ជាក់ស្ដែងណាស់ ជិវិតប្រចាំថ្ងៃរបស់យើង គឺពិតជាមានរឿងជាច្រើនដែលត្រូវរៀនសូត្រមិនចេះចប់ ជាពិសេសគឺ មេរៀនជាច្រើន ដែលមិនមានបងករៀននៅក្នុងសាលានោះឡើយ ចេញប្រឡូកក្នុងសង្គម ជួបមនុស្សផ្សេងៗ យើងនឹងរៀនយល់ច្បាស់អំពីជីវិត។ យ៉ាងណាមិញ សម្រាប់មេរៀនទាំង ១០ យ៉ាងនេះ បើយយើងមិនបានរៀន មិនបានយល់ទេ ថ្ងៃមុខទៅ ច្បាស់ជាស្ដាយក្រោយមិនខាន។
១. ឈប់ប្រៀបធៀប
ការប្រៀបធៀប គឺជាធម្មជាតិទីពីររបស់មនុស្ស ក៏ជាទម្លាប់របស់មនុស្សជាច្រើន ដែលតែងតែកើតមាននូវគំនិតមួយនេះ។ យ៉ាងណាមិញ ប្រសិនបើយើងអាចបញ្ឈប់នូវគំនិតប្រៀបធៀបនេះបាន វាគឺជារឿងប្រពៃណាស់។ ងាកមកផ្តោតលើការលើកទឹកចិត្តខ្លួនឯង មិនមែនការច្រណែននឹងអ្នកដទៃនោះឡើយ។ ត្រូវដឹងថា ការប្រៀបធៀប មិនមែនជារឿងល្អទេ បើប្រៀបធៀបទៅ យើងអន់ជាងគេ យើងនឹងមើលងាយខ្លួនឯង តែបើប្រៀបធៀបទៅ ឃើញថាយើងល្អជាងគេ យើងអាចនឹងកើតមានគំនិតមើលងាយអ្នកដទៃទៅវិញ។ ដូច្នេះហើយ ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកណា ធ្វើខ្លួនឱ្យតែល្អបំផុតទៅគឺបានហើយ ផ្តោតលើខ្លួនឯង មានទំនុកចិត្តលើខ្លួនឯង។
២. ឈប់ខ្ជះខ្ជាយ
ឈប់ខ្ជះខ្ជាយពេលវេលារបស់យើង ទៅឈ្លោះប្រកែក ខឹង ប្រកាន់នឹងរឿងដែលមិនសមហេតុសមផល។ ឈប់ខ្ជះខ្ជាយថាមពល ទៅលើរឿងដែលមិនល្អ ហើយក៏ឈប់ខ្ជះខ្ជាយទឹកចិត្តទៅលើមនុស្សដែលមិនឱ្យតម្លៃយើង។ ជីវិតមនុស្សយើងខ្លីណាស់ កុំចេះតែប្រើពេលវេលាដែលមានតម្លៃទៅលើរឿងដែលមិនល្អវាខាតពេលខ្លាំងណាស់។
៣. គ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ
កាន់កាប់ភាពជាម្ចាស់នៃលំហូរសាច់ប្រាក់របស់អ្នកឱ្យបានល្អ។ ត្រូវមានផែនការច្បាស់លាស់ វិនិយោគឱ្យបានត្រឹមត្រូវ ខំរក ត្រូវចេះរិះ រស់នៅសាមញ្ញ តែថ្លៃថ្នូរ ឱ្យតម្លៃលើលុយដែលរកបាន ព្រោះទម្រាំបានមួយកាក់មួយសេន មិនមែនងាយស្រួលទេ មុនចាយត្រូវគិត ត្រូវចាយចាំចាយ បើមិនត្រូវចាយ តែមួយសេន ក៏មិនត្រូវរបូតដែរ។
៤. រៀនបច្ចេកវិទ្យាថ្មីៗ
បច្ចេកវិទ្យាអាចជាមិត្តល្អបំផុតរបស់អ្នក។ ត្រូវចេះទិញ ចេះសាកល្បង ហើយរៀនសូត្របន្ថែមឱ្យបានច្រើន ដើម្បីធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ ជួយរកចំណូលបន្ថែមមកឱ្យយើងទៀត។
៥. កំណត់អាទិភាពនូវអ្វីដែលសំខាន់ក្នុងជីវិត
ជីវិតត្រូវចេះខិតខំប្រឹងប្រែងធ្វើការ រកលុយ តែមិនត្រូវភ្លេចអ្វីដែលមានតម្លៃ និងសំខាន់សម្រាប់យើងនោះឡើយ
- ជំនឿចិត្ត!
- គ្រួសារ
- សម្បទា
- មិត្តភាព
- សុខភាពផ្លូវចិត្ត ... ទាំងប៉ុន្មាននេះ មានតម្លៃជាងអ្វីទាំងអស់។
៦. អ្នកមិនអាចធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងបានទេ
ទំនាក់ទំនងដ៏អស្ចារ្យនឹងនាំអ្នកទៅបានឆ្ងាយ ចូលរួមក្នុងក្រុមដែលមានគំនិតដូចគ្នា។
ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមនុស្សដែលគាំទ្រអ្នក នោះជីវិតអ្នកនឹងមានសន្ទុះទៅមុខលឿនជាងមុន ហើយក៏បន្តទៅមុខបានឆ្ងាយផងដែរ។
៧. ស្គាល់ខ្លួនឯង
ត្រូវសិក្សាឈ្វេងយល់ពីខ្លួនឯងឱ្យបានច្បាស់ ស្គាល់ខ្លួនឯងឱ្យបានច្រើន មិនថាទម្លាប់ គំនិត អារម្មណ៍ ភាពខ្លាំង ភាពទន់ខ្សោយ ស្គាល់ ដឹង និងទទួលស្គាល់ភាពជាខ្លួនឯង មិនថាជាគុណសម្បត្តិ ឬគុណវិបត្តិ វាគឺជារឿងដែលល្អបំផុត។
៨. រៀនលក់
ការលក់គឺជាជំនាញដ៏មានតម្លៃ។ លក់ផលិតផល លក់ជំនាញរបស់អ្នក អ្នកប្រហែលជាមិនគិតថាអ្នកត្រូវការវាទេ ប៉ុន្តែអ្នកផ្សេងច្បាស់ជាចង់បានវា អ្នកប្រហែលជាគិតថា អ្នកធ្វើមិនបានទេ តែអ្នកច្បាស់ជាអាចធ្វើបាន ជីវិតគឺជាទំនាក់ទំនង បើអ្នកចេះលក់ ច្បាស់ណាស់ថា អ្នកនឹងមានការងារធ្វើជានិច្ច។
៩. កម្មវិធី - ទ្រឹស្ដី
អានសៀវភៅឱ្យបានច្រើន រៀនសូត្រអ្វីដែលថ្មី ស្ដាប់ទ្រឹស្តីអ្នកជំនាញ និងអ្នកមានចំណេះពិតប្រាកដ ហើយអនុវត្តនូវអ្វីដែលអ្នកដឹង និងចេះ ការអនុវត្តន៍ជាក់ស្ដែង នឹងជួយឱ្យអ្នកទទួលបាននូវភាពស្ទាត់ជំនាញ និងមានបទពិសោធន៍កាន់តែច្រើន។
១០. កាត់បន្ថយ
កាត់បន្ថយនូវការគិតស្មុគស្មាញ និងរឿងអវិជ្ជមាន កាត់បន្ថយអារម្មណ៍ខឹង និងអន់ចិត្តជាមួយអ្នកដទៃផ្ដេសផ្ដាស កាត់បន្ថយភាពខ្ជិលច្រអូស កាត់បន្ថយនូវអារម្មណ៍មួម៉ៅ ឆេវឆាវ ដើម្បីកុំឱ្យអារម្មណ៍អស់ទាំងហ្នឹង មកបំផ្លាញអារម្មណ៍ ថាមពល និងពេលវេលាដ៏មានតម្លៃរបស់យើង៕
អត្ថបទ ៖ ក្នុងស្រុក KNONGSROK