ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ក៏ស្ថិតក្នុងចំណោមបណ្តាក្លឹបយក្សទាំង ៤ ដែលភ្នាក់ងារលោក Jorge Mendes រត់ការចង់ឲ្យ Cristiano Ronaldo មកចូលរួម តែខាងក្លឹបអង់គ្លេសមួយនេះ ហាក់មិនចាប់អារម្មណ៍និងបានបដិសេធហើយ។
បើតាមរបាយការណ៍ពី The Athletic ចុះផ្សាយថា ក្រុមដឹកនាំដោយលោក Pep Guardiola មើលឃើញកត្តាអាយុរបស់ Ronaldo គឺជាបញ្ហាចោទ និងចំណុចមួយផ្សេងទៀតពួកគេមានគោលដៅអាទិភាពរួចស្រេច នោះគឺ Harry Kane របស់ក្លឹប Tottenham Hotspur។
តាមពិតទៅដ្បិតតម្លៃខ្លួន Ronaldo អាចទាបជាង Kane តែបើយើងគិតទៅមុខរយៈពេលយូរ គឺការយក Kane អាចថាល្អជាង ព្រោះ ២-៣ ឆ្នាំបន្ទាប់បើខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំកាន់តែឡើងជើង នោះតម្លៃអាចឡើងដល់ជាង ២០០ លានអឺរ៉ូក៏ថាបាន។
គួរបញ្ជាក់ដែរថា CR7 សេសសល់សុពលភាពកុងត្រារយៈពេលជិត ១ ឆ្នាំទៀតជាមួយនឹងក្លឹបអាណាព្យាបាល Juventus។ ក្រៅពី City គេមានចចាមអារ៉ាមអាចផ្ទេរទៅ PSG, Real Madrid និង Man Utd តែយ៉ាងណាយើងក៏អាចដឹងបណ្តើរៗនៅកំឡុងខែមករាខាងមុខ ប្រសិនកីឡាករមិនព្រមបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្ន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក