ការព្យាយាមផ្លាស់ប្តូរពិភពលោកទាំងមូល គឺវាជារឿងដែលពិបាកខ្លាំងណាស់ តែការព្យាយាមផ្លាស់ប្តូរខ្លួនឯង គឺជាជម្រើសរបស់មនុស្សដែលមានប្រាជ្ញាឈ្លាសវៃ។
ភាពលំបាកក្នុងជីវិត មិនមែនជារឿងចម្លែកនោះទេ មនុស្សម្នាក់ដែលចង់ជម្នះភាពលំបាក ត្រូវធ្វើការផ្លាស់ប្ដូរជាមុនសិន។ អ្នកមិនអាចទាមទារឱ្យមានការផ្លាស់ប្តូរពីអ្នកដទៃ ឬរបស់ណាមួយនោះទេ ប៉ុន្តែអ្នកអាចចាប់ផ្តើមផ្លាស់ប្តូរពីខ្លួនអ្នកបានតែប៉ុណ្ណោះ។
ខុងជឺធ្លាប់និយាយថា «មនុស្សល្អមើលតែខ្លួនឯង មនុស្សអាក្រក់រកតែអ្នកឯទៀត»។ មិនថាយើងជួបបញ្ហាអ្វីទេ យើងគួរតែរៀនស្វែងរកមូលហេតុ ហើយផ្លាស់ប្តូរពីខ្លួនយើងជាមុនសិន ទើបជាការប្រសើរ។
១. ផ្លាស់ប្តូរមុំមើល
អ្វីដែលសំខាន់បំផុតក្នុងជីវិតគឺសុភមង្គល។ នៅលើខ្សែទឹកដ៏វែងឆ្ងាយ អ្នកខ្លះគ្រាន់តែឈប់នៅមាត់ទន្លេ អ្នកខ្លះជ្រើសរើសហែលទឹកដែលមានជម្រៅជ្រៅ។ អ្នកនៅលើច្រាំងមិនអាចយល់ពីភាពត្រជាក់ ដែលមនុស្សនៅក្នុងទន្លេត្រូវតែស៊ូទ្រាំបាន ហើយអ្នកនៅក្នុងទន្លេក៏មិនដឹងពីភាពអស់សង្ឃឹមរបស់មនុស្សនៅលើច្រាំងដែរ។ នៅពេលដែលជំហរដែលយើងឈរគឺខុសគ្នា អ្វីដែលយើងឃើញ និងគិតក៏ខុសគ្នាទាំងស្រុងដែរ។
២. ផ្លាស់ប្តូររង្វង់នៃទំនាក់ទំនង
រង្វង់សង្គមរបស់មនុស្សម្នាក់ មានឥទ្ធិពលច្រើនលើចក្ខុវិស័យរបស់មនុស្សម្នាក់ៗ។ ការប្រៀបដូចនេះ ពេលអ្នកហោះហើរជាមួយសត្វស្លាប អ្វីដែលអ្នកឃើញគឺផ្ទៃមេឃដ៏ធំ។ នៅពេលអ្នកអង្គុយជាមួយជ្រូក អ្វីដែលអ្នកឃើញគឺចំណង់អាហារ និងការសប្បាយ។
មិនថាមនុស្សនៅក្នុងរង្វង់សង្គមណាក៏ដោយ ជារឿយៗគាត់នឹងក្លាយជាមនុស្សស្រដៀងនឹងរង្វង់នោះ។ ដូចពាក្យចាស់បុរាណពោលថា “ជិតទឹកខ្មៅ ជិតចង្កៀងភ្លឺ”។ អំណាចនៃរង្វង់សង្គមរបស់អ្នក អាចផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកចំពោះជីវិត។
នៅពេលអ្នកនៅជាមួយនរណាម្នាក់ ដែលមានការមើលឃើញទុកជាមុន ភ្នែករបស់អ្នកស្រាប់តែច្បាស់ ដោយគិតគូររាល់ការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។ នៅពេលដែលនៅជុំវិញមនុស្សដែលមានភាពសុទិដ្ឋិនិយម និងបើកចំហចិត្ត ជីវិតធម្មតាក៏អាចពោរពេញដោយភាពរីករាយផងដែរ។ ពេលនៅជាមួយមនុស្សដែលមានវិន័យខ្ពស់ អ្នកនឹងមិនធុញទ្រាន់ ហើយក៏មិនបោះបង់ដោយងាយដែរ។ រៀនពីមនុស្សល្អ វិជ្ជមាន និងសប្បុរស អ្នកនឹងធ្វើឱ្យខ្លួនឯងកាន់តែប្រសើរឡើង។
៣. ផ្លាស់ប្តូរគំនិតរបស់អ្នក
នៅក្នុងពិភពលោកដ៏ធំ ភាពខុសគ្នាដ៏ធំបំផុតរវាងមនុស្សត្រូវបានបង្ហាញដោយគំនិត។ ពេលជួបបញ្ហា មនុស្សធម្មតាផ្លាស់ប្តូរលទ្ធផល មនុស្សល្អផ្លាស់ប្តូរមូលហេតុ ហើយមនុស្សពូកែផ្លាស់ប្តូរគម្រូនៃការគិត។
ថ្វីដ្បិតតែមនុស្សតូចតាចក៏ដោយ គ្មានអ្វីអាចរារាំងយើងពីការរៀន ផ្លាស់ប្តូរ និងកែលម្អខ្លួនយើងបានទេ។ តម្លៃរបស់មនុស្សគឺស្ថិតនៅលើរបៀបដែលពួកគេផ្លាស់ប្តូរ ដើម្បីអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ជំនួសឱ្យការនៅមានភាពយឺតយ៉ាវជាមួយនឹងគំនិតចាស់ និងគំនិតដែលមិនសមស្រប។ យើងត្រូវផ្លាស់ប្ដូរគំនិតរបស់ខ្លួនឯងជាមុនសិន គិតវិជ្ជមាន គិតឱ្យទូលំទូលាយ អ្នកនឹងមើលឃើញអ្វីៗកាន់តែធំ៕
ប្រភព ៖ បរទេស / Knongsrok