រាល់ទំនាក់ទំនងជាមួយអ្នកដទៃ គឺតែងតែមានមនុស្សល្អ និងមនុស្សអាក្រក់ ដូច្នេះហើយចូរប្រព្រឹត្តចំពោះអ្នកជុំវិញខ្លួនឲ្យបានល្អ ស្រលាញ់បច្ចុប្បន្នកាល និងអ្វីដែលអ្នកមាន ដើម្បីញុំាងជីវិតនេះអោយមានតែភាពរីករាយ និងសន្តិភាពផ្លូវចិត្ត។ ខាងក្រោមនេះជាសកម្មភាព៥យ៉ាង ដែលអ្នកគួរធ្វើដើម្បីទទួលបានសុភមង្គលក្នុងជីវិត ដោយវាមិនពិបាកនៅក្នុងការអនុវត្តទេ សំខាន់គឺផ្អែកទៅលើចិត្តរបស់អ្នក៖
១.មានចិត្តសប្បុរស៖ ក្នុងជីវិតនេះ រឿង ៨ ឬ ៩ ក្នុងចំណោម ១០ មិនបានសម្រេចដូចការគ្រោងទុកនោះទេ។ បើអ្នកមិនអាចធ្វើឱ្យចិត្តអ្នកស្រួលបានទេ នោះរាល់ថ្ងៃនឹងពោរពេញទៅដោយទារុណកម្ម។ មនុស្សដែលតែងតែចូលចិត្តគណនាលម្អិតគ្រប់រឿង តែងតែរារាំងសុភមង្គលរបស់ខ្លួន។ ទោះបីជាអ្នកមានជោគវាសនាល្អក៏ដោយ ក៏វាពិបាកក្នុងការក្លាយជាអ្នកជោគជ័យដែរ។ មនុស្សដែលមានចិត្តសប្បុរស ស្ថានភាពផ្លូវចិត្តក៏នឹងប្រសើរឡើងដោយធម្មជាតិ។ទំនាក់ទំនងមនុស្សមានចិត្តសប្បុរសគឺល្អណាស់ ហើយជម្លោះជាមួយអ្នកដទៃក៏កម្រនឹងកើតមានដែរ។
២.ស្រឡាញ់សុភមង្គលដែលអ្នកមាន៖ ពេលទំនាក់ទំនងជាមួយអ្នកដទៃ តែងតែមានមនុស្សល្អ និងមនុស្សអាក្រក់ ដូច្នេះហើយ ចូរប្រព្រឹត្តចំពោះអ្នកជុំវិញខ្លួនឲ្យបានល្អ ស្រលាញ់បច្ចុប្បន្នកាល និងអ្វីដែលអ្នកមាន។ កុំយកពេលទៅប្រៀបធៀបរវាងជីវិតអ្នក ជាមួយជីវិតអ្នកដទៃ ព្រោះជួនកាលសុភមង្គលដែលយើងមានគឺគេគ្មាននោះទេ ហេតុនេះហើយកុំទៅចំណាយពេលគិតរឿងអត់ប្រយោជន៍អស់ទាំងនេះ។
៣.ការតស៊ូ និងការព្យាយាម៖ លើលោកនេះ មានរបស់មានតម្លៃពីរយ៉ាងគឺការតស៊ូ និងការព្យាយាម។ មនុស្សជាច្រើនយល់ថាកិច្ចការទាំងពីរនេះគឺពិបាកធ្វើ។ ដូច្នេះទើបគេនិយាយថា មានតែអ្នកដែលចេះអត់ធ្មត់ ជម្នះការលំបាកឥតឈប់ឈរ និងការខិតខំនោះទេ ដែលមានឱកាសទទួលបានសំណាងនៅក្នុងជីវិត ព្រោះសំណាងទាំងនោះគឺកើតចេញពីខ្លួនយើង មិនមែនទេវតាអ្នកប្រទាននោះទេ។
៤.កុំឈប់រៀន៖ សង្គមសម័យទំនើបមានការវិវឌ្ឍន៍យ៉ាងជឿនលឿនបំផុត បើយើងមិនដើរតាមសម័យកាល និងមានភាពចាស់ទុំឥតឈប់ឈរទេនោះ យើងនឹងអាចកម្ចាត់ចេញពីសង្គមនេះបានយ៉ាងងាយ។ មានតែការរៀនសូត្រប៉ុណ្ណោះដែលអាចជួយយើងបន្តដំណើរទៅមុខដោយងាយស្រួល ដូចពាក្យគេថាចំណេះគឺជាស្ពាន ដែលអាចចម្លងយើងទៅរកត្រើយម្ខាងទៀតបាន។
៥.កុំព្រងើយកណ្តើយ៖ មនុស្សតែងតែអាត្មានិយមនៅពេលមានផលប្រយោជន៍កើតឡើង តែពេលខ្លះការអាត្មានិយមបន្តិចបន្តួចនេះក៏អាចធ្វើអោយយើងនៅមិនស្ងប់បានដែរ។ មិនថាជាអ្នកសាមញ្ញ ឬ អ្នកមានឋានៈខ្ពស់នោះទេ ពួកយើងសុទ្ធតែមានជំហរ និងការតស៊ូខុសគ្នា។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវមានការយល់ចិត្ត គិតដល់អ្នកដទៃជាមុនសិន កុំធ្វើរឿងដែលនាំឱ្យប៉ះពាល់ដល់អ្នកដទៃ ជៀសវាងធ្វើអ្វីដែលខុសនឹងមនសិការរបស់យើង ៕