Son Heung-min បានក្លាយជាតួឯកនៅប្រកួតបើកឆាកឲ្យក្លឹប Tottenham Hotspur បន្ទាប់ពីជួយក្រុមយកឈ្នះ ទៅលើក្រុមការពារជើងឯកគឺ Man City ដោយលទ្ធផល ១-០។ វាជាការបញ្ចប់ទីដ៏ល្អមួយ ហើយក៏ជាការបន្ថែមគ្រាប់បាល់ទី ៦ ទល់ក្រុមដឹកនាំដោយលោក Pep Guardiola ផងដែរ។
និយាយក្រោយចប់ការប្រកួត សម្រាប់កីឡាករអាស៊ីដែលសេសសល់សុពលភាពដល់ឆ្នាំ ២០២៥ និយាយថា បើគេអាចលេងឲ្យ Spurs ១០ ឆ្នាំថែមទៀត ឬដល់ពេលគេមានអាយុ ៣៩ ឆ្នាំ ក៏គេមិនរុញរានឹងលេងនោះដែរ ពោលគឺរីករាយនឹងបន្តអាជីពការឈរជើងនៅមាន់ខ្នាយមាស។
Son ឆ្លើយប្រាប់ Sky Sports៖ "ហ្នឹងហើយ បើខ្ញុំអាចបន្តឈរជើង ៤ ឆ្នាំបន្ថែមទៀតលើកុងត្រាដែលមាន ក៏ខ្ញុំនឹងបន្ត តែបាល់ទាត់យើងមិនអាចសន្យាទុកជាមុនបានទេ គឺមានតែរង់ចាំមើលដូចគ្នា ដូច្នេះហើយទើបខ្ញុំចុះហត្ថលេខាលើកុងត្រាថ្មីកន្លងមក ព្រោះខ្ញុំគិតថាមិនមានកន្លែងណាដែលសក្ដិសមជាងទីនេះទេ"។
លោកបន្តថា៖ "ខ្ញុំអាចនៅទីនេះរយៈពេល ១០ ឆ្នាំទៅមុខទៀត ដោយយើងមិនអាចដឹងមុនឡើយថានឹងមានរឿងអ្វីនៅពេលខាងមុខ ដឹងត្រឹមពេលនេះខ្ញុំផ្តោតលើបច្ចុប្បន្នភាព ព្យាយាមពង្រឹងខ្លួនឯងរៀងរាល់ថ្ងៃ រៀងរាល់រដូវកាល មួយទៀតខ្ញុំគិតថាបើក្រោយ ១០ ឆ្នាំនោះ គឺផ្នត់គំនិតវាសំខាន់ជាងគុណភាពហើយ"។
បញ្ជាក់ឲ្យដឹងដែរថាខ្សែប្រយុទ្ធកូរ៉េខាងត្បូង បានចាយពេលនៅក្លឹបអង់គ្លេសតាំងពីឆ្នាំ ២០១៥ ហើយសរុបមកទល់ពេលនេះ បង្ហាញខ្លួនសរុប ២៨១ ប្រកួត រកបាន ១០៨ គ្រាប់និង Assist ៦៤ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក