ក្លឹប AS Roma ដែលដឹកនាំដោយអ្នកចាត់ការលោក Jose Mourinho បានមានការកែប្រែច្រើននៅរដូវកាលថ្មី មិនថាតែការនាំយកនិងដកចេញកីឡាករ។ ថ្មីៗនេះក្លឹប Roma បានធ្វើរឿងភ្ញាក់ផ្អើលមួយ នោះគឺការផ្តាច់កុងត្រា Pedro ហើយផ្ទេរទៅឲ្យ Lazio ដោយមិនយកតម្លៃខ្លួន ដែលរឿងផ្ទេរបែបនេះខកខានកើតមាន ៤០ ឆ្នាំមកហើយ។
ហេតុផលបញ្ជាក់ពីក្លឹប លើកឡើងថាដោយសារដើម្បីសម្រួលបន្ទុកចំណាយ តែបើតាមសារព័ត៌មានជាច្រើនចុះផ្សាយដូចៗគ្នា ថាដោយសារទំនាក់ទំនងរកាំរកូសរវាងគ្រូនិងសិស្សទេ ទើបឈានដល់ការផ្តាច់កុងត្រាមុនកាលកំណត់បែបនេះ។
ក៏ដោយសារ Pedro ធ្លាប់ជាដើមហេតុនាំឲ្យ Mourinho អស់តំណែងកាលនៅ Chelsea ទើបពេលនេះគ្រូមកសងសឹកដក Pedro ចេញពីក្លឹបវិញ។ នេះបើតាមសារព័ត៌មាន Daily Mirror បានចុះផ្សាយ។
កីឡាករអេស្ប៉ាញបានសម្រេចការផ្ទេរទៅកាន់ក្លឹបរួមលីគ Lazio លើកុងត្រា ២ ឆ្នាំដែលនៅសេសសល់របស់ខ្លួន ពោលផ្ទេរពីកុងត្រានៅ Roma មកក្លឹបថ្មី Lazio តែទទួលបានតម្លៃពលកម្មទាបជាងមុន។ រំឭកថាកាលនៅ Roma ខ្សែប្រយុទ្ធស្លាបខាងលើ បង្ហាញខ្លួនសរុប ៤០ ប្រកួត រកបាន ៦ គ្រាប់និង Assist ៧ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក