ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​៖​ រឿងខ្លី ចិញ្ចៀនមួយវង់!!!

#រឿងខ្លី ចិញ្ចៀនមួយវង់

ក្នុងរាត្រីដ៏ស្ងប់ស្ងាត់ ក្រោមពន្លឺព្រះចន្ទមួយចំណិតដែលខ្យល់បក់មក​ត្រសៀកៗ ឯរលកប្រដេញគ្នាមិនឈប់ដោយអំណាចខ្យល់ បន្ទាប់ពី​ប្រឡងបាក់ឌុបរួច ក្មេងប្រុស២នាក់ជាបងប្អូនកំពុងស្ថិតនៅលើកូន​ទូកតូចមួយក្នុងលំហដ៏ធំល្វឹងល្វើយនៃផ្ទៃទន្លេ។ នៅលើកូនទូក​នេះ​មានត្របៀតផ្លែសន្ទូច៥ មានកន្ទេលមុងខ្នើយ និងមានម៉ាស៊ីន​កាវ៉ាកាស៊ីគី​កម្លាំង៦សេសមួយគ្រឿង។

ក្មេងប្រុសពីរនាក់នេះ ម្នាក់ឈ្មោះ រ៉ាឌី ជាកូនច្បង ចំណែកឈ្មោះ ផល្លា ជាកូនទី២។ ពួកគេទំាងពីររស់នៅក្នុងត្រកូលកសិករក្រីក្រមានបងប្អូន៦នាក់។ គ្រួសារពួកគេធ្វើកសិកម្មផង ប្រកបរបរនេសាទត្រីផង នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្ដកំពង់ឆ្នាំង។ ទោះបីខិតខំយ៉ាងណាក៏ជីវភាពក្នុងគ្រួសារពួកគេមានការខ្វះខាតដដែល។

ជារៀងរាល់យប់ពួកគេតែងមកទីនេះ ដើម្បីនេសាទ ហើយយប់នេះក្រោយពីបិទនុយសន្ទូចរួច រ៉ាឌី ហាក់រសាប់រសល់ដេកមិនលក់។ រ៉ាឌី នឹកទៅដល់រឿងរ៉ាវជាច្រើនក្នុងជីវិត។ បន្តិចក្រោយមកកំពុងតែស្លុងអារម្មណ៍ ស្រាប់តែដៃរ៉ាឌីដែលកំពុងដាក់លើគែមទូករអិលធ្លាក់ទៅក្នុងទឹក។ រ៉ាឌីភ្ញាក់ខ្លួនក្រញាង ពេលដៃរបស់គេប៉ះត្រូវទឹក ព្រោះរ៉ាឌីគិតថាទូករបស់គេជិតលិចហើយ។ រ៉ាឌីស្ទុះយ៉ាងរហ័សពីកម្រាលទូក រួចដាស់ប្អូនប្រុសរបស់គេឱ្យក្រោកឡើង។ ផល្លា ប្អូនប្រុសរបស់រ៉ាឌីក៏ស្ទុះឡើងភ្លែតតាមរ៉ាឌីដែរ។ ទំាងពីរនាក់ប្អូនបាននាំគ្នាប្រញាប់ប្រញាល់បាចទឹកចេញពីទូក លុះបាចរួចហើយ រ៉ាឌីក៏បបួលផល្លាសាសន្ទូច ដើម្បីត្រឡប់ទៅផ្ទះវិញ ទោះបីម៉ោងទើបតែបីរំលងអធ្រាត្រក៏ដោយចុះ ព្រោះរ៉ាឌី អារម្មណ៍មិនល្អ ដេកមិនលក់ និងទឹកចូលទូកច្រើន។ ប៉ុន្តែ ពេលពួកគេចាប់ផ្តើមសាសន្ទូច រ៉ាឌី បែរជាលាន់មាត់ប្រាប់ប្អូនប្រុសថា ចុម! យប់នេះម៉ោងទើបតែបី តែត្រីស៊ីសន្ទូចច្រើនណាស់ ច្រើនជាងរាល់សព្វដងទៅទៀត។ រ៉ាឌីប្រាប់ឱ្យផល្លាប្រញាប់ដោះត្រី ដើម្បីយកទៅលក់នៅផ្សារបានមុនគេ។ រ៉ាឌី ហាក់ស្តាយចំពោះការប្រញាប់សាសន្ទូចនេះ ព្រោះត្រីកំពុងតែស៊ី តែបន្ទាប់ពីសាសន្ទូចហើយពួកគេក៏បញ្ឆេះម៉ាស៊ីន បើកសំដៅមករកផ្សារ។ ព្រឹកនេះ មិនដល់ម៉ោង៨ផង ពួកគេក៏លក់ត្រីអស់ ទោះត្រីច្រើនជាងមុន។ ពួកគេត្រឡប់ទៅផ្ទះដោយរីករាយ។

ឆ្នាំនេះ រ៉ាឌី មានអាយុ១៨ឆ្នាំ និងជាសិស្សរៀនថ្នាក់ទី១២ម្នាក់ នៅវិទ្យាល័យក្នុងឃុំ។ រ៉ាឌីក៏ជាសិស្សរៀនពូកែ កម្រិតមធ្យមនៅក្នុងថ្នាក់ ទោះបី រ៉ាឌី គ្មានប្រាក់រៀនត្រៀម ឬគ្មានពេលរៀនត្រៀមក៏ដោយក្តី។

កាលពីមុនថ្ងៃប្រឡងថ្នាក់ទី១២មកដល់មួយថ្ងៃ រ៉ាឌី ដែលមានប្រាក់ត្រឹមតែ៥ម៉ឺនរៀល សម្រាប់ធ្វើដំណើរទៅប្រឡងរយៈពេល២ថ្ងៃកន្លះនិងត្រឡប់មកវិញ បានលុតជង្គង់សំពះលាម្តាយ និងឪពុក ជិះកង់ចាស់ទៅទំាងអារម្មណ៍មិននឹងនរក្នុងខ្លួន។ រ៉ាឌី មិនបានចាយវាយលុយនោះលើអ្វីទេ ព្រោះការស្នាក់នៅ អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច គឺរ៉ាឌី បានទៅទូលសុំព្រះសង្ឃដែលនៅវត្តក្បែរមណ្ឌលប្រឡង។ ដើម្បីបានបាយថ្ងៃត្រង់ រ៉ាឌីក៏ត្រូវស្រូតចេញដំណើរពីប្រឡងយ៉ាងប្រញាប់

ប្រញាល់ដែរ ព្រោះបើមិនដូច្នេះទេ បាយថ្ងៃត្រង់នឹងត្រូវគេទទួលទានចោលអស់។ រ៉ាឌី តែងធ្វើរបៀបនេះ រហូតប្រឡងចប់។

បន្ទាប់ពីបានប្រឡងចប់ រ៉ាឌី ក៏ត្រឡប់ទៅផ្ទះវិញ ហើយបន្តការធ្វើនេសាទនៅកណ្តាលទន្លេដដែល។ ពេលមកដល់ផ្ទះវិញ រ៉ាឌី លុតជង្គង់ និងលើកដៃសំពះលោកឪពុកអ្នកម្តាយរបស់គេ ជាការគួរសម ដើម្បីសុំពរជ័យក្នុងការប្រឡងនេះ ប៉ុន្តែ រ៉ាឌី ជឿជាក់លើសមត្ថភាពរបស់គេច្រើនជាងការជឿលើព្រេងសំណាង។ មិនយូរប៉ុន្មានថ្ងៃប្រកាសលទ្ធផលក៏បានមកដល់ ហើយដោយសារកត្តាជីវភាពគ្រួសារ ចំពោះរ៉ាឌី ការទៅនេសាទគឺសំខាន់ជាងលទ្ធផលប្រឡងទៀត។ រ៉ាឌី មិនបានអើពើ ចំពោះមិត្តភក្តិដែលមកបង្កូកប្រកាសបបួលទៅមើលឈ្មោះប្រឡងនោះទេ។ប៉ុន្តែ ពេលត្រឡប់មកពីនេសាទវិញ រ៉ាឌី ហាក់រំភើបក្នុងចិត្តតិចតួចដែរបន្ទាប់ពីម្តាយឪពុកគេប្រាប់ថា គេប្រឡងជាប់ហើយ។ រ៉ាឌី គ្រាន់តែញញឹម លើកទឹកចិត្តម្តាយឪពុក តែគេមិនត្រេកត្រអាលពេកឡើយ ព្រោះគេគិតថា ក្រោយប្រឡងជាប់សញ្ញាបត្រនេះហើយ តើត្រូវទៅរៀនអ្វីបន្តទៀត នៅសាកលវិទ្យាល័យ បើជីវភាពក្រីក្រខ្សត់បែបនេះនោះ? ប៉ុន្តែអ្វីដែលធ្វើឱ្យរ៉ាឌីរំភើបខ្លាំងនោះ គឺដំណឹងដែលគេឮថា រូបគេជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅភ្នំពេញហើយ។

ពេលទទួលដំណឹងនេះ រ៉ាឌី ឈរទ្រឹងមួយកន្លែង ហើយទឹកភ្នែកគេក៏ហូរ។ រ៉ាឌី លុតជង្គង់ចំពោះលោកពុកអ្នកម្តាយគេម្តងទៀត រួចនិយាយថ្លែងអំណរគុណអ្នកមានគុណទំាងពីរដោយក្តីរំភើប និងបង្កប់ការគិតពិចារណា។

ម្ដាយរ៉ាឌី ចាប់រ៉ាឌីឱ្យក្រោកឡើង រួចសួររ៉ាឌីថា ម៉េចក៏កូនធ្វើមុខអ៊ីចឹង? រ៉ាឌីឆ្លើយទំាងអួលដើមកថា កូនគិតថា តើកូនអាចទៅរៀនបន្តដោយរបៀបណា? ព្រោះគ្រួសារយើងខ្វះខាតខ្លាំងណាស់ កូនចង់នៅជួយការងារពុកម៉ែវិញ។

ស្តាប់កូននិយាយដូច្នេះ ម្តាយរ៉ាឌី តបទៅកូនវិញដោយញញឹមថា មិនថ្វីទេកូន ព្រោះពេលនេះម៉ែសន្សំបានលុយខ្លះ ដែលកូននេសាទបាន ទិញចិញ្ចៀនមាសមួយវង់ ទម្ងន់ពីរជី។ កូនអាចយកវាទៅប្រើការបាន។ រ៉ាឌី សម្លឹងមើលទៅឪពុក ដែលឈរនៅក្បែរនេះដែរ។ ឪពុករ៉ាឌីញញឹមលើកទឹកចិត្ត។ ឯរ៉ាឌី បន្ទាប់ពីឃើញទឹកចិត្តម្តាយឪពុកបែបនេះគេក៏រលីងរលោងទឹកភ្នែក រួចសម្រេចចិត្តទៅបន្តការសិក្សានៅភ្នំពេញទៀត។ រ៉ាឌី បានត្រៀមលក្ខណៈខ្លះៗ ដើម្បីមកភ្នំពេញ ក្នុងនោះមានបង្វេចខោអាវ កង់ចាស់ និងសៀវភៅសរសេរមួយចំនួនតូច។ ធ្មេចបើកៗ ថ្ងៃត្រូវឡើងមកភ្នំពេញបានមកដល់។

ព្រឹកព្រលឹមជាមួយនឹងសម្ពាយរបស់ខ្លួន រ៉ាឌី ដើរទៅរកកំពង់ចម្លងដើម្បីឆ្លងទៅកាន់ទីរួមខេត្តកំពង់ឆ្នាំង និងបន្តឡើងរថយន្តទៅភ្នំពេញ។

ម៉ោង១២ថ្ងៃត្រង់ រថយន្តឈ្នួលបាននាំរ៉ាឌីមកដល់ភ្នំពេញ។ ដោយមិនទាន់បានទទួលទានបាយថ្ងៃត្រង់ រ៉ាឌី ដើរដោយអាការៈហត់ហេវ សំដៅទៅរកទីវត្ត ដើម្បីសុំកន្លែងស្នាក់អាស្រ័យ និងទទួលបានអាហារថ្ងៃត្រង់។ ជាដំបូងរ៉ាឌី បានសំដៅទៅរកវត្តឧណ្ណាលោម ប៉ុន្តែពុំមានកុដិឬកន្លែងសំណាក់ណាអាចឱ្យរ៉ាឌីស្នាក់នៅបានឡើយ។ ទៅវត្តបទុមវតីក៏គ្មាន លុះទៅដល់វត្តលង្កា ដោយសាររ៉ាឌីពុំមានលិខិតបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរ ភូមិ ឃុំ រ៉ាឌី ក៏មិនត្រូវបានគេអនុញ្ញាតឱ្យស្នាក់នៅក្នុងទីវត្តលង្កាដែរ។

ដោយក្តីអស់សង្ឃឹម រ៉ាឌី បានចាកចេញពីទីវត្ត ទៅទិសខាងតំបន់បឹងកក់ ហើយទោះបីមិនទាន់មានបាយក្នុងពោះ រ៉ាឌីនៅតែបន្តដើររកកន្លែងស្នាក់នៅទៀត។ តែម្តងនេះ រ៉ាឌី ដើររកផ្ទះជួលដែលមានតម្លៃថោក ឬធូរថ្លៃ ដើម្បីស្នាក់នៅ។ ថ្ងៃជ្រេបន្តិចទៅហើយរ៉ាឌី បានជួបនឹងនិស្សិតម្នាក់ ដែលមានអាយុស្របាលគ្នា មកពីខេត្តកំពង់ស្ពឺ។ រ៉ាឌី បានសួរទៅនិស្សិតរូបនេះថា តើម្តុំនេះមានបន្ទប់ជួលក្នុងតម្លៃថោកសមរម្យដែរទេ? ខ្លួនត្រូវការជួលមួយបន្ទប់ដើម្បីរៀន ព្រោះរ៉ាឌីរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សំណួរនេះ ត្រូវបាននិស្សិតរូបនោះតបមកវិញថា បាទ! ម្តុំនេះ ឬទីនេះមានបន្ទប់ជួលតម្លៃថោក គ្រាន់តែរៀងតូចចង្អៀតបន្តិច តែយើងជានិស្សិតមករៀនអ៊ីចឹង អាចទ្រាំស្នាក់នៅបាន ហើយបើមិនទើសទ័លទេ យើងអាចស្នាក់នៅបន្ទប់ជាមួយគ្នាបាន គ្រាន់នឹងបានជួយចេញថ្លៃបន្ទប់គ្នាខ្លះ។

គ្រាន់តែឮពាក្យថា អាចស្នាក់នៅបន្ទប់ជាមួយគ្នាបាន រ៉ាឌី ត្រេកអរយ៉ាងខ្លាំង ព្រោះយល់ថា ខ្លួនមិនលំបាកដើររកផ្ទះជួលទៀតទេ។ អ្នកទំាងពីរបានស្រុះស្រួលគ្នាក្នុងការស្នាក់នៅក្នុងបន្ទប់រួម ទោះតូចចង្អៀតក៏ពួកគេអត់ធ្មត់ស្នាក់នៅរួមគ្នាដែរ។

ក្រោយពីចុះឈ្មោះចូលរៀនបានពីរសប្តាហ៍ រ៉ាឌី បានឆ្លៀតពេលទៅស្វែងរកការងារក្រៅម៉ោងធ្វើ ហើយជាលទ្ធផល រ៉ាឌី បានរកការងារធ្វើបានក្នុងក្លិបរាត្រីមួយ ដែលមានតួនាទីជាអ្នករត់តុ ដោយទទួលបានប្រាក់ខែ៥០ដុល្លារក្នុងមួយខែសម្រាប់ខែដំបូង។ ខណៈនេះ ទោះបីប្រាក់កម្រៃមិនច្រើនក្តី តែវាក៏អាចជួយសម្រួល សម្រាលបន្ទុក រ៉ាឌី និងមិត្តរួមបន្ទប់បាន។ រ៉ាឌី នៅតែបំពេញការងារជាអ្នករត់តុ រហូតបញ្ចប់ដល់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ។

បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រ រ៉ាឌី មិនបានត្រឡប់ទៅស្រុកវិញភ្លាមទេគឺនៅបន្តរៀបចំប្រវត្តិរូបដើរដាក់តាមក្រុមហ៊ុន ដើម្បីស្វែងរកការងារធ្វើឱ្យស្របតាមជំនាញដែលខ្លួនរៀន។ ក្រុមហ៊ុន ឬគ្រឹះស្ថានសិក្សាជាច្រើន ត្រូវរ៉ាឌី ដាក់ពង្រាយប្រវត្តិរូបរបស់ខ្លួន។ ប៉ុន្តែ រ៉ាឌី មិនត្រូវបានគេហៅទៅសម្ភាសទេ ធ្វើឱ្យរ៉ាឌីអស់សង្ឃឹម រហូតពេលមួយ ពេលរ៉ាឌីកំពុងអស់សង្ឃឹមខ្លាំង អង្គុយសំកុកម្នាក់ឯង ស្រាប់ក្រុមហ៊ុនមួយឈ្មោះថា ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយនៅកម្ពុជា បានទូរសព្ទមក ដោយប្រាប់រ៉ាឌីថា រ៉ាឌី អាចចូលសម្ភាសបាននៅថ្ងៃស្អែក វេលាម៉ោង៩ព្រឹក។

ដំណឹងនេះ ធ្វើឱ្យរ៉ាឌីរំភើបក្រៃលែង ព្រោះគេមិនស្មានថា រូបគេត្រូវបានក្រុមហ៊ុនដ៏ល្បីល្បាញណាត់ជួបសម្ភាសដូច្នេះសោះ។ ដោយរំភើបពេក រ៉ាឌី បាននិយាយពាក្យថា អរគុណៗ ទៅកាន់ស្រ្តីអ្នកទូរសព្ទមកជាច្រើនដង។

បន្ទាប់ពីបានដាក់ទូរសព្ទចុះ រ៉ាឌី ត្រេកអររហូតភ្លេចបាយភ្លេចទឹក។ពេលយប់គេងមិនលក់រសាប់រសល់ ព្រោះមានអារម្មណ៍ថា ភ័យផង អរផង ពេលជិតចូលដល់ពេលសម្ភាសន៍។

ស្អែកឡើងម៉ោង៨ព្រឹក រ៉ាឌីបានមកដល់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីសម្ភាសន៍។សន្តិសុខយាមច្រកចូលអគារបាននាំរ៉ាឌីទៅកាន់បន្ទប់រង់ចាំ បន្ទាប់មកជំនួយការម្នាក់បានមកនាំរ៉ាឌីទៅកាន់ជាន់ទី១៣ នៃអគារដ៏ខ្ពស់សន្លឹម ហៅថា អគារ គួច លៀងហួរ ក្នុងសាលប្រជុំ សូវ សុកហួង។

ពេលចូលដល់ក្នុងបន្ទប់ រ៉ាឌី ហាក់ញ័រជើងញ័រខ្លួន ភ័យផង បារម្ភផង ព្រោះសមាជិកអ្នកសម្ភាសមានចំនួនច្រើន ជាពិសេសត្រូវជួបសម្ភាសជាមួយលោកឧកញ៉ា គួច ម៉េងលី ទៀត។ ប៉ុន្តែពេលសម្ភាសបែរជាអ្នកសម្ភាសសួរសំណួរងាយៗ ហាក់ចង់ឱ្យរ៉ាឌីមកធ្វើការនៅទីនេះ។ លុះសម្ភាសចប់ ជំនួយការម្នាក់បានខ្សឹបប្រាប់រ៉ាឌីថា ការសម្ភាសនៅទីនេះ មិនប្រើសំណួរពិបាក នាំឱ្យអ្នកមកសម្ភាសភ័យ ឬព្រួយបារម្ភទេ ព្រោះត្រូវការឱ្យមនុស្សមកធ្វើការដោយកក់ក្តៅ។ រ៉ាឌីត្រូវបានខាងផ្នែក

ធនធានមនុស្សទូរសព្ទប្រាប់ថា ជាប់ក្នុងការសម្ភាសលើកចុងក្រោយនេះ ដែលតួនាទីរ៉ាឌី ជាអ្នកស្រាវជ្រាវប្រមូលទិន្នន័យក្រុមហ៊ុនរៀបចំជាឯកសារសម្រាប់ក្រុមទំាងមូល ដោយរ៉ាឌី ទទួលបានប្រាក់ខែខ្ពស់ជាងមុន៦ដង។ រ៉ាឌីមហាសែនសប្បាយចិត្ត ព្រោះគិតថា ខ្លួនអាចចិញ្ចឹមខ្លួនរស់ហើយ ហើយអាចសន្សំប្រាក់ខ្លះផ្ញើទៅម្តាយផងដែរ។ រ៉ាឌីក៏ពេញចិត្ត និងស្រឡាញ់ការងារដែលក្រុមហ៊ុនតម្រូវឱ្យធ្វើដែរ ហើយព្យាយាមធ្វើការដោយយកចិត្តទុកដាក់បំផុត។ ការខិតខំប្រឹងប្រែងរបស់រ៉ាឌី ទោះបីនៅមានកម្រិតក៏ដោយ តែធ្វើឱ្យលោកប្រធានក្រុមហ៊ុន គឺលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ពេញចិត្តយ៉ាងខ្លាំង ហើយបានដំឡើងប្រាក់ខែ៥០ភាគរយដល់រ៉ាឌីនៅបីខែបន្ទាប់។ ក្រោយមកទៀត ដោយឃើញរ៉ាឌីខ្វះខាត លោកឧកញ៉ា គួច ម៉េងលី ក៏បានផ្តល់ទូរសព្ទម៉ាកអាយហ្វូនហ្វាយថ្មីមួយគ្រឿងដល់រ៉ាឌី ហើយនៅមួយឆ្នាំក្រោយមកទៀត លោកឧកញ៉ាក៏បានផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់រ៉ាឌីថែមទៀតផង។

សន្តានចិត្តរបស់លោកឧកញ៉ា បានធ្វើឱ្យរ៉ាឌី មានចម្ងល់ខ្លះដែរថាហេតុអ្វីពេលខ្លះគេបំពេញការងារមិនបានល្អទេ តែលោកឧកញ៉ានៅតែពេញចិត្ត និងកោតសរសើររូបគេ តែក្រោយមកទើបរ៉ាឌីទទួលដំណឹងមកថា ការជួយជ្រោមជ្រែងរបស់លោកឧកញ៉ា គួច ម៉េងលី គឺលោកចង់ផ្តល់ឱកាសឱ្យយុវជនខ្មែរ ជាពិសេសយុវជនក្រីក្រមកពីជនបទ បានទទួលការអប់រំ មានការងារធ្វើ ទទួលបានបទពិសោធ និងមានជំនាញ សម្រាប់អភិវឌ្ឍអនាគតប៉ុណ្ណោះ។ ការអនុគ្រោះរបស់លោកឧកញ៉ា គឺ

ធ្វើឡើងតាមរយៈ ការផ្តល់ឱកាសការងារ អាហារូបករណ៍បន្តការសិក្សាព្រោះលោកឧកញ៉ាយល់ឃើញថា កូនអ្នកក្រទោះមានឱកាស បើយើងមិនផ្តល់ឱកាស ក៏គ្នាគ្មានឱកាសដែរ។ រ៉ាឌីគិតថា ខ្លួនបានមកទីនេះ គឺដោយសារចិញ្ចៀនម្តាយមួយវង់ និងមានលទ្ធផលដល់ថ្ងៃនេះ គឺដោយសារការផ្តល់ឱកាសរបស់លោកឧកញ៉ា មហាសប្បុរស គួច ម៉េងលី។ លោកឧកញ៉ា គួច ម៉េងលី គឺជាអ្នកមានគុណទី៣ របស់គេ បន្ទាប់ពីឪពុកម្តាយគ្រូបង្រៀនរបស់គេ។

ដំណឹងនេះបានលេចឮដល់អ្នកស្រុក អ្នកភូមិ ហើយម្នាក់ៗតែងតែនិយាយថា ខ្លួនមានសំណាងណាស់ បានធ្វើការជាមួយលោកឧកញ៉ា គួច ម៉េងលី ព្រោះឧកញ៉ារូបនេះ និងក្រុមគ្រួសារជាអ្នកធ្វើបុណ្យធ្វើទានខ្លាំងណាស់ ជាមនុស្សមានប្រជាប្រិយភាព មានចំណេះដឹងគួរឱ្យគោរពបំផុត។ តាំងពីពេលនោះមក តាមរយៈចំណេះដឹង និងការងាររបស់រ៉ាឌី អ្នកភូមិរ៉ាឌីបានផ្លាស់ប្ដូរផ្នត់គំនិតពីការនេសាទត្រី មកអនុញ្ញាតឱ្យកូនចៅបានទៅរៀនសូត្រយកតម្រិះវិជ្ជាវិញ៕

.......................................................

ដកស្រង់ពីសៀវភៅ #កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ/A Collection of Stories My Role Model,Oknha Dr. Mengly J. Quach

បោះពុម្ពផ្សាយខែមករា គ.ស.២០២០

និពន្ធដោយ៖ អឿ ស៊ីណា

#MJQUP #A Collection of Stories My Role Model,Oknha Dr. Mengly J. Quach #ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណភ្ជាប់ខាងក្រោម៖

​​https://www.mjquniversitypress.com/my-role-model-oknha…/

ឬអាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard) See Less