ក្រោយ Lionel Messi មកដល់ គេជឿថាកីឡាករក្នុងក្រុម PSG ប្រាកដជានឹងមានខ្លះត្រូវចាកចេញ ជាពិសេសគឺនៅតំបន់ប្រយុទ្ធ ដែលកាន់តែគរជើងគ្នា។ កន្លងមកយើងលឺដំណឹងយុវជន Kylian Mbappe ថាចង់ផ្ទេរទៅ Real Madrid ដល់ឥឡូវគឺម្នាក់ទៀតហើយ ដែលជាខ្សែប្រយុទ្ធកណ្តាល Mauro Icardi។
តាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Calciomercato បានឲ្យដឹងថា ក្រោយវត្តមាន M10 មកដល់ទឹកដី Parc des Princes ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំ Icardi ក៏មានបំណងចង់ផ្ទេរទៅក្លឹប Juventus នៅឯលីគកំពូល Serie A។
បញ្ជាក់ឲ្យដឹងបន្តិច Icardi ត្រូវបានក្លឹប PSG ទិញផ្តាច់ពី Inter Milan តម្លៃ ៥០ លានអឺរ៉ូ តែការមកដល់នៅក្លឹបបារាំង គេក៏មិនសូវបានលេងទៀងទាត់នោះដែរ ដោយគេជាស្រមោលរបស់ Mbappe ដែលជាន់ Role តែមួយនៅប្រយុទ្ធកណ្ដាល។ យ៉ាងណាពេលបន្ថែម Messi មកដល់ម្នាក់ទៀត ដ្បិត Role ខុសគ្នាមួយនៅប្រយុទ្ធស្លាប តែក៏ជឿថា ឱកាសរកគ្រាប់បាល់និងការបង្ហាញខ្លួននឹងកាន់តែខ្សត់ជាងមុន។
ដោយជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ថានៅធ្វើបានល្អ គេសម្រេចចង់ផ្ទេរទៅ Juventus ដើម្បីលេងជាមួយ Cristiano Ronaldo វិញ ហើយទៅប្រជែងតំណែងរបស់ Paulo Dybala ក៏ដូចជា Alvaro Morata នៅជម្រើសដំបូង។ រំឭកដែរថាសុពលភាពកុងត្រារបស់ Icardi ត្រូវផុតនៅឆ្នាំ ២០២៤ ឯណោះ ហើយបើលៃលកផ្ទេរចេញនៅរដូវក្តៅនេះ ក្លឹបអាចជាលក់បានតម្លៃស្មើដើម ឬខាតជាងមុនបន្តិចបន្តួច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក