ក្លឹបកាំភ្លើងធំ Arsenal បើយើងគិតខ្ទង់ចំណាយធំៗ គឺចាយក្បែរ ១៥០ លានផោនហើយ តួយ៉ាងដូចជាការនាំយក Martin Odegaard, Aaron Ramsdale និង Ben White ជាដើម។ ក្រឡេកទៅមើលការនាំចំណូលត្រលប់មកវិញ ក្លឹបហាក់មិនទាន់កើបបានលុយធំនោះទេ ដូច្នេះហើយពួកគេនឹងពន្លឿនល្បឿនចរចា ដើម្បីចង់លក់កីឡាករចេញខ្លះមុនបិទទីផ្សារដោះដូរ។
កាលបរិច្ឆេទទីផ្សារដោះដូររដូវក្តៅ នឹងត្រូវបិទទ្វារនៅថ្ងៃទី ៣១ សីហា ដែលមានន័យថានៅសល់រយៈពេល ១០ ថ្ងៃទៀត ហើយក្រុមដឹកនាំដោយលោក Mikel Arteta ចង់ប្រើពេលនៅសល់ ដើម្បីបង្កើនតុល្យភាពហិរញ្ញវត្ថុត្រលប់ចូលក្លឹបវិញខ្លះ ដោយបញ្ជីកីឡាករត្រៀមវ៉ៃចេញមានដូចជា Willian, Ainsley Maitland-Niles, Eddie Nketiah, Lucas Torreira, Reiss Nelson និង Sead Kolasinac។
ពួកគេសុទ្ធតែជាកីឡាករដែលមិនសូវត្រូវបានក្លឹបប្រើប្រាស់ជាប់លាប់ ហើយបន្ថែមពីលើនោះក៏ទំនងជាមាន Hector Bellerin ម្នាក់ទៀត ដែលអាចកើបចំណូលចូលក្លឹបបានជាង ៣០ លានអឺរ៉ូ ប្រសិនចរចាត្រូវរ៉ូវជាមួយក្លឹបដែលចង់បានដូចជា Inter Milan នៅពេលដ៏ខ្លីខាងមុខ។
រំឭកដែរថា Arsenal រដូវកាល ២០២០/២១ ហាក់ចាប់ផ្តើមមិនបានល្អនោះទេ ជាក់ស្តែងដូចប្រកួតបើកឆាកទល់ Brentford បានចាញ់យ៉ាងអាម៉ាស់ ២-០ ឥឡូវមកត្រៀមជួបក្រុមខ្លាំង Chelsea នៅយប់ថ្ងៃអាទិត្យនេះទៀត ដែលគ្រប់គ្នាជឿថាកាំភ្លើងធំ អាចជានឹងរបូតពិន្ទុបន្ថែម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក