យល់ដឹងពីដើមផ្លែទុរេន! ទុរេនមានដើមកំណើតមកពីប្រទេសណា? ខ្មែរយើងដាំដើមទុរេននៅខេត្តណាដំបូងបំផុត?

តស់!មកយល់ដឹងពីដើមផ្លែទុរេន ធ្លាប់តែបរិភោគទុរេន តើអ្នកមានដឹងទេថា ទុរេនមានដើមកំណើតមកពីប្រទេសណា? ខ្មែរយើងដាំដើមទុរេននៅខេត្តណាដំបូងបំផុត?

Cover Copy

📌 ទុរេន ជាឈើហូបផ្លែម្យ៉ាងមានដើមកំណើតនៅដែនកោះស៊ូម៉ាត្រា និងកោះប័រណេអូ (Borneo) ឬកោះកាលីម៉ាន់តាន់ (Kalimantan) គឺ​ជា​កោះ​តែមួយគត់​ក្នុងពិភពលោក ដែលមាន​ចំណែកប្រទេស​ដល់ទៅ ៣ ស្ថិតនៅលើ​កោះនេះ រួមមាន​ប្រទេសប្រ៊ុយណេ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេសឥណ្ឌូណេស៊ី (សូមអានបន្ថែម នូវភូមិសាស្ត្រនៃកោះប័រណេអូ នៅខាងក្រោម)។

📌 ដើមឡើយដើមទុរេន គឺជាដើមឈើព្រៃ ដែលគេរកឃើញនៅប្រទេសម៉ាឡេស៊ី ប្រហែល ២០ ប្រភេទ និងនៅប្រទេសឥណ្ឌូណេស៊ី ប្រហែល ១០០ ប្រភេទ។ តាំងពីយូរយារណាស់មកហើយ មនុស្សជំនាន់ដើមទៅជ្រើសរើសរកទុរេនព្រៃណា ដែលមានផ្លែល្អ រសជាតិឆ្ងាញ់ មានផ្លែធំល្អ ដើម្បីយកមកដាំជាផ្លែឈើស្រុក ដែលគេហៅថាទុរេនដូនតា។ លុះក្រោយមករហូតដល់ឆ្នាំ ១៩៨៧ ដោយវិទ្យាសាស្ត្រផ្នែកកសិកម្មជឿនលឿន គេបានបង្កាត់ពូជទុរេនបានយ៉ាងច្រើន ដែលមានរហូតដល់ ៣០០ ប្រភេទ នៅប្រទេសថៃ និងប្រហែលជា ១០០ ប្រភេទនៅប្រទេសម៉ាឡេស៊ី។

444928893_444195628340876_1174717873296732828_n

📌 នៅតំបន់ខ្លះគេចាត់ទុកផ្លែទុរេនជាស្តេចនៃផ្លែឈើ នេះក៏ព្រោះតែផ្លែវាមានទំហំផ្លែធំ គឺធំទី ២ បន្ទាប់ពីផ្លែខ្នុរ និងមានបន្លានៅលើសម្បកដ៏ស្រួចមុត។ ផ្លែរបស់វាអាចមានប្រវែងបណ្ដោយរហូតដល់ ៣០ - ៤០ ស.ម និងទទឹង ១៥ - ២៥ ស.ម និងមានទម្ងន់ ចាប់ពី ១ ទៅ ៦គីឡូក្រាម។ ពេលទុំទុរេនមានក្លិនក្រអូបឆ្អិត សាច់ក្លែបមានពណ៌លឿងដូចរមៀត ខ្លះលឿងស្រាល ខ្លះទៀតក្រហម ដោយអាស្រ័យទៅលើពូជរបស់វា។ ទុរេនពេលទុំខ្លាំងមានក្លិនឆួល ហេតុដូច្នេះហើយទើបពួកអឺរ៉ុបស្បែកស មិនចូលចិត្តផ្លែទុរេននោះទេ។ នៅសណ្ឋាគារខ្នាតផ្កាយភាគច្រើន គេហាមយកទុរេនទុំចូលក្នុងបន្ទប់ដេក ដោយវាធ្វើឱ្យក្លិនជាប់នៅក្នុងបន្ទប់ ដែលអ្នកខ្លះគេមិនចូលចិត្តក្លិនទុរេនទុំនេះទេ។

📌 នៅប្រទេសកម្ពុជាយើងទុរេនពូជបុរាណ ដែលមានដាំដុះជាយូរមកហើយ គឺពូជ Durio zibethinus ដែលទំនងជាត្រូវបាននាំយកពូជមកពីស្រុកជ្វា តាមរយៈឈ្មួញដើរសំពៅ ក្នុងអំឡុងប្រហែលជាង ៤០០ឆ្នាំមុន នេះយោងតាមកំណត់ត្រារបស់ប្រទេសម៉ាឡេស៊ី ហើយកាលនោះទុរេនមានដាំនៅស្រុកខ្មែរដំបូងគេមំផុត គឺដាំនៅខេត្តកំពត បើយោងតាមឯកសារបារាំង(Gallica)។

> ពូជទុរេនបុរាណ អ្នកខ្លះហៅទុរេនដូនតា ឬទុរេនស្រែ ដែលមានដើមធំខ្ពស់ៗ ផ្លែមិនសូវធំទេ តែផ្លែច្រើនណាស់ កាលពីដើមគេមិនបេះទេ ទុកឱ្យវាទុំជ្រុះឯកឯងតែម្ដង។ ដើមទុរេនបុរាណអាចរស់បានយូរយារ គឺរហូតទៅដល់ ៣០០-៥០០ឆ្នាំក៏មានដែរ។

> កាលពីដើម ចាស់ៗនិយាយលេងថា ពេលព្រឹកម្ចាស់ចម្ការទុរេនចូលទៅរើសផ្លែទុរេនទុំ ត្រូវតែពាក់មួកដែក ដើម្បីការពារក្បាលខ្លាចទុរេនទុំជ្រុះចំក្បាលជាយថាហេតុ។

> ទុរេនដូនតាមានសាច់តិច ជ្រាយ គ្រាប់ធំ តែក្រអូបខ្លាំង និងផ្អែមមុត ដែលកាលពីដើមគេមិននិយមហូបសាច់ផ្លែទុរេនទុំទេ ដោយសារវាថ្លៃ គេច្រើនយកសាច់ទុរេនទុំមកធ្វើបាយដំណើបទុរេន និងធ្វើបង្អែមផ្សេងៗទៀត បើគេយកមកលាយការ៉េម នៅលើរទេះលក់ការ៉េមនោះ គេចងបង្គោល១នៅមុខរទេះ និងចងផ្គុំសម្បកទុរេនទាំងមូលបញ្ឈរនៅចុងបង្គោលនោះ មើលទៅដូចមោងរបស់យក្ស ដើម្បីបញ្ជាក់ប្រាប់អ្នកទិញថា ការ៉េមថ្ងៃនេះមានលាយសាច់ទុរេនទុំ។

> កាលពីសង្គមចាស់ ពេលខ្ញុំធ្វើដំណើរ ទៅលេងក្រុងកំពត ដែលជាស្រុកកំណើតម្ដាយខ្ញុំ ដោយជិះឡានបាំង បើចំរដូវទុរេនទុំ គឺក្រអូបទុរេនទុំ និងធុំក្លិនក្ដាមសេះស្ងោរ ដោយគេដាក់កញ្ឆេទុរេនទុំនៅលើដំបូលឡានបាំងនោះ គឺជាក្លិនដែលយើងមិនអាចបំភ្លេចបាន។

📌 រហូតមកដល់ឆ្នាំ ១៩៩០ ទើបខ្មែរយើងនាំយកពូជទុរេនល្អៗពីប្រទេសថៃតាមរយៈអ្នករកស៊ីរត់កាណូតដឹកអីវ៉ាន់ពីខេត្តកំពត ទៅលក់នៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ បន្ទាប់មក កាណូតនោះបានទិញអីវ៉ាន់ពីថៃ និងទិញពូជទុរេន ឪខាក់ កានយ៉ាវ ឆៈនី និង ក្រៈឌុមថង មកដាំនៅកំពត ដោយមិនទាន់មានពូជ ហ្មនថង នោះទេ ដោយយោងតាមសៀវភៅរបៀបដាំទុរេន ខ្មែរ-ថៃ ឆ្នាំ ១៩៩០។

📌 តាមកំណត់ត្រារបស់ជនជាតិព័រទុយហ្កាល់ បាននិយាយថាទុរេនត្រូវបានគេដាំដុះ និងស្គាល់យ៉ាងទូលំទូលាយនាអំឡុងចុងសតវត្សរ៍ទី ១៨ នៅប្រទេសអាស៊ីអាគ្នេយ៍យើងនេះ !

📌 ពាក្យទុរេន(Durian)នេះ មិនមែនជាពាក្យកម្ចីពីភាសាអឺរ៉ុប អង់គ្លេស ឬបារាំងទេ ពាក្យនេះជា ភាសាម៉ាឡេស៊ី (Malaysia) គឺមកពីពាក្យ(Duri) មានន័យថា បន្លា។

📌 មកដល់បច្ចុប្បន្ននេះ ពូជទុរេនដែលមានការពេញនិយមលើទីផ្សារអន្តរជាតិ រសជាតិឆ្ងាញ់ខ្លាំង គឺ ៖

441501247_444195638340875_5908294414446171584_n

> ទុរេនរបស់ប្រទេសថៃពូជ ហ្មនថង (หมอนทอง) មានន័យថា(ខ្នើយមាស) ព្រោះវាមានរសជាតិផ្អែមមុតខ្ទិះៗ សាច់ក្លែបណែនល្អ មិនជ្រាយពេក គ្រាប់តូបតូច ដែលធ្វើឱ្យអ្នកបរិភោគចូលចិត្តខ្លាំងជាងទុរេនពូជផ្សេងៗ។

> ទុរេនរបស់ប្រទេសម៉ាឡេស៊ីពូជ មូសាងឃីង (Musang king) ដែលមានតម្លៃថ្លៃ ច្រើននាំទៅលក់នៅប្រទេសចិន។

📌 សូមជម្រាបថា នៅឆ្នាំ ២០០៧ អ្នកវិទ្យាសាស្ត្រកសិកម្មថៃម្នាក់គឺនDr. Songpol Somsri (ดร.ทรงพล สมศรี) ព្យាយាមបង្កាត់ពូជទុរេនបានជាង ៩០ប្រភេទ ក្នុងខេត្តចន្ទប៊ុរី ដែលធ្វើឲ្យខេត្តនេះបានជាប់លេខ១ លើពិភពលោក ជាខេត្តដែលបង្កាត់ពូជ និងនាំចេញផ្លែឈើស្រស់ច្រើនជាងគេ នៅលើពិភពលោក ខណៈពេលដែលប្រទេសថៃមិនមែនជាទឹកដីកំណើតរបស់ទុរេនឡើយ។ នៅប្រទេសថៃក៏សម្បូរដើមទុរេនបុរាណណាស់ដែរ ពិសេសនៅភាគខាងត្បូងប្រទេសថៃ ដែលដើមខ្លះមានអាយុរហូតទៅដល់ ៣០០ឆ្នាំ ហើយនៅតែផ្ដល់ផ្លែរាល់ឆ្នាំ ដោយ១ឆ្នាំមានផ្លែ ៣០០-៥០០ផ្លែ។

📌 កាលពីសង្គមចាស់ចម្ការទុរេនមានដាំតែទុរេនពូជដូនតា ឬទុរេនស្រែតែ ៣-៤ពូជប៉ុណ្ណោះ ដោយសារទុរេនជាឈើហូបផ្លែដែលរើសដី ពិបាកដាំ ពិបាកថែ ដូចគ្នានឹងឈើហូបផ្លែ ២មុខទៀត គឺមង្ឃុត និងសាវម៉ាវ។ តាមឯកសារចាស់ៗ និងការស្រាវជ្រាវ ទុរេនពីសង្គមចាស់មានដាំនៅ ៖

📍១ ខេត្តកំពត ដូចជាស្រុកព្រៃនប់ និងស្រុកកំពត បច្ចុប្បន្នជាស្រុកទឹកឈូ ពិសេសនៅតំបន់ជើងភ្នំក្បែរទឹកឈូ ចម្ការដែលល្បីឈ្មោះគឺចម្ការរបស់លោក «លី យាត់ឡាយ» មានផ្ទៃដីប្រហែល ៤០ហិកតា ជាប្រភេទដីល្បាយខ្សាច់នៅជើងភ្នំ ដែលសម្បូរដោយដុំថ្មមូលៗនៅក្រោមដី ដែលមុននឹងដាំ គេត្រូវគាស់យកដុំថ្មនោះចេញជម្រៅពី ១-១.៥ម៉ែត្រជាមុនសិន ទើបដាំទុរេន មង្ឃុត សាវម៉ាវ មាក់ប្រាង...។

📍២ ខេត្តកំពង់ចាម ស្រុកមេមត់ ជាប្រភេទដីក្រហមបន្ទុះភ្នំភ្លើង ដែលពួកខ្មែរក្រហមហៅថា «ដីខ្លាញ់ ឬដីឈាមយក្ស» ដាំអីក៏ដុះល្អដែរ។ បច្ចុប្បន្ន ស្រុកមេមត់នៅក្នុងខេត្តត្បូងឃ្មុំ។

📍៣ ខេត្តបាត់ដំបង នៅស្រុកប៉ៃលិន ជាដីល្បាយខ្សាច់លាយថ្មក្បែរជើងភ្នំ និងនៅស្រុកសំឡូត ជាប្រភេទដីក្រហមបន្ទុះភ្នំភ្លើង ដែលពួកខ្មែរក្រហមហៅថា «ដីខ្លាញ់ ឬដីឈាមយក្ស» ដាំអីក៏ដុះល្អដែរ។

📌 មកដល់បច្ចុប្បន្ននេះ ពូជទុរេនដែលមានដាំនៅប្រទេសកម្ពុជាមានច្រើនបង្គួរដែរ ពូជខ្លះនាំចូលភាគមកពីប្រទេសថៃ ដូចជា ៖

> ទុរេនបុរាណ ឬទុរេនដូនតា ឬទុរេនស្រែ ដែលដើមខ្លះមានអាយុរហូតទៅដល់៧០-១០០ឆ្នាំ នៅខេត្តកំពត។

> ទុរេនពូជផ្សេងៗ ដែលធ្លាប់ដាំនៅខេត្តកំពតមាន សណ្ដង់កិត ណឹងអួយ ឪខាក់ ឈាងម៉ៃ ឡាយឈី ឡេងជុន...។

> ទុរេន ហ្មនថង (หมอนทอง) មានន័យថា(ខ្នើយមាស) ជាពូជទុរេនរបស់ប្រទេសថៃល្បីលើសគេ មានដាំច្រើនបំផុត។ ខ្មែរយើងភាគច្រើនហៅខុស ខ្លះហៅ(ម៉ាន់ថង) ខ្លះហៅ(មុនថង) សូមលោកអ្នកហៅឲ្យត្រូវតាមសំនៀងជាភាសាថៃ (ហ្មនថង) កុំឲ្យម្ចាស់ដើមរបស់គេសើចចំអកឲ្យយើង។

> ទុរេន ក្រៈឌុមថង (กระดุมทอง) មានន័យថា (ឡេវមាស) ខ្មែរយើងច្រើនហៅអាកំប៉ោក មិនសូវដាំទេ។

> ទុរេន ឆៈនី (ชะนี) មានន័យថា (សត្វទោច) ខ្មែរយើងច្រើនហៅ ឈុននី សាច់លឿងល្អ មិនសូវដាំទេ។

> ទុរេន ភួងមណី (พวงมณี) មានន័យថា (ភួងមណី) ខ្មែរយើងច្រើនហៅ ភួងម៉ាលី សាច់លឿងល្អ សម្បកផ្លែទុំពណ៌បៃតងចាស់ មានដាំបង្គួរដែរ ។

> ទុរេន កានយ៉ាវ (ก้านยาว) មានន័យថា (ទងវែង) ខ្មែរយើងច្រើនហៅ សាច់លឿងល្អ មិនសូវដាំទេ។

> ទុរេន មូសាងឃីង (Musang king) ដែលភាសាម៉ាឡេស៊ីគេហៅថា រ៉ាចា ឃុនយីត (Raja Kunyit) មានន័យថា (រាជារមៀត ឬ ស្ដេចរមៀត) ជាពូជទុរេនដ៏ល្បីរបស់ប្រទេសម៉ាឡេស៊ីតាំងពីទសវត្សរ៍១៩៨០ សាច់វាលឿងដូចរមៀត តែផ្លែមិនសូវធំទេ ដែលមានតម្លៃថ្លៃ ច្រើននាំចេញទៅលក់នៅប្រទេសចិន។ នៅកម្ពុជាយើងឮថាមានទិញពូជមកដាំខ្លះៗហើយ។

📌 បច្ចុប្បន្ននេះនៅព្រះរាជាណាចក្រកម្ពុជាមានខេត្តជាច្រើនដាំទុរេនបានផលហើយ ដោយសារតែវិទ្យាសាស្ត្រខាងកសិកម្មមានការជឿនលឿន គេអាចសិក្សាវាយតម្លៃដីប្រភេទណា ដែលអាចដាំទុរេនបាន ដូចជា ៖

📍១ ខេត្តកំពត នៅស្រុកទឹកឈូ ជាទុរេនដាំលើដីល្បាយខ្សាច់ នៅជើងភ្នំ មានរសជាតិឆ្ងាញ់ជាងគេទាំងអស់។

📍២ ខេត្តកែប ជាទុរេនដាំលើដីល្បាយខ្សាច់ នៅជើងភ្នំវល្លិ

📍៣ ខេត្តកំពង់ស្ពឺ ជាទុរេនដាំលើដីល្បាយខ្សាច់ នៅស្រុកភ្នំស្រួច នៅក្បែរជើងភ្នំពេជ្រនិល។

📍៤ ខេត្តព្រះសីហនុ ជាទុរេនដាំលើដីល្បាយខ្សាច់ នៅស្រុកកំពង់សីលា និងស្រុកព្រៃនប់ នៅម្ដុំជើងភ្នំបូកគោខាងលិច។

📍៥ ខេត្តកោះកុង ជាទុរេនដាំលើដីល្បាយខ្សាច់ នៅតាមជើងភ្នំនៃស្រុកថ្មបាំង។

📍៦ ខេត្តបាត់ដំបង ជាទុរេនដាំលើដីក្រហមនៃស្រុកសំឡូត។

📍៧ ខេត្តប៉ៃលិន ជាទុរេនដាំលើដីល្បាយខ្សាច់ នៅជើងភ្នំបរយ៉ាខា និងជើងភ្នំខៀវ។ នៅលើកំពូលភ្នំខៀវមានអ្នកទេសចរឡើងភ្នំប្រាប់ថា មានដើមទុរេនព្រៃ ដែលមានអាយុកាលប្រហែល ១០០ឆ្នាំ។

📍៨ ខេត្តពោធិ៍សាត់ ជាទុរេនដាំលើដីល្បាយខ្សាច់ នៅតាមជើងភ្នំនៃស្រុកវាលវែង ស្រុកតាលោសែនជ័យ។

📍៩ ខេត្តកំពង់ឆ្នាំង ជាទុរេនដាំលើដីល្បាយខ្សាច់ នៅតាមជើងភ្នំឱរ៉ាល់ នៃស្រុកទឹកផុស។

📍១០ ខេត្តកំពង់ចាម ជាទុរេនដាំលើដីក្រហមនៃស្រុក ស្ទឹងត្រង់ ស្រុកចំការលើ។

📍១១ ខេត្តត្បូងឃ្មុំ ជាទុរេនដាំលើដីក្រហមនៃស្រុកមេមត់ និងដាំលើដីល្បាយខ្សាច់នៃស្រុកតំបែរ។

📍១២ ខេត្តរតនគិរី ជាទុរេនដាំលើដីក្រហម។

📍១៣ ខេត្តមណ្ឌលគិរី ជាទុរេនដាំលើដីក្រហម។

📍១៤ ខេត្តស្ទឹងត្រែង ជាទុរេនដាំលើដីល្បាយខ្សាច់ នៅម្ដុំអូរពងមាន់ និងនៅស្រុកសេសាន។

📍១៥ ខេត្តក្រចេះ ជាទុរេនដាំលើដីក្រហមនៃស្រុកស្នួល។

📍១៦ ខេត្តកំពង់ធំ ជាទុរេនដាំលើដីល្បាយខ្សាច់នៅស្រុកសន្ទុក និងស្រុកសណ្ដាន់។

📍១៧ ខេត្តសៀមរាប ជាទុរេនដាំលើដីល្បាយខ្សាច់នៅជើងភ្នំគូលែននៃស្រុកបន្ទាយស្រី។

📍១៨ ខេត្តព្រះវិហារ ជាទុរេនដាំលើដីក្រហមបន្ទុះភ្នំភ្លើង

> ស្រុកត្បែងមានជ័យ ភូមិហ្មសែត និងភូមិចំការស្រមូវ។

> ស្រុកគូលែនដាំនៅឃុំស្រយង់ ភូមិស្រយង់ជើង និងភូមិស្រយង់ត្បូង។

> ទុរេនដាំលើល្បាយខ្សាច់នៅភូមិអូពោរ ឃុំរមណីយ ស្រុករវៀង លើផ្ទៃដី ២០០ហិចតា ដែលដាំបានទុរេនរហូតដល់ ១៦០០០ដើម ជាការដាំមានលក្ខណៈទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន TKY Farm ដែលជួលជំនាញការបរទេសមកដាំ សម្រាប់នាំចេញទៅប្រទេសចិន។ ពូជទុរេនដែលដាំមាន ៣ពូជ ៖ ហ្មនថង, ឪខាក់, មូសាងឃីង។ កសិដ្ឋាននេះប្រមូលផលទុរេនបាន ២-៣ឆ្នាំហើយ។ នៅឆ្នាំ២០២៣ នាំចេញទៅប្រទេសចិនបានជិត ៥០០តោន។

📍១៩ ខេត្តស្វាយរៀង ជាទុរេនដាំលើដីល្បាយខ្សាច់ នៅស្រុករមាសហែក។

📍 ២០ ចំពោះខេត្តផ្សេងៗទៀត មាន

> ខេត្តតាកែវ ឃើញមានដាំនៅជើងភ្នំស្រុកគិរីវង់ តែមិនទាន់បានផលទេ។

> ខេត្តឧត្តរមានជ័យ ឃើញមានដាំនៅស្រុកអន្លង់វែង តែមិនទាន់បានផលទេ។

> ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ដូចជាគ្មានដាំទុរេនទេ។

⁉️ សរុបមកយើងសង្កេតឃើញថា ចម្ការទុរេនមានស្ទើរតែគ្រប់ខេត្ត តែផ្លែទុរេននៅតែថ្លៃដដែល។ មិនដឹងជាឆ្នាំណាទេ ដែលទុរេនចុះថោកដូចស្វាយកែវរមៀត 🤣

📌 តាមការវាយតម្លៃ ដោយឈរលើបច្ចេកទេសពិសោធ និងការធ្វើប្រជាមតិ ខេត្ត ៥ ដែលមានផ្លែទុរេនទុំឆ្ងាញ់ជាងគេ ដោយឲ្យពិន្ទុទៅតាមលំដាប់លេខរៀង ៖

១ ខេត្តកំពត ទុរេនទឹកឈូ នៅស្រុកទឹកឈូ

២ ខេត្តបាត់ដំបង ទុរេននៅស្រុកសំឡូត

៣ ខេត្តកោះកុង ទុរេននៅស្រុកថ្មបាំង

៤ ខេត្តត្បូងឃ្មុំ ទុរេនស្រុកតំបែរ

៥ ខេត្តសៀមរាប ទុរេនស្រុកបន្ទាយស្រី។

444960096_444196011674171_448361418054286287_n

🌏 ភូមិសាស្ត្រនៃកោះ ប័រណេអូ ឬកោះកាលីម៉ាន់តាន់

កោះ ប័រណេអូជាកោះនៅតំបន់អេក្វាទ័រ នាំឲ្យមានភ្លៀងធ្លាក់ច្រើន សម្បូរព្រៃឈើ និងជ្រោះជ្រលងភ្នំ ដែលអំណោយផលដល់ដើមឈើដុះលូតលាស់ល្អ ការធ្វើកសិកម្ម និងល្អសម្រាប់វិស័យទេសចរធម្មជាតិ។

កោះប័រណេអូជាកោះធំ​បំផុត​ទី ៣ក្នុងលោក​ ៖

> ភាគ​ខាងជើង និង​ពាយ័ព្យនៃកោះ ជា​សមុទ្រចិនខាងត្បូង

> ភាគឦសានជាសមុទ្រ Sulu

> ភាគខាងកើត​​ជាសមុទ្រ Celebes

> ភាគខាងត្បូងជាសមុទ្រ Java។ កោះ​ប័រណេអូ មានផ្ទៃដី​សរុប​ប្រមាណ ៧៥៥ ០០០គីឡូម៉ែត្រ​ការ៉េ ដោយរាប់បញ្ចូល​ទាំងកោះ​តូចៗ នានា​នៅក្បែរខាង។ គឺថា កោះនេះធំជាងប្រទេសខ្មែរ ៥.៧៦ដង។

🚩 ប្រទេសឥណ្ឌូណេស៊ី មាន​ចំណែក​ដី​ច្រើន​ជាងគេគឺ ៧៣% ហៅថា «កាលីម៉ាន់តាន់» រួមមានខេត្តចំនួន៥ គឺ

១ កាលីម៉ាន់តាន់កណ្តាល

២ កាលីម៉ាន់តាន់​ខាងជើង

៣ កាលីម៉ាន់តាន់​ខាងត្បូង

៤ កាលីម៉ាន់តាន់​ខាងលិច

៥ កាលីម៉ាន់តាន់​ខាងកើត។ រដ្ឋធានីថ្មីប្រទេសឥណ្ឌូនេស៊ីនឹងលើទៅនៅខេត្តនេះ មានឈ្មោះថា Nusantara នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយរដ្ឋធានី ហ្សាការតា ប្រឈមមុខនឹងទឹកសមុទ្រលិច ដូចក្រុងបាកក និងក្រុងហូជីមិញដែរ។ ពីរដ្ឋធានីថ្មី ទៅរដ្ឋធានី ហ្សាការតា ត្រូវហោះឆ្លងសមុទ្រចម្ងាយ ១៣០០គ.ម.។

🚩 ប្រទេសម៉ាឡេស៊ីមានចំណែក ២៦% មានរដ្ឋពីរនៅលើកោះនេះ គឺ

១ រដ្ឋសារ៉ាវ៉ាក់ (Sarawak) មានទីក្រុងប្រចាំរដ្ឋឈ្មោះ គូឈិង (Cuching)។ គេត្រូវជិះយន្តហោះពីក្រុង គូឡាឡាំពួឆ្លងសមុទ្រចិនខាងត្បូង រយៈពេល ១ម៉ោង ៥០នាទី ក្នុងចម្ងាយផ្លូវប្រហែល ១០០០គ.ម.។

២ រដ្ឋសាបាហ៍ (Sabah) មានទីក្រុងប្រចាំរដ្ឋឈ្មោះ កូតា គីណាបាលូ (Kota Kinabalu)។ គេត្រូវជិះយន្តហោះពីក្រុង គូឡាឡាំពួ ឆ្លងសមុទ្រចិនខាងត្បូង រយៈពេល ២ម៉ោង ៤០នាទី ក្នុងចម្ងាយផ្លូវប្រហែល ១៦០០គ.ម.។

🚩 ប្រទេសប្រ៊ុយណេ ដែលមានចំណែកដីតែ ១% (៥៧៦៥គ.ម.ការ៉េ) ប៉ុណ្ណោះ ហើយមានទីតាំងស្ថិតនៅជាប់មាត់សមុទ្រ នៅចន្លោះរដ្ឋទាំងពីរនៃប្រទេសម៉ាឡេស៊ី៕

✍️ ប្រភពអត្ថបទ ៖​ វេជ្ជ. អ៊ុន សុវណ្ណា