អ្នកចាំទីគិរីវង់សុខសែនជ័យ ហេង បូរ៉ា បានបង្ហាញអារម្មណ៍រីករាយដែលត្រូវបានក្លិបដាក់ឲ្យចូលលេងក្នុងការប្រកួតផ្លូវការលើកដំបូងពេលប៉ះភ្នំពេញក្រោន។ យ៉ាងណា គេក៏អាក់អន់ស្រពន់ចិត្តខ្លួនឯងដែរដែលមិនអាចជួយក្រុមទទួលបានលទ្ធផលល្អ។
នេះជាការបង្ហាញខ្លួនក្នុងការប្រកួត Metfone Cambodian League លើកដំបូងសម្រាប់កីឡាករវ័យក្មេងផ្លាស់ពីក្រុមយុវជនសសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ កាលនៅទ្រនំចាស់ គេបានចូលលេងតែក្នុងការប្រកួត League 2 ប៉ុណ្ណោះ។
បន្ទាប់ពីចូលចាប់បាល់ក្នុងការប្រកួតផ្លូវការកាលថ្ងៃសៅរ៍ ទី២៧ ខែមីនា កីឡាករមានកំណើតនៅខេត្តតាកែវទទូចថា មិនអារម្មណ៍ភ័យព្រួយអ្វីឡើយ ព្រោះបានហ្វឹកហាត់ត្រៀមយ៉ាងល្អ។ ប៉ុន្តែ គេទទួលស្គាល់នៅមានកង្វះខាតយ៉ាងច្រើន ពោលទើបបានត្រឹម៥០ភាគរយប៉ុណ្ណោះនៃការចង់បាន។ គេថា នៅមិនទាន់អាចប្រើជើងបានល្អនៅឡើយ ដូច្នេះត្រូវព្យាយាមពង្រឹងបន្ថែម។
ទោះចាញ់១ទល់នឹង២មែន គេសង្កេតឃើញថា ហេង បូរ៉ា បានជួយការពារសំណាញ់ទីគិរីវង់យ៉ាងច្រើនពីការប៉ុនប៉ងរបស់កីឡាករភ្នំពេញក្រោន ដូចជាការទាត់ពីខ្សែបម្រើ ប្រាក់ ធីវ៉ា និងខ្សែប្រយុទ្ធ Matheus Souza E. Silva ជាដើម។
ហេង បូរ៉ា បានឈានជើងចូលហ្វឹកហាត់បាល់ទាត់លក្ខណៈអាជីពលើកដំបូងកាលឆ្នាំ២០១៦នៅក្រុម U19 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ មុនផ្ទេរទៅគិរីវង់សុខសែនជ័យរដូវកាល២០២១នេះ។ គេក៏ធ្លាប់ចូលលេងនៅតាមក្រុមមិនមែនអាជីពមួយចំនួនដើម្បីសម្រួចបទពិសោធផ្ទាល់ខ្លួនផងដែរ៕
អត្ថបទ៖ CNCC
ប្រភពរូបៈ គិរីវង់សុខសែនជ័យ Kirivong Sok Sen Chey F.C.
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក