ទោះបីជាអ្នកមានទំនាក់ទំនងល្អជាមួយម្តាយក្មេកក៏ដោយ អ្នកគួរតែដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលមិនគួរនិយាយក្នុងកំឡុងឆ្នាំដំបូងនៃអាពាហ៍ពិពាហ៍ផងដែរ។ ក្នុងនាមជាកូនប្រសារ យកល្អអ្នកគួរតែចេះឱនលំទោនបន្តិចចំពោះម្តាយក្មេក ព្រោះគាត់ក៏ជាអ្នកមានគុណដែលបានមើលថែប្តីរបស់អ្នកច្រើនឆ្នាំមកដែរ បើគ្មានគាត់អប់រំប្រហែលជាប្តីរបស់អ្នកមិនអាចក្លាយជាមនុស្សល្អដូចជាថ្ងៃនេះដែរ។ ដូច្នេះទោះបីជាម្តាយក្មេករបស់អ្នក គាត់ល្អចំពោះអ្នកកម្រិតណាក៏ដោយ ហាមធ្វើរឿង៣យ៉ាងខាងក្រោមនេះដាក់គាត់ឱ្យសោះ៖
១.កុំគិតថាអ្នកជាកូនស្រីរបស់ម្ដាយក្មេក៖ ស្ត្រីជាច្រើនបន្ទាប់ពីរៀបការបានជួបម្តាយក្មេកដ៏ល្អម្នាក់ប៉ុន្តែមិនដឹងថាត្រូវដឹងគុណយ៉ាងដូចម្តេច។ ដោយមានអារម្មណ៍ថា ម្តាយក្មេក ប្រព្រឹត្តដូចម្តាយខ្លួនឯង កូនប្រសាចាប់ផ្តើមបង្ហាញទម្លាប់អាក្រក់តាំងពីមុនពេលរៀបការនៅចំពោះមុខម្តាយក្មេក។ ទោះម្ដាយក្មេកអធ្យាស្រ័យយ៉ាងណាក៏ដោយ បើអ្នកប្រព្រឹត្តមិនសមរម្យ គាត់ច្បាស់ជាមិនពេញចិត្តនោះទេ។ ស្ត្រីត្រូវចាំថា ម្តាយក្មេកល្អចំពោះកូនប្រសារ ព្រោះអ្នកជាមនុស្សដែលកូនគាត់ស្រលាញ់ ដូច្នេះពួកគាត់នឹងព្យាយាមទទួលយកអ្នក។ កុំគិតថាម្ដាយក្មេកដូចម្ដាយឯង ហើយធ្វើទង្វើដោយសេរីពេក។ មិនថាម្តាយក្មេករបស់អ្នកប្រព្រឹត្តល្អប៉ុណ្ណាក៏ដោយ អ្នកប្រាកដជាមិនអាចធ្វើជាកូនស្រីរបស់គាត់បានទេ។
២.កុំជ្រៀតជ្រែកក្នុងកិច្ចការរបស់មនុស្សចាស់៖ មនុស្សវ័យក្មេងមិនចូលចិត្តឱ្យមនុស្សធំជ្រៀតជ្រែកក្នុងកិច្ចការអាពាហ៍ពិពាហ៍របស់ពួកគេនោះទេ រីឯម្តាយក្មេកក៏មិនចង់ឱ្យកូនប្រសារបស់ពួកគេជ្រៀតជ្រែកក្នុងជីវិតឯកជនច្រើនពេកដែរ។ ទោះធ្វើដើម្បីប្រយោជន៍ម្ដាយក្មេកក៏ដោយ ពាក្យខ្លះគាត់និយាយប្រាប់ប្ដីរបស់អ្នក មិនមែនប្រាប់អ្នកទេ។ ដោយសារគាត់ចាត់ទុកអ្នកជាកូនប្រសាមិនមែនមានន័យថាអ្នកអាចធ្វើអ្វីបានតាមចិត្តគ្រប់រឿងនោះទេ។ ទោះបីជាអ្នកមានទំនាក់ទំនងល្អជាមួយម្តាយក្មេកក៏ដោយ អ្នកគួរតែដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលមិនគួរនិយាយក្នុងកំឡុងឆ្នាំដំបូងនៃអាពាហ៍ពិពាហ៍។ វាជាការសំខាន់ក្នុងការទទួលស្គាល់កន្លែងរបស់អ្នកនៅក្នុងទំនាក់ទំនងគ្រួសារ។ ទោះបីជាម្តាយក្មេករបស់អ្នកប្រព្រឹត្តល្អក៏ដោយ អ្នកគួរតែចងចាំថា កុំមានជម្លោះជាមួយអ្នកចាស់ទុំ។
៣.កុំបង្ខំប្តីឱ្យជ្រើសរើស៖ ស្ត្រីជាច្រើនតែងចោទជាសំណួរ ហើយដាក់ប្តីក្នុងស្ថានភាពខុសឆ្គង។ ជាឧទាហរណ៍ អ្នកសួរប្តីថា៖ «បើម្ដាយក្មេកនិងខ្ញុំធ្លាក់ចូលទឹក តើអ្នកនឹងជួយអ្នកណាមុន? ពេលស្ត្រីសួរសំណួរប្រភេទនេះ នាងកំពុងបង្ហាញពីចិត្តចង្អៀតរបស់នាង។ ពេលស្ត្រី បង្ខំប្តីឱ្យជ្រើសរើសរវាងនាង និងម្តាយក្មេក ជម្លោះនឹងកាន់តែតានតឹងឡើង។ ដូច្នេះ ចូររៀនចេះអត់ឱន និងលះបង់ ដើម្បីរក្សាគ្រួសាររបស់អ្នកឲ្យបានសុខសាន្ត៕