កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនបានសាងសង់រួចរាល់ ១០០ភាគរយហើយ ស្របពេលដែលគម្រោងពិធីប្រគល់ និងទទួលសមិទ្ធផលសំណង់កីឡាជាប្រវត្តិសាស្ត្រនេះគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។ នេះជាការបញ្ជាក់ជូនពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ក្រោយពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថានភាពមួយចំនួន នៃការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃ។ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ «ក្រោយពីបានដើរពិនិត្យជុំវិញអស់ហើយ ឃើញថាពហុកីឡដ្ឋានជាតិមរតកតេជោមានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដោយមានការរៀបចំតាមលំដាប់លំដោយ មានសណ្ដាប់ធ្នាប់ល្អគ្រប់កន្លែង ទាំងបន្ទប់ កន្លែងបច្ចេកទេស និងកន្លែងផ្សេងៗទៀត បានបែងចែកត្រឹមត្រូវ សូម្បីច្រកចេញ-ចូល ពោលគឺត្រូវនឹងស្ដង់ដារពហុកីឡដ្ឋានជាតិអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត»។ ឯកឧត្ដមបានលើកឡើងថា ជាទូទៅពិនិត្យឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោពេលនេះ គឺចប់សព្វគ្រប់ ១០០ភាគរយហើយ ដូចយើងបានដើរមើល គឺនៅតែការតុបតែង កែលម្អតិចតួចប៉ុណ្ណោះ ព្រោះធម្មតាសំណង់ធំស្កឹមស្កៃបែបនេះ យើងត្រូវការជួសជុលតិចតួចបន្ថែម។ ប៉ុន្ដែជារួម សំណង់ទូទៅ ទីលានទូទៅ បន្ទប់ទូទៅ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក គឺរួចអស់ហើយ។ ទន្ទឹមនេះ យើងកំពុងតែពិនិត្យមើលលទ្ធភាព និងពេលវេលា ហើយខាងក្រុមហ៊ុនសាងសង់ចិន ក៏បានដកកម្មករជំនាញទៅវិញបណ្ដើរៗ ហើយត្រៀមរៀបចំបណ្ដុះបណ្ដាលកម្មករខ្មែរ ជំនាញការខ្មែរ និងវិស្វករខ្មែរ កំពុងរៀបចំបណ្ដើរៗ រហូតដល់ថ្ងៃប្រគល់ និងទទួល ដែលតាមគម្រោង អាចក្នុងខែតុលា"។
អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា៖ «ប៉ុន្ដែជាទូទៅគណៈកម្មការពិនិត្យបច្ចេកទេស ទាំងភាគីចិន ស្ថានទូតចិននៅកម្ពុជា ក៏ដូចគណៈកម្មការត្រួតពិនិត្យដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន គឺបានឯកភាពគ្នាអស់ហើយ គឺថា សំណង់ទាំងមូល និងបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់អស់ហើយ ទាំងទីលានបាល់ទាត់ និងទីលានអត្តពលកម្ម មានគ្រប់ទាំងអស់ ស្របតាមស្ដង់ដារទាំងអស់។ នេះគឺជាសមិទ្ធផលថ្មីមួយ ហើយយើងសង្ឃឹមថា យើងនឹងទទួលនូវមោទនភាពជាតិទាំងអស់គ្នា ចំពោះការទទួលបាននូវសមិទ្ធផលថ្មីដ៏មហាសាល ក្នុងសម័យតេជោពេលនេះ»។
ជាមួយគ្នានេះ ការសាងសង់រួចរាល់នូវសំណង់ប្រវត្តិសាស្ដ្រនេះ គណៈកម្មាធិការជាតិ CAMSOC ក៏កំពុងរៀបចំកម្មវិធី និងស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយភាគីចិន ដើម្បីអបអរសាទរមរតកដ៏អស្ចារ្យនេះ។ បន្ទាប់មកស្ដាតថ្មីនេះ នឹងអាចទទួលរៀបចំការប្រកួតអន្ដរជាតិបាន ដូចជាការដាក់បេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2021 នាខែធ្នូ និងការប្រកួតជាច្រើនទៀត ពិសេសដើម្បីជំរុញការផ្សព្វផ្សាយ និងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក