តារាឆ្នើមអាហ្សង់ទីនបានផ្ទេរទៅចូលរួមនៅក្លឹប Paris Saint-Germain និងបង្ហាញវត្តមានក្នុងកីឡដ្ឋានជាផ្លូវការកាលពីយប់មិញ។ អ្វីដែលសេសសល់នៅក្លឹបចាស់ Barcelona ក្រៅពីស្ថិតិនិងកំណត់ត្រាជាច្រើន M10 ក៏បានបន្សល់នៅរបស់របរគួរឲ្យចាប់អារម្មណ៍មួយចំនួនផងដែរ។
ជាក់ស្តែងដូចថ្ងៃប្រកាសចែកផ្លូវនៅសន្និសីទផ្លូវការ ត្រឹមតែក្រដាសជូតទឹកភ្នែកដែល Leo Messi បានប្រើប្រាស់នៅថ្ងៃនោះ ក៏ ត្រូវបានគេរើសយកមកដាក់លក់ជារបស់មានតម្លៃ ដែលថ្លៃដល់ទៅ ១ លានដុល្លារអាមេរិក។ តម្លៃនេះបើយើងប៉ាន់ស្មានមើលទៅ គឺទិញបានរថយន្តទំនើប Lexus LX 570 ដល់ទៅ ៥ គ្រឿងឯណោះ។
បញ្ជាក់ថា ក្រដាសជូតទឹកភ្នែកសារនេះ មូលហេតុដែលត្រូវបានគេឲ្យតម្លៃវាខ្ពស់ ព្រោះវាត្រូវបានគេប្រដូចទៅនឹងរបស់ចុងក្រោយរបស់កីឡាករអាហ្សង់ទីននៅ Barcelona។ វាចៃដន្យដូចទៅនឹងកិច្ចកុងត្រាដំបូងដែលតារាឆ្នើមវ័យ ៣៤ ឆ្នាំចុះហត្ថលេខាឲ្យអ្នកមានបុណ្យដំបូង ក៏សរសេរកិច្ចព្រមព្រៀងលើក្រដាសជូតមាត់អ៊ីចឹងដែរ។ ដូច្នេះវាក៏ជារបស់ដំបូង ហើយក៏ជារបស់ចុងក្រោយនៅក្លឹបយក្សអេស្ប៉ាញមួយនេះ។
បញ្ជាក់ឲ្យដឹងដែរថា Messi បានចាយពេលនៅក្លឹប Barcelona ឈុតធំរយៈពេល ១៦ ឆ្នាំ ដោយបង្ហាញខ្លួនសរុប ៧៧៨ ប្រកួត រកបាន ៦៧២ គ្រាប់និង Assist ៣០៥ លើក។ បន្ថែមពីនេះលោកក៏បានឈ្នះពានរង្វាន់ជាច្រើន ដោយរាប់ទាំងពានជាមួយក្លឹបនិងឯកត្តជនមិនក្រោម ៤០ ពានឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក