ក្នុងជីវិតរបស់មនុស្សគ្រប់រូប ប្រាកដជាបានជួបនឹងភាពអស់សង្ឃឹមមិនតិចឡើយ តើមែនទេ? មានអ្នកខ្លះអស់សង្ឃឹមហើយ ក៏អាចក្រោកឈរឡើងវិញហើយបន្តដំណើរ និងក្តីស្រមៃរបស់ខ្លួនតទៅមុខទៀត។ ចំណែកអ្នកខ្លះវិញ បន្ទាប់ពីអស់សង្ឃឹមយ៉ាងខ្លាំងហើយនោះ ក៏បាក់ទឹកចិត្ត រាងចាលនឹងរឿងនោះតែម្តង តើនេះមកពីមូលហេតុអ្វីទៅ?
តាមពិត អាចមកពីយើងមានការរំពឹងទុកទៅលើរឿងអ្វីមួយខ្លាំងហួសប្រមាណ ដល់ពេលដែលរឿងរ៉ាវនោះមិនសមបំណង យើងក៏កើតចិត្តរាថយ ឬអស់សង្ឃឹមយ៉ាងខ្លាំង។ ដូច្នេះយើងមកមើលឧទាហរណ៍ជាក់ស្តែងខាងក្រោមនេះ ៖
មានអ្នកដំណើរប៉ុន្មាននាក់ដើរតាមឆ្នេរសមុទ្រ ពួកគេបានវារឡើងលើច្រាំងថ្មចោទមួយ ហើយសម្លឹងមើលទៅសមុទ្រដ៏ល្វឹងល្វើយ ស្រាប់តែបានមើលឃើញរបស់មួយនៅទីឆ្ងាយ ពេលនោះពួកគេស្មានតែជានាវា ក៏រង់ចាំមើលបន្តទៀត ហើយពួកគេសង្ឃឹមដូចគ្នាថានេះច្បាស់ជាវានាជាមិនខាន ក្នុងចិត្តរបស់ពួកគេចង់ឱ្យតែនាវានោះចូលចតលើច្រាំងឱ្យបានឆាប់ៗ។
ប៉ុន្តែពេលដែលខ្យល់បានបក់រសាត់របស់នោះកៀកចូលមកដល់ច្រាំង ពួកគេឃើញថាជាកូនទូកមួយប៉ុណ្ណោះ មិនមែនជាវានាអ្វីឡើយ។ ទីបំផុត របស់នោះពិតជាបានមកដល់ច្រាំងមែន អ្វីដែលពួកគេមើលឃើញបែរជាអង្កត់អូសមួយគំនរដ៏ធំទៅវិញ។
ឃើញដូច្នេះ ពួកគេអស់សង្ឃឹមយ៉ាងខ្លាំង អ្នករួមដំណើរម្នាក់ក្នុងនោះបាននិយាយថា “ការស្រមើលស្រមៃរបស់ពួកយើងរលាយអស់ហើយ ពីព្រោះក្រៅអង្កត់អូសមួយគំនរហើយនោះ អ្វីក៏ពួកយើងមើលមិនឃើញដែរ!”
រឿងខាងលើនេះបានបង្ហាញឱ្យយើងដឹងថា ជាធម្មតាយើងតែរំពឹងទៅលើលទ្ធផលដែលយើងបានបំពេញ សង្ឃឹមយ៉ាងមុតមាំថា វានឹងដូចជាអ្វីដែលយើងបានគិត តែបែរជាលទ្ធផលផ្ទុយទៅវិញ ហើយពេលដែលរឿងបែបនេះកើតឡើងដដែលៗចំពោះរូបយើង យើងនឹងចាប់ផ្តើមសុញគំនិត លែងហ៊ានស្រម៉ៃអ្វីទាំងអស់។
ដូច្នេះ មហាសេដ្ឋីជោគជ័យមួយចំនួនធំ ពួកគេតែងតែលើកឡើងប្រាប់ទៅមនុស្សគ្រប់រូបថា “មិនថាអ្នកធ្វើអ្វីក៏ដោយ សូមអ្នកគិតពីលទ្ធផលឱ្យអាក្រក់បំផុត ព្រោះពេលដែលអ្នកគិតថាជាលទ្ធផលអាក្រក់បំផុតហើយនោះ អ្នកនឹងត្រៀមចិត្តទុកជាស្រេច ហើយនឹងរកវិធីគ្រប់បែបយ៉ាងដើម្បីទៅដោះស្រាយ និងប្រឈមមុខនឹងលទ្ធផលមួយនោះ”៕