តស់! មកដឹងអំពីព្រះជីវប្រវត្តិរបស់ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរដំបូងដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរទៅទៀត

នាម វ៉ា យ៉ាវ គឺជាព្រះនាមពិតរបស់ សម្ដេចព្រះមហាឃោសានន្ទ

លក្ខណៈពិសេស

Cover Copy

១. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាម ដើម្បី «ទទួលពានរង្វាន់ណូប៊ែលសន្តិភាព» ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell) ចំនួន៤ដង។

២. ព្រះអង្គជាព្រះសង្ឃខ្មែរ ដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់។

៣. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា «ព្រះរស់របស់ផែនដី» ក្នុងចំណោមព្រះរស់ទាំង ៥ អង្គនៅចុងសតវត្សទី២០ នៅក្នុងសៀវភៅ Buddha and Wisdom។

៤. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋានៈជា «ទីប្រឹក្សាយោបល់» ផ្នែកសេដ្ឋកិច្ចនិងវប្បធម៌។

៥. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ (១៩៩៤) ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ឱ្យមនុស្សប្រមាណ ១០០០ នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

៦. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ «មិននិយាយ» នៅជីវិតចុងក្រោយរហូតដល់ពេលសុគត។

៧. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព « Niwano» ពីប្រទេសជប៉ុន និងពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ។

៨. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរ ហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គថាជានរណា?»

៩. ព្រះអង្គជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរស្គាល់ព្រះអង្គ។

១០. ព្រះអង្គជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និងមហាមាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥។

១១. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ «ធម្មយាត្រា» នៅកម្ពុជាដើម្បីសន្តិភាព និង អហឹង្សា។

446799059_3856420281348565_4916045112927847526_n

សង្ខេបព្រឹត្តិការណ៍សំខាន់ៗ ក្នុងជីវិតសម្តេចព្រះមហាឃោសនន្ទ​ 🌷🌷🌷

- ឆ្នាំ ១៩២៩ សម្តេចព្រះមហាឃោសនន្ទ ទ្រង់ប្រសូតនៅឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ភាគនិរតីនៃប្រទេសកម្ពុជា។

- ឆ្នាំ ១៩៤៣ បានចូលសាងផ្នួស ជាសាមណេរក្នុងព្រះពុទ្ធសាសនា ក្នុងព្រះជន្ម ១៤ ព្រះវស្សានៅវត្តបារាយណ៍ ។

- ឆ្នាំ ១៩៥០ បានឧបសម្បទាជាភិក្ខុ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ មានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះឧបជ្ឈាយ៍បានទទួលនាមបញ្ញត្តិ " ឃោសានន្ទ " ។

- ឆ្នាំ១៩៥៣ និមន្តទៅសិក្សានៅសាកលវិទ្យាល័យ នាលន្ទា ក្នុងរដ្ឋពីហារ ប្រទេសឥណ្ឌា ។

- ឆ្នាំ ១៩៥៦ ដង្ហែសម្តេចព្រះសង្ឃរាជ ជួន ណាត ចូលរួម ឆដ្ឋសង្គាយនាលើកទី ៦ នៅប្រទេសភូមា ( ព.ស. ២៥០០ ) នៅវត្ត Kaba Aye ទីក្រុងរ៉ង់ហ្គូន ក្នុងនាមប្រតិភូព្រះពុទ្ធសាសនា ប្រទេសកម្ពុជា ។

- ឆ្នាំ១៩៥៧ បានចូលសិក្សាពីទស្សនៈព្រះពុទ្ធសាសនា និងការកសាង សន្តិភាព និងអហឹង្សា ជាមួយព្រះសង្ឃជនជាតិជប៉ុនឈ្មោះ នីជីដាត៊្សូហ្វូជី ( Nichidatsu Fuji ) ជាអ្នកបង្កើតព្រះពុទ្ធសាសនា និកាយនីប៉ូសាន់ម៉្យូហូជី ( Nipponzan Myohoji Buddhist Order ) នៅអាស្រមមួយស្ថិតនៅលើភ្នំមួយ ជិតភ្នំគិជ្ឈកូដ ក្រុងរាជគ្រឹះ ក្នុងរដ្ឋពីហារ ប្រទេសឥណ្ឌា ។

- ឆ្នាំ១៩៦៩ ទទួលសញ្ញាបត្របណ្ឌិតផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា ពីសាកលវិទ្យាល័យនាលន្ទា។ បន្ទាប់មកបាននិមន្តទៅសិក្សាវិបស្សនាធុរៈ នៅអាស្រមក្នុងព្រៃ នៅប្រទេសថៃ ភាគខាងត្បូង ក្នុងសំណាក់ព្រះអាចារ្យធម្មធរោ។

- ឆ្នាំ១៩៧៨ និមន្តទៅកាន់ជំរុំជនភៀសខ្លួនខ្មែរ នៅខេត្តស្រះកែវ ស្ថិតនៅព្រំដែនខ្មែរ - ថៃ ជាជំរុំជនភៀសខ្លួនខ្មែរដំបូងបំផុត ក្រោយពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ ។ ហើយក៏បានជួយអប់រំដល់ជនភៀសខ្លួនទាំងនោះឱ្យឈប់ឈ្លោះ ចេះសន្ដោសទោសដល់គ្នា តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូ និងបានបង្កើតវត្តព្រះពុទ្ធសាសនា តាមជំរុំជនភៀសខ្លួន ។

- ឆ្នាំ ១៩៨០ ទទួលធ្វើជាតំណាងឱ្យកម្ពុជា ក្នុងតំណែងទីប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ។ បានបង្កើតសហបេសកកម្មអន្តរសាសនាដើម្បីសន្តិភាព ហើយបានចាប់ផ្ដើមគំនិតជាសាកល ស្ដីពីទិវាពិភពលោកដើម្បីបួងសួងសុំសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ។

- ឆ្នាំ ១៩៨១ ដឹកនាំការបង្កើតវត្តព្រះពុទ្ធសាសនា តាមសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក ប្រទេសនៅអឺរ៉ុប នៅប្រទេសអូស្ត្រាលី និងទីផ្សេងៗទៀត។ បានបង្កើតកម្មវិធីអប់រំ និងលើកកម្ពស់វប្បធម៌ខ្មែរនៅក្រៅប្រទេស។ ជួយឧបត្ថម្ភដល់ការអប់រំសមាធិដើម្បីសន្តិភាព ជួយឧបត្ថម្ភកម្មវិធីហ្វឹកហ្វឺនពីការតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងការដោះស្រាយទំនាស់តាមបែបអហិង្សា។

- ឆ្នាំ១៩៨៣ និមន្តទៅជួបសម្ដេចប៉ាបច្សនប៉ូលទី២ ( Pope Jonh Paul 2 ) នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីពិភាក្សាអំពីមូលដ្ឋានសាសនាសម្រាប់គាំទ្រ សន្តិភាពពិភពលោក នៅមុនពេលធ្វើផែនការប្រជុំនៅអស្សុីសុី( Assisi ) ។

- ឆ្នាំ១៩៨៦ សម្ដេចប៉ាបច្សនប៉ូលទី២ និមន្តព្រះអង្គចូលរួមនៅក្នុងទិវាបួងសួងសុំសន្តិភាព នៅអស្សុីសុីជាមួយអ្នកដឹកនាំសាសនា ពិភពលោកឯទៀតៗ និងធ្វើជារៀងរាល់ឆ្នាំបន្តមក។

- ឆ្នាំ១៩៨៨ បានដឹកនាំប្រតិភូសង្ឃ ទៅចូលរួមនៅក្នុងការប្រជុំចរចារកសន្តិភាពសម្រាប់ប្រទេសកម្ពុជា គាំទ្រដោយអង្គការសហប្រជាជាតិ សម្ដេចបានស្នើឡើងនូវកិច្ចសម្របសម្រួលមួយ ព្រមទាំងរំលឹកអ្នកដឹកនាំទាំងនោះថា "សន្តិភាពគឺជាគោលដៅរួមរបស់យើងទាំងអស់គ្នា" ។ ការប្រជុំនោះបានបន្តរហូតដល់ឆ្នាំ១៩៩១។ នៅក្នុងឆ្នាំនោះដែរ សម្ដេចត្រូវបានជ្រើសតាំងជាគណៈសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនាប្រទេសកម្ពុជា។

307463683_643953780680575_625611991492482766_n

- ឆ្នាំ១៩៨៩ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែកសេវាកម្មមនុស្សធម៌ ពីសាកលវិទ្យាល័យប្រូវិដិន ក្រុងប្រូវិដិន រដ្ឋរ៉ូដអាយឡិន្ត សហរដ្ឋអាមេរិក។

- ឆ្នាំ១៩៩១ ទទួលតំណែងងារជាសម្ដេច ដែលតែងតាំងឡើងដោយសម្ដេចព្រះនរោត្តមសីហនុ នៅទីក្រុងភ្នំពេញ និងទទួលងារ ជាសម្ដេចសង្ឃសន្តិភាពនៅប្រទេសកម្ពុជា ។ នៅក្នុងឆ្នាំ ១៩៩១ នោះដែរ ព្រះអង្គក៏បានដឹកនាំធ្វើធម្មយាត្រាដើម្បីសន្តិភាព និងការផ្សះផ្សាលើកទី១ ចេញពីជំរុំជនភៀសខ្លួនខ្មែរក្នុងប្រទេសថៃ ចូលមកក្រុងភ្នំពេញ មុនការគ្រប់គ្រងរបស់ពួកអ៊ុនតាក់ នៅប្រទេសកម្ពុជា ។ បានបោះពុម្ពសៀវភៅ "មួយជំហានម្តង" ជាភាសាអង់គ្លេស ភាសាខ្មែរ ភាសាថៃ ភាសាជប៉ុន ភាសាអាល្លឺម៉ង់ ភាសាព័រទុយហ្គាល់...។

- ឆ្នាំ១៩៩២ បានទទួលរង្វាន់ផ្នែកសិទ្ធិមនុស្ស ពីមូលនិធិ Rafto នៅទីក្រុង Bergen ប្រទេសន័រវែស ។

- ឆ្នាំ១៩៩៣ ដឹកនាំធម្មយាត្រាលើកទី២ ចេញពីអង្គរវត្ត ខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ កាត់តាមតំបន់មានសង្គ្រាម ដើម្បីកាត់បន្ថយការភ័យខ្លាច និងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជាតិ។ ទទួលតំណែងប្រធានកិត្តិយសនៃអង្គការសហពន្ធពន្លឺខ្មែរ និងជាក្រុមប្រឹក្សាផ្ដល់យោបល់ពលរដ្ឋ ដល់សភាធម្មនុញ្ញកម្ពុជាក្នុងការតាក់តែងពង្រាយរដ្ឋធម្មនុញ្ញ។ និមន្ដចូលរួមក្នុងសន្និសីទសាសនាពិភពលោកនៅទីក្រុង សុីហ្គាហ្គោ ( Chigago ) ។

- ឆ្នាំ១៩៩៤ និមន្តចូលរួមក្នុងពិធីសូត្រធម៌ បើកធម្មយាត្រាអន្តរសាសនាដើម្បីសន្តិភាពនិងជីវិតនៅទីក្រុង Auschwitz ប្រទេសប៉ូឡូញ។ ដឹកនាំធម្មយាត្រាលើកទី៣ ឆ្លងកាត់តាមបណ្ដាខេត្តដែលមានសង្គ្រាមក្តៅគគុក នៅផ្នែកខាងលិចប្រទេសកម្ពុជា។ ដឹកនាំគណៈប្រតិភូព្រះសង្ឃជាន់ខ្ពស់កម្ពុជា ចូលរួមប្រជុំចរចារពីសន្តិភាពនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជាង ក្រោមកិច្ចឧបត្ថម្ភពីសម្ដេចនរោត្តមសីហនុ និងចូលរួមក្នុងកិច្ចចរចារលើកទី២ នៅទីក្រុងភ្នំពេញ។ ដឹកនាំគណៈប្រតិភូអន្តរសាសនា ចូលរួមប្រជុំចរចារសន្តិភាព នៅទីក្រុងកូឡុំប៊ី ប្រទេសសិរីលង្កា ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមសុីវិលរាំរ៉ៃរបស់ប្រទេសនោះ ។

សម្ដេចត្រូវបានស្នើជ្រើសតាំងជាបេក្ខជន សម្រាប់រង្វាន់ណូបែលសន្តិភាព ដោយលោក Claiborn Pell តំណាងសមាជិកព្រឹទ្ធសភា ទទួលបន្ទុបប្រធានគណៈកម្មការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា សហរដ្ឋអាមេរិក ។

444483812_457635113617312_2150219253002327542_n

- ឆ្នាំ១៩៩៥ សម្ដេចត្រូវបានជ្រើសតាំងជាបេក្ខជន រង្វាន់ណូបែលសន្តិភាពលើកទីពីរសម្រាប់ ឆ្នាំ១៩៩៥ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបដដែល។

  • ខែមករា ៖ ព្រះអង្គបានបូជាព្រះកាយចំពោះមជ្ឈមណ្ឌលជនពិការកម្ពុជា នៅភ្នំពេញ ។
  • ខែកុម្ភៈ ៖ និមន្តចូលរួមសន្និសីទអន្តរជាតិ នៅអាស្រមវង្សសានីត ខេត្រនខននាយក ប្រទេសថៃ ។
  • ខែមិនា ៖ និមន្តចូលរួមទិវាសីទ្ធិនារីអន្តរជាតិ នៅទីក្រុងបាត់ដំបង និងនិមន្តចូលរួមប្រជុំស្ដីពីការផ្តល់នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូ ដល់ប្រទេសអាស៊ីបច្ចឹម នៅធម្មសាលា ( Dharmasala ) ប្រទេសឥណ្ឌា។
  • ខែមេសា ៖ និមន្តចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិ ស្ដីពីសាសនាការអប់រំ និងវប្បធម៌នៅទីក្រុង អាតាមី (Atami) ប្រទេសជប៉ុន និងនិមន្តចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិ ស្ដីពីសាសនាការអប់រំនិងវប្បធម៌នៅវិមាន Windor Castle នៃរាជាណាចក្រអង់គ្លេស។
  • ខែឧសភា ៖ និមន្តចូលរួមសន្និសីទដូនជី និងស្រ្តីកម្ពុជានៅព្រែកហូរ ក្រុងតាខ្មៅ ។
  • ខែឧសភា និងខែមិថុនា ៖ ដឹកនាំក្បួនធម្មយាត្រាដើម្បីសន្តិភាពចេញពីព្រំដែនថៃ ទៅខេត្រស្វាយរៀង ព្រំដែនប្រទេសវៀតណាម។ អំពាវនាវឱ្យមានការចរចារសន្តិភាពជាបន្ត និងអំពាវនាវឱ្យមានអនុក្រឹត្យហាមឃាត់ការប្រើប្រាស់គ្រឿងផ្ទុះគ្រប់យ៉ាងនៅប្រទេសកម្ពុជា ។
  • ខែកញ្ញា ៖ ចូលរួមប្រជុំក្រុមប្រឹក្សាសន្តិភាពនៅប្រទេសអង់គ្លេស។ ដឹកនាំទិវាអន្តរជាតិដើម្បីសន្តិភាព និងអំពាវនាវការហាមប្រាមការប្រើប្រាស់គ្រាប់មីន។
  • ខែតុលា ៖ និមន្តចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីការពិនិត្យមើលឡើងវិញនូវអនុសញ្ញាស្ដីពីការប្រើប្រាស់គ្រឿងសព្វាវុធ។ ទ្រង់បានថ្លែងពីទុក្ខសោករបស់ប្រជាជនដែលរងគ្រោះដោយគ្រាប់មីនកប់ក្រោមដី និងអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់គ្រាប់មីន។
  • ខែវិច្ឆិកា ៖ និមន្តចូលរួមប្រជុំក្រុមស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនៅវិមាន Windor Castle ប្រទេសអង់គ្លេស ក្នុងនោះសមាជិកខ្លះជាជ័យលាភីរង្វាន់ណូបែល និងជាតំណាងជាន់ខ្ពស់នៃសាសនាសំខាន់ៗក្នុងពិភពលោក។

- ឆ្នាំ១៩៩៦ ត្រូវបានជ្រើសតាំងលើកទី៣ជាបេក្ខជនរង្វាន់ណូបែលសម្រាប់ ឆ្នាំ១៩៩៦ ដោយគណៈកម្មការសេវាកម្មមិត្តអាមេរិក (ចំណោមអ្នកទទួលរង្វាន់ណូបែល ឆ្នាំ១៩៩៧)។

  • ខែកុម្ភៈ ៖ ដឹកនាំធម្មយាត្រានៅទីក្រុងភ្នំពេញមួយសប្ដាហ៍ប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីន។
  • ខែមេសា ៖ ចូលរួមសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ស្ដីពីការពិនិត្យមើលឡើងវិញនូវអនុសញ្ញាការប្រើប្រាស់អាវុធ និងអំពាវនាវឱ្យឈប់ប្រើប្រាស់ទាំងស្រុងនូវគ្រាប់មីន។
  • ខែមិថុនា ៖ ដឹកនាំធម្មយាត្រាលើកទី ៥ ដើម្បីសន្តិភាព និងការផ្សះផ្សាជាតិនៅប្រទេសកម្ពុជា ផ្ដោតលើការកាប់បំផ្លាញព្រៃឈើ។

  • ខែកក្កដា ៖ និមន្តជាតំណាងព្រះពុទ្ធសាសនាថេរវាទប្រជុំនៅ Gesthemance រវាងបព្វជិតគ្រឹស្ដ និងព្រះពុទ្ធសាសនាក្រុង Abbey សហរដ្ឋអាមេរិក។
  • ខែកញ្ញា ៖ ជួបប្រជុំជាមួយលោកស្រី អង់ សានស៊ូជី និងគណៈសង្ឃជាន់ខ្ពស់ភូមា នៅប្រទេសភូមាដើម្បីជួយសម្រាលការឃុំខ្លួនសមាជិករង្វាន់ជ័យលាភីណូបែល។
  • ខែតុលា ៖ ដឹកនាំគណៈប្រតិភូសង្ឃ ចូលរួមប្រជុំវេទិកាពិភពលោកនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
  • ខែវិច្ឆិកា ៖ ជួបប្រមុខសាសនាកាតូលិក Ruiz និងសមាជិកនានានៃក្រុម Zapatistas នៅទីក្រុង Chaipas ប្រទេសមុិចសុិកក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសន្តិភាព។
  • ខែធ្នូ ៖ ជួបជាមួយមេដឹកនាំខ្មែរក្រហមដើម្បីធ្វើកិច្ចសម្របសម្រួលផ្លូវធ្វើធម្មយាត្រាក្នុងឆ្នាំ ១៩៩៧ ដើម្បីសន្តិភាព និងការផ្សះផ្សាជាតិ និងធ្វើជាអធិបតីក្នុងសន្និសីទស្ដីពីព្រះពុទ្ធសាសនា និងសន្តិភាព នៅខេត្តបាត់ដំបង រៀបចំឡើងដោយអង្កាការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ។

431889446_387283424035521_2013154822448847909_n

- ឆ្នាំ១៩៩៧​ ត្រូវបានជ្រើសតាំងជាលើកទី៤ ដោយអតីតជ័យលាភីរង្វាន់ណូបែលសន្តិភាព សម្រាប់បេក្ខភាពរង្វាន់ណូបែល ឆ្នាំ១៩៩៧ ។

  • ខែមិនា និងខែមេសា ៖ ដឹកនាំធម្មយាត្រាលើកទី៦ ទៅកាន់តំបន់ប៉ៃលិន ដែលជាតំបន់កាន់កាប់ដោយទាហានខ្មែរក្រហម ។
  • ខែឧសភា ៖ ជួបសម្ដេចសង្ឃដាឡៃឡាម៉ា សម្ដេចជាន់ខ្ពស់ ទីបេ ហើយត្រូវបានសម្ដេចដាឡៃឡាម៉ាស្នើសុំឱ្យធ្វើជាសហគណៈដឹកនាំសេវាកម្មសាកលនៃប្រទេសទីបេ។ សម្ដេចបាននិមន្តចូលរួមប្រជុំនៅវិហារប្រមុខនៃសាសនាកាតូលិក នៅទីក្រុងវ៉ាស៊ីងតោនឌីស៊ីសហរដ្ឋអាមេរិក។
  • ខែមិថុនា ៖ និមន្តចូលរួមជាអធិបតីនៅក្នុងសន្និសីទបណ្ដាញអន្តរជាតិព្រះពុទ្ធសាសនា នៅខេត្តចន្ទបុរី ប្រទេសថៃ ។
  • ខែសីហា ៖ ដឹកនាំធម្មយាត្រាដើម្បីសូត្របួងសួងផ្សាយមេត្តាបញ្ចប់នូវអំពើហិង្សាដែលផ្ទុះឡើងនៅទីក្រុងភ្នំពេញ ៥ - ៦ កក្កដា ១៩៩៧ ។ បន្ទាប់មកសម្ដេចបាននិមន្តទៅកាន់ ប្រទេសសិរីសង្កា ដើម្បីទទួលរង្វាន់សន្តិភាពពីអង្កាការ Sarvodara ។
  • ខែកក្កដា ៖ ឆ្នាំ ១៩៩៩ សម្ដេចបាននិមន្តទៅកាន់ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់សម្ដេច និងបានបំបួសកុលបុត្រផងដែរ ។
  • ខែសីហា ៖ ឆ្នាំ២០០០ សម្ដេចបាននិមន្តចូលរួមប្រជុំសន្និសីទកំពូលនៃមេដឹកនាំសាសនាដើម្បីសន្តិភាពពិភពលោកសម្រាប់សហស្សវត្សថ្មី (Millennium World Peace Summit of Religious and Spiritual Leader) ដែលមានមេដឹកនាំសាសនានៃពិភពលោកជាងពីរពាន់នាក់ចូលរួមប្រជុំនៅការិយាល័យអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
  • នៅខែមេសា ឆ្នាំ២០០២ សម្ដេចបាននិមន្តចូលរួមប្រជុំ Gethsemane Encounter 2 Gethsemane Abbey in Kentucky។

#អវសាននៃជីវិត ៖ សម្ដេចព្រះមហាឃោសនន្ទទ្រង់សុគតយ៉ាងស្ងប់ស្ងាត់ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០០៧ នៅវេលាម៉ោង ៨:១៧ នាទីព្រឹក នៅមន្ទីរពេទ្យមួយ នាទីក្រុងឡូវែលរដ្ឋម៉ាស្សាជូសេត។ សូមបួងសួងឱ្យព្រះវិញ្ញាណក្ខន្ធសម្ដេចបានយាងទៅកាន់សុគតិភព សោយនូវសេចក្ដីសុខរហូតដល់ព្រះនិព្វានជាអវសាន៕​