បើតាមរបាយការណ៍ពីសារព័ត៌មាន ABC បានឲ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ Real Madrid ព្រមបញ្ចុះតម្លៃ Martin Odegaard មកសល់ត្រឹម ៣៤ លានផោនហើយ ខណៈដែលតម្លៃចាស់កាលពីកំឡុងខែកក្កដាចូលក្បែរ ៥០ លានផោនឯណោះ។
ជាការពិតក្លឹបដែលត្រូវការ Odegaard បំផុតពេលនេះ ហើយក៏ជាក្លឹបដែលសាមីខ្លួនចង់ផ្ទេរទៅស្រាប់នោះ គឺ Arsenal ដែលពួកគេបានខ្ចីជើងកីឡាករន័រវេសនៅរដូវកាលឆ្នាំទៅ។ ចន្លោះខ្សែបម្រើដែលកាំភ្លើងធំខ្វះខាត ពិតជាត្រូវការ Odegaard មកបំពេញចាំបាច់ តែពេលនេះការចរចាមិនទាន់សម្រេចទៅបាននៅឡើយ។
ប្រភពបានសង្កត់ធ្ងន់ថា Real Madrid ព្រមចុះអស់ប៉ុណ្ណឹងហើយ ពោលគឺ ៣៤ លានផោន ដែលក្នុងនោះក៏មានបង្កប់នៅកិច្ចព្រមព្រៀងផ្សេងៗ ៨,៥ លានផោន។ ប៉ុន្តែខាងភាគី Arsenal ថាអាចផ្តល់ឲ្យត្រឹម ២៥ លានផោនប៉ុណ្ណោះ តែយ៉ាងណាក្លឹបអធិរាជស ក៏មិនទាន់ច្បាស់ថាព្រម ឬចរចាបែបណាទៀតដែរ។
គួរឲ្យដឹងដែរថា កីឡាករវ័យ ២២ ឆ្នាំត្រូវផុតកុងត្រាជាមួយក្លឹប Madrid នៅចុងខែមិថុនា ឆ្នាំ ២០២៣។ តាមថាតម្លៃប៉ុណ្ណឹងគឺទាបបំផុតហើយ ដោយ Real ចង់លក់ ព្រោះគរជើង ហើយចង់បានចំណូលចូលក្លឹបខ្លះផងទេ។ សរុបការចាយពេល ៦២ ប្រកួតឲ្យក្លឹបអធិរាជស គេរកបាន ៥ គ្រាប់និង Assist ៨ លើកដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក