នៅក្នុងថ្ងៃចូលឆ្នាំចិន ការជូនអាំងប៉ាវជាទំនៀមទម្លាប់ដែលមិនអាចខ្វះបាន ដោយការជូនអាំងប៉ាវនេះ ធ្វើឡើងនៅក្នុងថ្ងៃចូលឆ្នាំចិនទី ១ទៅ (មិនមែនថ្ងៃសែនឡើយ) ដោយការជូនអាំងប៉ាវគឺជាការជូនពរឆ្នាំថ្មី ជោគជ័យថ្មី និងផ្តល់នូវសំណាងល្អផងដែរ។
ដូច្នេះថ្ងៃនេះយើងនឹងមកដឹងពីអាំងប៉ាវទាំងអស់គ្នាថាវាជាអ្វី ហើយមានសារសំខាន់បែបណា ឱ្យចំពោះអ្នកណា ហើយទំនៀមការឱ្យអាំងប៉ាវដូចម៉េចខ្លះដូចខាងក្រោមនេះ៖
១. អាំងប៉ាវជាអ្វី ? (Hongbao)
អាំងប៉ាវ គឺជាស្រោមសំបុត្រពណ៌ក្រហម សម្រាប់ដាក់លុយកាក់ផ្សេងៗ ដែលឪពុកម្តាយ ជីដូនជីតា និងមនុស្សចាស់ឱ្យដល់ក្មេងតូចៗ និងមនុស្សវ័យក្មេងទាំងឡាយជាអំណោយសម្រាប់ឆ្នាំថ្មី។ អាំងប៉ាវត្រូវបានគេហៅថា Hongbaoin ជាភាសាចិនកុកងឺ និងកាតាំងហៅថា Lai seein ។
២. សារសំខាន់នៃអាំងប៉ាវ
ប្រជាជនចិនស្រឡាញ់ និងចាត់ទុកពណ៌ក្រហមជានិមិត្តរូបនៃថាមពលសុភមង្គល និងសំណាងល្អ។ ជូនអាំងប៉ាវពណ៌ក្រហម គឺបានន័យថា ផ្តល់ការជូនពរដ៏ល្អ និងផ្តល់សំណាងល្អ។ ជាការពិតណាស់អាំងប៉ាវសំខាន់ គឺត្រង់វាជាក្រដាសពណ៌ក្រហម មិនមែនផ្តោតសំខាន់សំដៅទៅលើប្រាក់នៅខាងក្នុងនោះទេ ។ លុយនៅក្នុងអាំងប៉ាវគ្រាន់តែត្រូវបានគេសង្ឃឹមថា នឹងនាំយកមកនូវសុភមង្គល និងផ្តល់លាភសំណាងដល់អ្នកដែលទទួលបានកាន់តែច្រើនឡើងតែប៉ុណ្ណោះ។ ដូច្នេះការបើកកញ្ចប់អាំងប៉ាវ នៅចំពោះមុខអ្នកដែលផ្ដល់ឱ្យអ្នក ជាអំពើគ្មានសុជីវធម៌ និងត្រូវតែចៀសវាងដាច់ខាត ។
៣. ការឱ្យអាំងប៉ាវ
ការឱ្យអាំងប៉ាវ គឺជាវិធីមួយក្នុងការចែករំលែកពរជ័យរបស់អ្នកទៅអ្នកដទៃ។ ជាទូទៅចំនួនទឹកប្រាក់ក្នុងអាំងប៉ាវ គឺអាស្រ័យលើប្រាក់ចំណូលរបស់អ្នក។
ប៉ុន្តែបើអ្នកមិនទាន់រៀបការហើយទេ អ្នកមិនអាចឱ្យអាំងប៉ាវដល់អ្នកដទៃបាននោះបានទេ។ តែសាច់ញាតិជិតស្និទ្ធរបស់អ្នក (ដូចជាឪពុកម្តាយនិងជីដូនជីតារបស់អ្នក) នៅតែអាចឱ្យអាំងប៉ាវទៅអ្នក បើទោះបីជាអ្នករៀបការរួចហើយក៏ដោយ ព្រោះវាជានិមិត្តរូបនៃក្ដីស្រឡាញ់ និងការឱ្យពររបស់ពួកគាត់ចំពោះអ្នក ៕
#តែនៅក្នុងនោះក៏មានទំនៀមនៃការជូនអាំងប៉ាវដែលអ្នកត្រូវដឹងមួយចំនួនផងដែរ ដូចជា៖
១. អ្នកដែលទទួលបានអាំងប៉ាវ ត្រូវតែជូនពរអ្នកដែលឱ្យ ដោយជូនពរឱ្យមានសុភមង្គលក្នុងឆ្នាំថ្មី សុខភាពល្អ សំណាងល្អ ជោគជ័យជាមួយអាជីវកម្ម ឬការងាររបស់ពួកគេ។
២. អ្នកដែលជូនអាំងប៉ាវទៅគេ ត្រូវតែប្រើលុយថ្មីក្នុងអាំងប៉ាវ ហាមដាក់លុយកខ្វក់ ជ្រួញ ឬរហែកឱ្យសោះ ព្រោះអាចនាំមកនូវអពមង្គល។
៣. មិនថាវ័យក្មេង វ័យកណ្តាល ឬវ័យចំណាស់នោះឡើយ ទាល់តែអ្នករៀបការ មានគ្រួសាររួចទើបអាចឱ្យអាំងប៉ាវទៅគេបាន ពោលគឺត្រូវឱ្យអាំងប៉ាវទៅសាច់ញាតិដែលមិនទាន់រៀបការ ជាពិសេសគឺក្មេងៗត្រូវតែឱ្យដាច់ខាត។ តែហាមដាច់ខាតអ្នកដែលនៅលីវ មិនត្រូវឱ្យអាំងប៉ាវទៅអ្នកណាឡើយ។ នៅក្នុងនោះចាស់ៗ ឬម្តាយឪពុកក៏អាចឱ្យអាំងប៉ាវទៅកូនចៅ ឬក្មួយៗដែលរៀបការរួចបានដែរ។
៤. រាល់ពេលទទួលអាំងប៉ាវ ត្រូវតែប្រើដៃទាំង២ ទទួលជាដាច់ខាត ព្រោះវាជាការគួរសម និងជាអាក្បកិរិយាល្អប្រពៃនាំមកនូវហុងស៊ុយ។
៥. មិនត្រូវបើកអាំងប៉ាវមើល ឬរាប់លុយនៅនឹងមុខអ្នកឱ្យអាំងប៉ាវនោះទេ ព្រោះវាជារឿងមិនល្អ មិនគួរសមទាល់តែសោះ។
៦. ទទួលបានអាំងប៉ាវភ្លាម មិនត្រូវចាយលុយនោះភ្លែតឡើយ ព្រោះអាំងប៉ាវជាលុយនាំសំណាង បើមិនចាំបាច់ទេ ចាំចូលឆ្នាំរួចចាំចាយក៏រឹតតែល្អ។
៧. អ្នកអាចដាក់លុយនៅក្នុងអាំងប៉ាវទៅតាមលទ្ធភាពដែលមាន ហើយពិសេសបំផុតបើលុយក្នុងអាំងប៉ាវ មានលេខ ៦ និង ៨ ដែលជាលេខល្អ តែមិនត្រូវដាក់លុយនៅក្នុងអាំងប៉ាវដោយប្រើលេខ៤ ឬបញ្ចប់ដោយលេខ៤នោះទេ ព្រោះជនជាតិចិន និងប្រទេសអាស៊ីមួយចំនួនប្រកាន់ចំពោះលេខ ៤ ហ្នឹងណាស់ ថាជាលេខចង្រៃ និងនាំមកនូវសំណាងអាក្រក់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក