ឪពុកម្តាយជាច្រើនជឿថាការចិញ្ចឹមកូនមានសារៈសំខាន់ក្នុងការផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌសេដ្ឋកិច្ចល្អ និងបរិយាកាសសិក្សាល្អ។ ហើយឪពុកម្តាយជាច្រើនមិនបានដឹងនោះទេថា តាមពិតពាក្យសម្តីដែលនិយាយជាមួយកូន វារឹតតែមានសារៈសំខាន់ ព្រោះវាអាចកែប្រែវាសនារបស់កូនៗបានទាំងស្រុង។
១.ពាក្យស្រលាញ់របស់ឪពុកម្ដាយជួយកូនៗឱ្យប្រសើរឡើង
ឪពុកម្តាយជាច្រើននិយាយទៅកាន់កូនៗរបស់ពួកគេដោយអាកប្បកិរិយាធម្មតា និងគ្មានអារម្មណ៍។ តើអ្នកដឹងទេថា ទាំងនេះជារឿងដែលធ្វើឱ្យកុមារមានអារម្មណ៍មិនសុខស្រួល មិនមានការស្រលាញ់ ហើយមិនសូវមានទំនុកចិត្ត? ផ្ទុយពីពេលដែលឪពុកម្តាយនិយាយពាក្យនៃក្តីស្រឡាញ់ និងការអត់ឱន នោះកូនរបស់ពួកគេនឹងកាន់តែបើកចំហ មានសុទិដ្ឋិនិយម និងមានមោទនភាពចំពោះវត្តមានរបស់ពួកគេនៅក្នុងពិភពលោក។ ប្រសិនបើឪពុកម្តាយនិយាយជេរប្រមាថ កូនៗនឹងភ័យខ្លាច ឬ មានប្រតិកម្មអវិជ្ជមាន។ ពាក្យប្រមាថ និងការរិះគន់របស់ឪពុកម្តាយធ្វើឱ្យកូនភ័យខ្លាចមិនហ៊ានចេញពីផ្ទះ។ សូម្បីតែពាក្យគំរោះគំរើយរបស់ឪពុកម្តាយក៏លងបន្លាចកូនរហូតធ្វើឱ្យពួកគេតែងតែគិតថាខ្លួនគ្មានប្រយោជន៍បានដែរ។
២.កុំគិតថាកូននៅក្មេងឆាប់ភ្លេចពាក្យសម្តីដែលបានស្តាប់
កុំគិតថាពាក្យដែលអ្នកនិយាយនឹងហើរតាមខ្យល់ កូនភ្លេចលឿន ដូច្នេះមិនបាច់ស្ទាក់ស្ទើរពេលនិយាយពាក្យមិនល្អនោះ។ ព្រោះពាក្យសម្តីអាចដូចជាកាំបិត និងដាវ ដែលឆ្លាក់យ៉ាងជ្រៅក្នុងគំនិតរបស់កុមារ។ ដូច្នេះឪពុកម្តាយកុំនិយាយប្រញាប់ នៅពេលខឹង! ត្រូវចាំថាពាក្យសម្ដីគឺអាចធ្វើអោយកុមារ បៀមការភ័យខ្លាចរយៈពេលវែង។ ដូច្នេះហើយ ឪពុកម្តាយត្រូវជៀសវាងនិយាយពាក្យគំរោះគំរើយ ហើយត្រូវចៀសវាងនិយាយលេងសើចដោយអចេតនាដែលអាចប៉ះពាល់ដល់អារម្មណ៍របស់កូន។
៣.ឪពុកម្តាយកាន់តែសរសើរ កូនរបស់ពួកគេនឹងកាន់តែជោគជ័យ
ការសរសើរគឺជាការលើកទឹកចិត្តយ៉ាងត្រឹមត្រូវ ដែលអាចធ្វើឱ្យកូនរបស់អ្នកមានគំនិតក្នុងការអភិវឌ្ឍ។ កុមារដែលត្រូវបានគេសរសើរនឹងមានថាមពលវិជ្ជមាន និងការខិតខំប្រឹងប្រែង។ ឪពុកម្តាយជាច្រើនប្រហែលជាគិតថាការនិយាយសរសើរ និងការលើកទឹកចិត្តគឺខ្លាចកូនៗរបស់ពួកគេនឹងមានអំនួត ដូច្នេះហើយពួកគេតែងតែបញ្ចេញមតិមិនសមរម្យ និងប្រមាថ ដើម្បីបង្ខំឱ្យពួកគេព្យាយាមកាន់តែខ្លាំង។ ប៉ុន្តែវិធីនោះធ្វើឱ្យក្មេងមានអារម្មណ៍ខ្មាស់អៀន និងមិនហ៊ានធ្វើអ្វីនោះទេដើម្បីកុំឱ្យគេរិះគន់។ ដូច្នេះហើយឪពុកម្ដាយត្រូវប្រុងប្រយ័ត្នខ្ពស់ពេលនិយាយពីសមត្ថភាពរបស់កូន។ សូមសរសើរកូនរបស់អ្នក ជាពិសេសចំពោះអ្វីដែលពួកគេអាចធ្វើបានជោគជ័យ។
៤.ឳពុកម្តាយត្រូវមានការអធ្យាស្រ័យដល់កូន
ពាក្យកក់ក្តៅពីឪពុកម្តាយនឹងផ្តល់កម្លាំងដល់កូន។ ប្រសិនបើឪពុកម្តាយមិនសូវថ្នាក់ថ្នម ឬ ផ្តល់ភាពកក់ក្តៅនោះទេ កូនៗនឹងភ័យខ្លាច និងព្យាយាមគេចចេញពីឪពុកម្តាយ។ បើឪពុកម្តាយចេះអធ្យាស្រ័យ និងស្រលាញ់ នោះកូនក៏ចិញ្ចឹមចិត្តសប្បុរស និងភាពស្មោះត្រង់ក្នុងចិត្ត។
៥.ឪពុកម្តាយមិនត្រូវស្តីបន្ទោសដាក់កូនខ្លាំងពេក
ពេលខ្លះកំហុសរបស់កុមារអាចឆ្លុះបញ្ចាំងពីរបៀបបង្រៀនខុសរបស់ឪពុកម្តាយ។ ដូច្នេះកុំមានការខឹងសម្បា និងបន្ទោស នៅពេលកូនធ្វើខុស ប៉ុន្តែត្រូវចេះអធ្យាស្រ័យ និងពន្យល់កូនអ្នកពីរបៀបកែប្រែវា។ ប្រសិនបើឪពុកម្តាយគម្រាម ស្រែកដាក់ពួកគេ នោះកូននឹងរកវិធីកុហក និងបដិសេធការទទួលខុសត្រូវ មិនហ៊ានទទួលស្គាល់កំហុស ហើយថែមទាំងដើរលើផ្លូវខុសទៀតផង៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក