សម័យនេះហើយ គ្មានមនុស្សស្រីណានៅតែល្ងង់ព្រមឱ្យប្ដីធ្វើបាបតាមចិត្តនោះឡើយ ហើយក៏មិនមែនជាស្រីចាំតែសុំលុយប្ដីចាយ ចាំតេឱ្យប្ដីរកចិញ្ចឹមនោះដែរ រឹតតែមិនអាច ព្រោះតែខ្លាចពាក្យថា ស្រីមេម៉ាយ ក៏បណ្ដោយឱ្យខ្លួនឯងនៅក្រោមគំនាប ការធ្វើបាប មើលងាយ ជិះជាន់ក្បត់ផិតនោះឡើយ។
មកដល់ពេលនេះហើយ ស្រីៗសុខចិត្តមានឈ្មោះថាស្រីមេម៉ាយ សុខចិត្តរកស៊ីចិញ្ចឹមកូន ចិញ្ចឹមខ្លួនឯង ក៏មិនអាចទ្រាំរស់នៅជាមួយនឹងប្ដីដែលក្បត់ផិត ធ្វើបាបចិត្តនាង ឱ្យស្រីខាងក្រៅមើលងាយ ជាន់ក្បាលនាងបានឡើយ។ ពេលខ្លះ ឈ្មោះថា មេម៉ាយ វាក៏សប្បាយចិត្តជាងការដែលមានប្ដីជាមនុស្សអត់កំណើត អាត្មានិយម បំផ្លាញក្ដីស្រឡាញ់ មិនផ្ដល់តម្លៃឱ្យប្រពន្ធកូន នាំតេរឿង និងបញ្ហាឱ្យគ្រួសារ។
សុខចិត្តធ្វើការហត់នឿយ ទោះត្រូវលំបាកតែម្នាក់ឯងក៏ដោយ ក៏មិនអាចឱ្យខ្លួនឯងទន់ជ្រាយ រស់នៅពឹងតែប្ដីនោះដែរ។ ប្ដីមិនល្អ ប្ដីមិនកំណើតលែងចោល កុំឱ្យវាក្លាយជាស្រមោលអន្ទោលតាមប្រាណ ធ្វើជាខ្មោចព្រាយ បំផ្លាញក្ដីសុខ និងសេរីភាពជីវិតយើងឱ្យសោះ។ ត្រូវចាំណាស្រីៗ សុខចិត្តលែងប្ដីមានឈ្មោះជាស្រីមេម៉ាយ ប្រសើរជាងរស់នៅក្នុងគ្រួសារដែលមានតែរឿងក្ដៅក្រហាយ ប្ដីអន្តរាយ មិនគិតគូរប្រពន្ធកូន។
មេម៉ាយក៏មេម៉ាយចុះ ឱ្យតែសប្បាយចិត្ត ជីវិតមានសេរីភាព មានការងារល្អធ្វើ អាចរកលុយចាយបានដោយខ្លួនឯង កុំទៅខ្វល់ពីពាក្យសម្ដីសើចចំអករបស់អ្នកណា មិនមែនពួកអ្នកនិយាយនោះ មករកស៊ីចិញ្ចឹមយើងទេ មនុស្សស្រី មិនមែនទាល់តែមានប្ដី ទើបរស់បានឡើយ ចុងក្រោយ មានតែយើងខ្លួនឯងទេ ដែលអាចធ្វើការរកស៊ី រកលុយមកចិញ្ចឹមខ្លួនឯង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ