Nongbua Pitchaya ក្លាយជាក្លិបឈ្នះជើងឯកលីគទី២ថៃឬ Thai League 2 ហើយពួកគេនឹងឡើងមកប្រកួតប្រជែងក្នុងលីគកំពូលថៃ Thai League 1 នៅរដូវកាល២០២១/២០២២។
នោះមានន័យថាខ្សែការពារចូលសញ្ជាតិម៉ាឡេស៊ី Nick Swirad ដែលជាសមាជិកម្នាក់របស់ក្លិប Nongbua Pitchaya នឹងក្លាយជាកីឡាករម៉ាឡេស៊ីទី២ដែលទទួលបានជើងឯកបាល់ទាត់ក្នុងក្របខ័ណ្ឌលីគបាល់ទាត់ថៃ បន្ទាប់ពី Norshahrul Idlan Talaha ដែលឈ្នះជើងឯកលីគកំពូលថៃរដូវកាលនេះ ត្បិតតែរូបគេបានចាកចេញពីក្លិបមុនចប់រដូវកាលទៅលេងនៅ Sarawak United ក្នុងលីគកំពូលម៉ាឡេស៊ីវិញក៏ដោយ។
Nongbua Pitchaya គឺជាក្លិបមួយរបស់ថៃមានមូលដ្ឋាននៅ ខេត្ត Nong Bua Lamphu បង្កើតឡើងក្នុងឆ្នាំ២០១០ហើយមានកីឡដ្ឋានផ្ទាល់ខ្លួនប្រចាំខេត្តគឺ Nong Bua Lamphu Province Stadium ។ដំបូងឡើយក្លិបមួយនេះ ប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Thai Division 2 League (ពានលីគថ្នាក់តំបន់ខាងជើងភាគខាងកើត)ស្ថិតក្នុងលីគទី៣ថៃរបស់ថៃ។
ឆ្នាំ២០១៧ក្លិបមួយនេះឡើងមកលីគទី២ថៃបន្ទាប់ពីឈ្នះពាន 2016 Regional League Division 2 ។ចំណែក Nick Swirad គឺជាកីឡាករសញ្ជាតិម៉ាឡេស៊ីដើមកំណើតអង់គ្លេសវ័យ២៩ឆ្នាំ ធ្លាប់មានបទពិសោធន៍លេងក្នុងលីគលំដាប់ក្រោមនៅអង់គ្លេស មុនបេលផ្សងព្រេងនៅប្រទេសម៉ាឡេស៊ីហើយលេងក្នុងក្លិបមួយចំនួនដូចជា៖ JDT, Melaka United, PKNS, Selangor, ហើយចុងក្រោយលេងនៅក្លិប Nongbua Pitchaya នេះឯង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក