អតីតខ្សែប្រយុទ្ធក្លឹប Barcelona លោក Thierry Henry បានព្រមានទៅកាន់កីឡាករ Lionel Messi ក្រោយគេផ្ទេរមកចូលរួមនៅក្លឹបសេដ្ឋីបារាំង Paris Saint-Germain។ បញ្ជាក់ឲ្យដឹង M10 បានផ្ទេរមកក្លឹបនៅទីក្រុងប៉ារីស នៅលក្ខខណ្ឌឥតតម្លៃខ្លួន លើកុងត្រា ២ ឆ្នាំជាមួយប្រាក់ឈ្នួល ៤១ លានដុល្លារ/ឆ្នាំ។
ដ្បិតបើ Messi មកចូលរួមក្នុងក្រុមមួយដែលប្រមូលផ្តុំសុទ្ធតែតារាឆ្នើម ដូចជា Kylian Mbappe, Neymar និង Angel di Maria ជាដើម ប៉ុន្តែ PSG នៅរយៈពេលចុងក្រោយមិនមែនជាក្លឹបកំពូលនៅបារាំងនោះទេ ពោលគឺបានរបូតពានឲ្យទៅ Lille។ លោក Henry ក៏បានសង្កត់ធ្ងន់ថាផងដែរថា PSG មួយរយៈនេះរបូតគ្រាប់បាល់ច្រើន [រដូវកាលចាស់របូត ២៨ គ្រាប់ខណៈ Lille របូត ២៣ គ្រាប់] បែបនេះដោយសារប្រព័ន្ធជើងក្រោមក៏អាចជានឹងទាញឲ្យការលេងរបស់ Messi មានអតុល្យភាពផងដែរ។
ប្រាប់សារព័ត៌មាន Sport លោក Henry និយាយ៖ "តុល្យភាពក្នុងការប្រកួតគឺពិតជារឿងសំខាន់ ហើយនៅពេលនេះ យើងតែងតែនិយាយពីកីឡាករល្អបំផុត តែពួកគេក៏ត្រូវការតុល្យភាពនឹងនមួយដូចគ្នា"។
លោកបន្ត៖ "យើងនិយាយពីកាលជំនាន់ខ្ញុំលេងនៅ Barca [ពេលនោះជាមួយ Eto'o និង Messi] គឺគ្រប់គ្នាប្រហែលជាភ្លេចថា ក្រុមយើងមិនសូវរបូតគ្រាប់បាល់ច្រើននោះទេ ដោយជាការពិតក្រុមដែលមិនងាយរបូតគ្រាប់បាល់ច្រើន គឺពួកគេនឹងមិនស្ថិតនៅឆ្ងាយពីការប្រជែងបានរង្វាន់ឬ Champions League ឡើយ"។
"ពេលយើងមានកីឡាករកំពូល [ដូចជា Messi] មកចូលរួម អ្នកអាចមើលឃើញថាងាយ តែអ្វីដែលខ្ញុំឃើញ PSG ពេលនេះ គឺពួកគេបង្កកំហុសរបូតគ្រាប់បាល់ច្រើន អ៊ីចឹងវាទាមទារតុល្យភាពទៅមកដែរ ដែលវាជាចំណុចសំខាន់បំផុត"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក