ក្លឹបបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងគិតគូរចង់ដាក់សំណើទៅកាន់កីឡាករ Paul Pogba ដោយព្រមឲ្យថ្លៃពលកម្មខ្ពស់កប់ពពក ល្មមអាចឲ្យគេក្លាយជាបុគ្គលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតលំដាប់ទី ២ ប្រចាំក្លឹប។
ជាការពិតខ្សែបម្រើបារាំងត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំក្រោយ ២០២២ ហើយសំណើសារនេះក្លឹបដឹកនាំដោយសេដ្ឋីកាតាមានបំណងចង់ ប្រជែងយក Pogba ចេញពីការចាប់អារម្មណ៍របស់ Real Madrid និង Barcelona។ យុទ្ធសាស្រ្តរបស់ PSG គឺប្រើលុយធំ ថ្ពក់យកកីឡាករផុតកុងត្រា ហើយ Pogba ជាជម្រើសចម្បងមួយនៅពេលបន្ទាប់។
តាមរបាយការណ៍ក្រៅស្រុកចុះផ្សាយថា PSG ហ៊ានឲ្យថ្លៃពលកម្មកីឡាករវ័យ ២៨ ឆ្នាំដល់ទៅ ៥១០ ០០០ ផោន/សប្តាហ៍ឯណោះ ដែលទំហំនេះច្រើនជាង Neymar ទទួលបាន ៤៩០ ០០០ ផោន តែទាបជាង Messi ទទួលបាន ៦៥០ ០០០ ផោន/សប្តាហ៍។
យើងមិនទាន់ច្បាស់នោះទេថា Pogba នឹងសម្រេចចិត្តបែបណា តែតាមដំណឹងចុងក្រោយលឺថាគេដាក់ចិត្តចង់ផ្ទេរទៅក្លឹបអេស្ប៉ាញ Real Madridច្រើនជាងក្លឹបណាទាំងអស់។ ប៉ុន្តែគ្រប់យ៉ាងវាស៊ីសងលើការចរចា ជាពិសេសនៅពេលដែល PSG ហ៊ានឲ្យថ្លៃពលកម្មលំដាប់អភិជនដ៏ខ្ពស់បែបនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក