ជីវិតដែលមានសំណាង មិនមែនមានត្រឹមតែគ្រួសារល្អ ឬក៏រកបានដៃគូជីវិតល្អតែប៉ុណ្ណោះទេ តែមានសំណាងមួយទៀតដែលគ្រប់គ្នាក៏សុទ្ធតែប្រាថ្នាចង់បាននោះគឺ សំណាងដែលមានមិត្តល្អ យល់ចិត្ត ដឹងទុក្ខធុរៈ ចេះយកអាសារគ្នាទៅវិញទៅមក ទុកដូចជាសាច់ញាតិ បងប្អូនអ៊ីចឹង។ យ៉ាងណាមិញ ប្រសិនបើអ្នកមានមិត្ត ៣ ប្រភេទខាងក្រោមនេះ ក៏បានន័យថា អ្នកជាមនុស្សដែលមានសំណាងហើយ ទោះមានតែពីរបីនាក់ក៏ដោយ ក៏គ្រប់គ្រាន់ដែរ។
១. មិត្តយល់ចិត្ត
ចាប់ពីអាយុ ៣០ ឆ្នាំឡើងទៅ មនុស្សភាគច្រើនមានបន្ទុកជាច្រើនក្នុងជីវិត ខណៈពេលនេះ គ្រប់គ្នាត្រូវតែបន្តដំណើរឆ្ពោះទៅមុខទៀត។ អ្វីដែលធ្វើឱ្យយើងមានអារម្មណ៍ស្រណុកចិត្តនោះគឺ នៅពេលនេះអាចមានមិត្តដែលតែងតែយល់ចិត្តយើង។
ទោះបីជាមិនសូវមានពេលឱ្យគ្នាដូចយុវវ័យមួយចំនួនក៏ដោយ យ៉ាងហោចណាស់ក៏មានឱកាសច្រើនក្នុងការនិយាយគ្នានៅពេលណាមួយ អាចចែករំលែកគ្នាទៅវិញទៅមកនូវរឿងតូចតាចក្នុងជីវិត។ មិត្តបែបនេះអាចបន្ធូរបន្ថយនូវទុក្ខសោកទាំងឡាយដែលតែងតែសង្កត់ក្នុងចិត្តរបស់យើង ហើយចែករំលែកជាមួយយើងនូវរាល់ភាពរីករាយ ទុក្ខព្រួយ ជោគជ័យ និងបរាជ័យក្នុងជីវិត។
២. មិត្តដែលតែងតែជួយក្រើនរំឭកយើង
ក្នុងជីវិតនេះ មនុស្សគ្រប់រូបតែងតែមានពេលខ្លះ ដែលមានអារម្មណ៍ថាធ្វើខុស វង្វេងផ្លូវ ពេលនេះប្រសិនបើមាននរណាម្នាក់ ដែលតែងតែត្រៀមខ្លួនចាំដាស់តឿនយើង មានមនុស្សដែលអាចប្រឹក្សា ពិភាក្សាជាមួយយើង ចាំក្រើនរំឭកយើងដើម្បីដុសខាត់បញ្ហា ហើយបង្ហាញផ្លូវឱ្យយើងឃើញនោះ វាពិតជាប្រសើរបំផុត។
មិត្តបែបនេះពេលយើងជោគជ័យ នឹងរំឭកយើងកុំឱ្យក្រអឺតក្រទម រហូតភ្លេចទុក្ខលំបាកកាលពីមុន នៅពេលដែលយើងជ្រួតជ្រាបក្នុងភាពរីករាយ និងសុភមង្គលខ្លាំងពេក គេនឹងរំឭកយើងឱ្យប្រុងប្រយ័ត្ន ចាំណែនាំយើងពីក្រោយ វាជាអារម្មណ៍កក់ក្ដៅខ្លាំអណាស់។
៣. ចាំជួយយើងដោយមិនគិតពីផលប្រយោជន៍
នៅលើពិភពលោកមានមនុស្សប្រភេទផ្សេងៗគ្នារាប់មិនអស់ មានមនុស្សច្រើនណាស់ដែលគិតពីផលប្រយោជន៍នៅពេលបង្កើតទំនាក់ទំនង។ មនុស្សបែបនេះ បង្ហាញមុខនោះចំពោះមុខយើង តែក្នុងពេលដែលយើងជោគជ័យ ឃើញមុខតែពេលផឹកស៊ីសប្បាយ និងទទួលយកផលប្រយោជន៍ទាំងអស់របស់យើង ប៉ុន្តែពេលជួបការលំបាក គេច្បាស់ជាបាត់មុខ ដកខ្លួនចេញ យករួចខ្លួន។ មិត្តប្រភេទនេះ មិនបាច់ស្គាល់ក៏បានដែរ។
ប៉ុន្តែមានមនុស្សដែលពេលគេឃើញយើងជោគជ័យ គេមិនប្រញាប់មកជួបយើងទេ តែបង្ខំគេឱ្យធ្វើ ពេលមានបញ្ហា គេនៅតែជួយអស់ពីចិត្ត។ មនុស្សបែបនេះ នឹងតែងតែស្ម័គ្រចិត្តជួយអ្នក ពេលដែលអ្នកដួល ឬបរាជ័យ ពួកគេជាមនុស្សសក្តិសមបំផុតក្នុងការរាប់អាន និងថែរក្សាឱ្យបានល្អ។
ដំណើរជីវិតគឺដូចជាផ្លូវដែលកាន់តែចង្អៀតទៅៗ ពីដំបូងតែងតែមានមនុស្សច្រើនតាមយើង ប៉ុន្តែមានមិនច្រើនទេដែលអាចទៅដល់ទីបញ្ចប់ជាមួយនឹងយើង៕
អត្ថបទ ៖ បរទេស / Knongsrok