ក្លឹប Real Madrid ពុំបានចំណាយលើតម្លៃផ្ទេរចេញ David Alaba ពីក្លឹប Bayern Munich នោះទេ ពោលជាការនាំយកលើលក្ខខណ្ឌឥតតម្លៃខ្លួន តែខាង Real ក៏ផ្តល់កុងត្រាថ្លៃពលកម្មដ៏សមរម្យបំផុតមួយដែរ។
ដោយឃើញការមកដល់របស់ខ្សែការពារស្លាបអូទ្រីសធ្វើបានល្អខ្លាំង ក្លឹបដឹកនាំដោយប្រធានលោក Florentino Perez ក៏ចង់បន្តដើរដានចាស់នេះទៀត ពោលចង់ចរចានាំយកប្រភេទកីឡាករត្រូវផុតកុងត្រានៅរដូវក្តៅ ឆ្នាំក្រោយ ដើម្បីចំណេញលើថ្លៃផ្ទេរ តែប៉ះប៉ូវឲ្យវិញនៅតម្លៃពលកម្មកប់ពពក។
តាមការចុះផ្សាយរបស់ Diario AS បានឲ្យដឹងថា ក្លឹបមានមូលដ្ឋានក្នុងទីក្រុង Madrid សម្លឹងឃើញគោលដៅ ៣ រូបមាន Paul Pogba របស់ Man Utd, Leon Goretzka របស់ Bayern Munich និង Antonio Rudiger របស់ Chelsea ដែលអ្នកទាំងបីសុទ្ធសឹងត្រូវផុតកុងត្រាត្រឹមបញ្ចប់រដូវកាល ២០២១/២២។ បច្ចុប្បន្នក្លឹបក៏កំពុងរត់ការចរចាបណ្តើរៗដែរ ដើម្បីសិក្សាមើលលទ្ធភាពហើយបើត្រូវរ៉ូវអាចចុះកុងត្រាទុកជាមុន នៅខែមករាខាងមុខក៏ថាបាន។
រំឭកឲ្យដឹងដែរថា Real Madrid រដូវកាលនេះ បានបាត់បង់កីឡាករសំខាន់ជួរក្រោម Raphael Varane និង Sergio Ramos តែជំនួសមកវិញ យកបាន David Aalaba ជាអ្នកសាងបាល់ពីខាងក្រោមដ៏ល្អមួយ។ ប្រកួតបើកឆាកកន្លងទៅប៉ះ Alaves ក្រុមដឹកនាំដោយអ្នកចាត់ការថ្មីលោក Carlo Ancelotti បានយកឈ្នះ ៤-១៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក