ដោយសារតែការរស់នៅជាមួយគ្នាក្នុងសាមញ្ញភាពដដែលៗ អ្នកខ្លះមិនចាប់អារម្មណ៍ មិនយកចិត្តទុកដាក់ មើលរំលង ឬមើលស្រាលនូវសេចក្ដីស្រឡាញ់រវាងគ្នានិងគ្នា។
ការបង្ហាញសេចក្ដីស្រឡាញ់ដល់ដៃគូ ទោះគ្មានអ្វីធំដុំផ្ដល់ដៃគូក៏ពិតមែន ប៉ុន្ដែរឿងតិចតួចពោរពេញដោយអត្ថន័យ ដូចជាការផ្ដល់អំណោយក្ដីស្រឡាញ់ដល់គ្នា ការនាំកូនទៅញ៉ាំអាហារដែលគាត់ចូលចិត្ត គឺជាគ្រឿងគ្រៅនៃសេចក្ដីសុខ ជាអនុស្សាវរីយ៍ផ្អែមល្ហែមនៅក្នុងគ្រួសារ។
ការធ្វើបែបនេះ ដើម្បីបន្តការរស់នៅចុះសម្រុងសុខដុមជាមួយគ្នាតទៅថ្ងៃមុខ។ នេះជាការផ្ដល់វិចារប្បញ្ញារបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងក្នុងវាទិការ «បរាជ័យនៅពីក្រោយជោគជ័យ» កាលពីពេលថ្មីនេះ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា នៅស្រុកខ្មែរយើងភាគច្រើនភ្លេច គឺភ្លេចធ្ងន់តែម្ដង ភ្លេចដោយសារតែងប់នឹងការលេងទូរសព្ទ ហ្វេសប៊ុក និងហ្គេម ដែលអ្នកខ្លះជក់រហូតលែងសូវយកចិត្តទុកដាក់ខ្វាយខ្វល់ពីការផ្ដល់ភាពកក់ក្ដៅដល់កូន។
មូលហេតុដ៏តូចមួយនេះអាចឈានទៅរកការបែកបាក់ក្នុងគ្រួសារផងក៏មាន ចំណែកកូនក៏លែងខ្វល់ពីឪពុកម្ដាយ ឪពុកម្ដាយលែងដឹងពីបញ្ហារបស់កូន។
ជាទូទៅ ឪពុកម្ដាយម្នាក់ណា ក៏ដូចឪពុកម្ដាយម្នាក់ណា គឺតែងតែនិយាយថា «ខ្ញុំស្រឡាញ់កូន ខ្ញុំរកស៊ីដើម្បីកូន ខ្ញុំងាប់រស់ដើម្បីកូន» ប៉ុន្តែការពិតមិនមែនដូច្នេះឡើយ។
ឪពុកម្ដាយខ្លះនិយាយក្ដែងៗថា ខ្លួនស្រឡាញ់កូនស្មើនឹងកែវភ្នែក ស្រឡាញ់ដូចថ្លើមប្រមាត់ ដោយការខិតខំធ្វើការរកស៊ីដើម្បីបញ្ជូនកូនទៅរៀននៅសាលាល្អៗ ទោះតម្លៃខ្ពស់ក៏មិនខ្វល់។
ការនិយមបញ្ជូនកូនទៅរៀននៅសាលាថ្លៃនិងមានគុណភាពបែបនេះ ដោយសង្ឃឹមថា ទៅថ្ងៃក្រោយឬ១០ឆ្នាំក្រោយ កូនៗពួកគាត់នឹងបានផ្លែផ្កា មានចំណេះដឹង ចំណេះធ្វើ និងបទពិសោធពិតប្រាកដដែលអាចចូលប្រលូកក្នុងសង្គមជាក់ស្ដែងបានល្អប្រសើរជាងសាលាមួយចំនួនដែលគ្មានគុណភាព។
ប៉ុន្តែសកម្មភាពជាក់ស្ដែងក្រោយពេលកូនរៀនចប់ថ្នាក់វិទ្យាល័យចូលមហាវិទ្យាល័យ ឪពុកម្ដាយភាគច្រើនលែងយកចិត្តទុកដាក់ មិនយកពីអារម្មណ៍កូន មិនខ្វល់ខ្វាយពីការរៀនសូត្ររបស់កូនសោះតែម្ដងក៏មាន។
ការធ្វើបែបនេះ ដូចចិញ្ចឹមកូនឱ្យធំ ហើយប្រលែងក្នុងព្រៃឱ្យខ្លាស៊ី។ អ្នកខ្លះទៀតរវល់នឹងការរកស៊ីខ្លាំងពេក រហូតភ្លេច មិនរវីរវល់ដល់ការស្រឡាញ់កូន ផ្ដល់ភាពកក់ក្ដៅដល់កូន។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ដាំទៅឪពុកម្ដាយថា នៅពេលក្មេងឡើងពីថ្នាក់ទៅ៦ ចូលថ្នាក់ទី៧ ជាវ័យដែលឪពុកម្ដាយអត់ធ្មត់ យកចិត្តទុកដាក់ ខ្វាយខ្វល់ បង្កើនភាពស្និទ្ធស្នាល និងតាមដានកូនជាប់ជានិច្ច ព្រោះជាបម្រែបម្រួលវ័យរបស់ក្មេងឈានទៅរកពេញវ័យ ហើយអ័រម៉ូនចាប់ផ្ដើមប្រែប្រួលទាំងប្រុសទាំងស្រី។
ជាងនេះទៅទៀត វាជាពេលវេលាដែលក្មេងស្រីចាប់ផ្ដើមមានធ្លាក់ថ្ងៃខែ (ឈាមរដូវ) សំឡេងប្រែប្រួល មានដុះរោមក្លៀក មានពុកមាត់ជាដើម។ ក៏ព្រោះតែយ៉ាងដូច្នេះហើយទើបបានជាពួកគេមានអារម្មណ៍អៀនខ្មាស ឆាប់ខឹង មួម៉ៅ កូនធ្លាប់តែស្និទ្ធស្នាលជាមួយនឹងឪពុកម្ដាយលែងហ៊ានឱបថើប មិនសូវនិយាយស្ដីរកឪពុកម្ដាយ ហើយនៅពេលមានរឿងតែងតែលាក់បាំងនឹងឪពុកម្ដាយដោយមិនចង់ឱ្យឪពុកម្ដាយដឹង។
ពេលខ្លះគ្រាន់តែឪពុកម្ដាយហៅឈ្មោះសោះ ក៏ខឹងសម្លក់សម្លឹងទៅឪពុកម្ដាយវិញដែរ។ បម្រែបម្រួលវ័យក្នុងដំណាក់កាលនេះ ប្រសិនបើឪពុកម្ដាយមិនដឹង ហើយវាយកូនថែមទៀតនោះ គឺកាន់តែមានបញ្ហាខ្លាំងចំពោះក្មេង ហើយគ្រួសារកាន់តែសៅហ្មង។
លោកបន្តថា រឿងនេះ បើប៉ះចំគ្រួសារដែលគ្មានការអប់រំផង កូនខ្លះរត់ចោលស្រុក ខ្លះសម្រេចចិត្តធ្វើអឃាតខ្លួនឯងក៏មាន។ ទាំងអស់នេះហើយ ដែលឪពុកម្ដាយភាគច្រើនទឹកភ្នែកជូតក្បាលជង្គង់ដោយសារតែកូន ហើយក៏ជាមូលហេតុមួយដែលនាំឪពុកម្ដាយឈានទៅរកការបែកបាក់ក្នុងគ្រួសារផងដែរ។
ដូច្នេះក្នុងនាមជាឪពុកម្ដាយត្រូវមានភាពស្និទ្ធស្នាលជាមួយកូនឱ្យមានច្រើន។ ឪពុកម្ដាយមិនត្រឹមតែរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង់ថ្លៃសាលាដែលមានគុណភាពសម្រាប់កូនប៉ុណ្ណោះទេ តែក៏ត្រូវដឹងឮ និងផ្ដល់ភាពកក់ក្ដៅគ្រប់បែបយ៉ាងសម្រាប់កូនផងដែរ។
កុំប្រឹងធ្វើការរកស៊ីរហូតដល់ភ្លេចមើលការខុសត្រូវលើការសិក្សារបស់កូនៗ។ មួយវិញទៀត ឪពុកម្ដាយគួរចំណាយពេលវេលាខ្លះសម្រាប់កូន ដូចជាបង្កើតដំណើរកម្សាន្តជាមួយកូន បង្កើតភាពស្និទ្ធស្នាល ពិភាក្សា និងប្រឹក្សាជាមួយកូនឱ្យបានញឹកញាប់ ដើម្បីឱ្យកូនមានភាពកក់ក្ដៅនៅក្នុងជីវិត៕ ប្រភព៖ www.interconrooster.com