ក្លឹប Man City ត្រូវបានគេរាយការណ៍ថា ប្រហែលជាអស់និស្ស័យជាមួយ Harry Kane ត្រឹមប៉ុណ្ណេះហើយ ព្រោះអីការចរចាប្រព្រឹត្តិទៅជាច្រើនសប្តាហ៍ តែមិនបានសម្រេចទាល់តែសោះ។ ហេតុផលពីក្រោយនោះអាចថា ខាងភាគី Spurs ដាក់តម្លៃខ្ពស់ជាកំហិត ហើយខាង City ក៏រឹងទទឹងមិនព្រមឲ្យនៅតម្លៃដែលក្លឹបអាណាព្យាបាលចង់បាននោះដែរ។
យ៉ាងណាបើតាមរបាយការណ៍ពីអ្នកសារព័ត៌មាន Sara Meini បានឲ្យដឹងថា ក្រុមដឹកនាំដោយអ្នកចាត់ការលោក Pep Guardiola បានសម្លឹងឃើញគោលដៅខ្សែប្រយុទ្ធថ្មីហើយ នោះគឺបង្វែរពីការចង់បាន Kane មកជាយុវជនវ័យ ២១ ឆ្នាំនៅឯក្លឹប Fiorentina គឺ Dusan Vlahovic វិញ។
កីឡាករស៊ែប៊ី គេបានបង្ហាញគុណភាពយ៉ាងល្អនៅរយៈពេលចុងក្រោយឲ្យក្លឹបនៅឯអ៊ីតាលី ដោយរដូវកាលថ្មីនេះសោតក៏ទើបតែបើកឆាកបាន ២ គ្រាប់ផងដែរ នៅជ័យជម្នះ ៤-០ ទៅលើ Cosenza សម្រាប់ព្រឹត្តិការណ៍ Coppa Italia នាថ្ងៃទី ១៣ សីហា។
គួរឲ្យដឹងដែរថា Vlahovic កន្លងមកក៏មានក្លឹបធំៗដូចជា Arsenal និង Atletico Madrid ចង់បានដូចគ្នា ហើយតម្លៃខ្លួនរបស់គេប្រហែលជាអាចថ្លៃ ៤០ លានអឺរ៉ូ ស្របពេលដែលសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក