Karim Benzema បានបន្តកុងត្រាថ្មីរយៈពេល ១ ឆ្នាំបន្ថែមពីលើកុងត្រាចាស់ ដែលមានន័យថា លោកនឹងបន្តឈរជើងដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ល្មមរហូតដល់លោកឈានចូលអាយុ ៣៥ ឆ្នាំ។
កីឡាករបារាំងបានផ្ទេរមកចូលរួមនៅ Real Madrid ក្នុងឆ្នាំ ២០០៩ ហើយចាយពេលជាង ១១ ឆ្នាំមកនេះ គេបង្ហាញខ្លួន ៥៦០ ប្រកួត រកបាន ២៨១ គ្រាប់និង Assist ១៤៤ លើក។ នាមជាវីរបុរសមួយរូប Benzema ក៏បានលើកពាន UCL ៤ សម័យកាលផងដែរ ជាមួយក្លឹបនៅឆ្នាំ ២០១៤, ២០១៦, ២០១៧ និង ២០១៨។
និយាយប្រាប់គេហទំព័រផ្លូវការក្លឹប Real Madrid បុរសវ័យ ៣៣ ឆ្នាំប្រាប់ថា៖ "Real Madrid តែងតែបន្តជាក្លឹបដ៏ល្អបំផុតមួយក្នុងលោក តែនៅ Champions League ខ្ញុំមិនអាចនិយាយថា យើងជាក្រុមដែលគ្មាននរណាផ្តួលបាននោះទេ គ្រាន់ថាបទពិសោធន៍ឈ្នះពាន UCL ៤ ដង វាជារឿងដ៏អស្ចារ្យមួយហើយ"។
បង្វែរទៅរឿងកាលពីឆ្នាំ ២០០៩ ដែលក្លឹបមកចរចាដល់ផ្ទះ ដើម្បីផ្ទេរយកលោកទៅចូលរួមនៅតម្លៃ ៤០ លានអឺរ៉ូ Benzema បន្តទៀតថា៖ "វាយូរណាស់មកហើយ តែខ្ញុំនៅចាំ ដោយកាលនោះម្តាយឪពុក ក៏ដូចជាភ្នាក់ងារខ្ញុំ ខល់ប្រាប់ខ្ញុំឲ្យត្រលប់មកផ្ទះ ដំបូងខ្ញុំមិនចង់ទៅទេ តែពេលទៅដល់ ខ្ញុំបានឃើញថាលោក Florentino [Perez] ដោយគាត់បាននាំតាំងពី Zidane, Ronaldo និងតារាឆ្នើមច្រើនរូបទៀត ពេលនោះខ្ញុំសម្លឹងគាត់ហើយពុំបាននិយាយអ្វីទាំងអស់ លុះដល់គាត់សួរថាចង់ទៅលេងនៅ Real Madrid ឬអត់ ខ្ញុំក៏ឆ្លើយថាចង់ដោយមិនស្ទាក់ស្ទើរ ដូច្នេះហើយបើយើងមកមើលពេលនេះអ្វីដែលខ្ញុំសម្រេចបាននៅ Real Madrid ខ្ញុំពិតជាមានអារម្មណ៍មោទនភាពខ្លាំង"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក