខូចចិត្តនោះទេ។ មនុស្សដែលមិនខ្វល់ពីអ្នក ក៏មិនខ្វល់ពីការយំសោកបោកខ្លួនរបស់អ្នកដែរ។ កុំព្រោះតែមនុស្សអត់តម្លៃហើយធ្វើឱ្យខ្លួនឯងរងទុក្ខ។ មានមនុស្សខ្លះ រឿងខ្លះ គួរតែបំភ្លេចចោលចុះ កុំស្តាយស្រណោះអី។
៩. អាយុវាគ្រាន់តែជាតួលេខប៉ុណ្ណោះ វាគ្មានពាក្យថាចាប់ផ្តើមយឺតពេលនោះទេ ២០២៣ បានកន្លងផុតទៅហើយ
តើអ្នកមានអាយុប៉ុន្មាន? មិនថាអាយុ៣០ឆ្នាំ អាយុ៤០ឆ្នាំ ឬអាយុ៥០ឆ្នាំក៏ដោយ ក៏មិនមែនជាបញ្ហាដែរ។ ចង់ធ្វើអ្វីក៏ទៅធ្វើទៅ ចាប់ផ្តើមពេលណាក៏មិនយឺតដែរ។ បើនៅតែបន្ទោសមេឃដី បន្ទោសវាសនា ព្រហ្មលិខិតទើបយឺតពេល៕
ដកស្រង់ពីអត្ថបទភាសាចិន/ បកប្រែដោយ ៖ សុខ គឹមទៀវ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក