ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនជាស្រេចដើម្បីទទួលសំណើពីក្លិបនានាដែលដាក់មកចង់បាន David de Gea ។
កាសែត The Mirror និយាយថា United បានត្រៀមខ្លួនជាស្រេចដើម្បីចែកផ្លូវជាមួយកីឡាករវ័យ ៣០ ឆ្នាំរូបនេះហើយក្លិបគ្រោងបញ្ចប់ការចំណាយប្រាក់ឈ្នួល៣៥០០០០ផោនក្នុងមួយអាទិត្យដេលអ្នកចាំទីអេស្ប៉ាញរូបនេះទទួលបាន។ ទោះយ៉ាងណា! កុងត្រាចាស់របស់ De Gea នៅសល់២ឆ្នាំទៀតហើយ គាត់ទំនងជាបន្តរួមរស់ជាមួយបិសាចក្រហមយូរឆ្នាំទៅទៀតដោយការកាត់ប្រាក់ឈ្នួលប្រចាំសប្ដាហ៍មួយចំនួន។
ខណៈដែល Dean Henderson បានត្រឡប់មកពីលេងខ្ចីជើងនៅ Sheffield United កាលពីរដូវកាលមុន និងបន្តកុងត្រារយៈពេល ៦ ឆ្នាំជាមួយនិងការទទួលប្រាក់ឈ្នួល ១២០,០០០ ផោនក្នុងមួយអាទិត្យ កាលពីខែសីហាឆ្នាំមុន អ្នកចាត់ការ Ole Gunnar Solskjaer បានត្រៀមខ្លួនប្រគល់អាវលេខ ១ ដល់គាត់នៅរដូវកាលក្រោយ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានជំទាស់នឹងអវត្តមានរបស់ De Gea បន្ទាប់ពីកីឡាករអេស្បាញបានវិលត្រឡប់ទៅផ្ទះមើលកូនដំបូងរបស់ខ្លួនកាលពីខែមុន។ Henderson បានរក្សាមិនឲ្យគេស៊ុតបញ្ជូលទី៣ប្រកួតក្នុង Premier League ទោះបីជាគាត់បានធ្វើកំហុសដែលនាំឱ្យ AC Milan តាមស្មើនៅ San Siro ក្នុង Europa League ក៏ដោយ។
ទន្ទឹមនឹង De Gea កីឡាករអាហ្សង់ទីន Sergio Romero នឹងត្រូវឲ្យត្រឡប់ទៅលេងនៅក្លិបក្នុងប្រទេសស្រុកកំណើតនៅអាហ្សង់ទីន ខណៈដែល Lee Grant និងចូលនិវត្តន៍ហើយ Joel Pereira ដែលលេងខ្ចីជើងនៅHuddersfield នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួនពេលចប់រដូវកាលនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក