នៅភូមិ Ogimi ស្រុក Kunigami ខេត្ត Okinawa ជាតំបន់ដែលមានប្រជាជនជប៉ុនអាយុវែងជាងគេ ដោយជាមធ្យមក្នុងតំបន់នោះ ពួកគេអាចរស់នៅដល់អាយុ ៨១,២ ឆ្នាំ ដោយស្រ្តីជាមធ្យមមានអាយុដល់ ៨៦ ឆ្នាំ ហើយបុរសអាយុ ៧៥ ឆ្នាំ។
បើតាមការស្រាវជ្រាវពីទម្លាប់រស់នៅរបស់ប្រជាជនក្នុងតំបន់នោះ គឺពួកគេមានអាថ៌កំបាំងនៃការទទួលទានគួរឲ្យចាប់អារម្មណ៍ ៥ ដែលថ្ងៃនេះ Knongsrok សូមលើកមកចែករំលែកបងប្អូនយើងនៅកម្ពុជាឲ្យបានដឹង៖
៥) ដំឡូងជ្វាពណ៌ស្វាយ
នៅទីនោះគេពេញនិយមទទួលទានដំឡូងជ្វាពណ៌ស្វាយខ្លាំងណាស់ ដោយសារវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដោយវាអាចការពារយើងពីការបង្ករោគជាច្រើនមកកាន់រាងកាយ មិនថាតែជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង និងសរសៃប្រសាទ។
បន្ថែមពីនេះសារធាតុពណ៌ Anthocyanins នៅក្នុងដំឡូងជ្វាពណ៌ស្វាយ ក៏មានប្រសិទ្ធភាពការពារការរីកលូតលាស់នៃដុំសាច់ អាចបង្កជាមហារីកក្នុងពោះវៀនធំ សួត និងក្រពេញប្រូស្តាត។ វាក៏មានសារធាតុ Flovonoids ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អផងដែរ។
៤) បន្លែ
នៅក្នុងភូមិ Ogimi មនុស្សជាច្រើន ទម្លាប់ប្រើប្រាស់បន្លែដែលដាំដោយផ្ទាល់ដៃ ល្បាក់ ៥៨ ទៅ ៦០ ភាគរយហើយនៃអាហារសរុបដែលពួកគេទទួលទានជាប្រចាំ។ បន្លែគេឧស្សាហ៍ទទួលទាននៅទីនោះ មានដូចជាស្ពៃក្តោប ផ្សិត និងម្រះ។
តាមការស្រាវជ្រាវពិតណាស់ ការទទួលទានបន្លែច្រើន អាចបញ្ចៀសការលើសជាតិស្ករក្នុងឈាម ហើយក៏ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើនសម្រាប់រាងកាយ។
៣) តៅហ៊ូ
តៅហ៊ូជាអាហារផ្តល់ប្រយោជន៍ជាច្រើន ចំពោះសុខភាព វាល្អសម្រាប់បេះដូង ជាពិសេសសម្រាប់មនុស្សចាស់ ហើយវាក៏សម្បូរទៅដោយអាស៊ីដខ្លាញ់ Alpha linolenic ជួយការពារការកកឈាម និងការស្ទះសរសៃឈាមក្នុងបេះដូង។
២) ត្រីសមុទ្រ និងសារាយសមុទ្រ
ដោយសារតែតំបន់នោះ នៅជិតភ្នំ សមុទ្រ ដូច្នេះប្រជាជនអាចមានឱកាសទទួលទានសារាយសមុទ្រ និងត្រី ជាអាហារប្រចាំថ្ងៃ បានជាប់លាប់។ ត្រីសមុទ្រសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ ល្អសម្រាប់បេះដូងនិងខួរក្បាល។ វាក៏សម្បូរទៅដោយសារធាតុ Phytochemical មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺវង្វេង...។
ទន្ទឹមនោះសារាយសមុទ្រ ក៏មានតម្លៃអាហារូបត្ថម្ភខ្ពស់ សម្បូរទៅដោយជាតិសរសៃ កាល់ស្យូម ផូស្វ័រ ជាតិដែក.... ល្អសម្រាប់សុខភាព។
១) ផឹកតែច្រើន
ការផឹកតែច្រើន ជាទម្លាប់ដែលមិនអាចខ្វះបានរបស់អ្នកភូមិ Ogimi។ ការស្រាវជ្រាវមួយក៏បង្ហាញថា ការផឹកតែបៃតងយ៉ាងហោចណាស់ ៣ ដង/សប្តាហ៍ អាចជួយឲ្យអ្នករស់នៅបានយូរ និងមានសុខភាពល្អ។
តែមានផ្ទុកសារធាតុ Polyphenols ជួយការពារជំងឺលើសឈាម ហើយក៏មានសារធាតុ Flovonoid ដែលជាប្រភេទសារធាតុពណ៌ ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក ធ្វើឲ្យប្រសើរឡើងនៃសរីរាង្គជាច្រើនក្នុងខ្លួនរបស់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក