ដ្បិត Lionel Messi បានសម្រេចការផ្ទេរមកកាន់ក្លឹបថ្មី Paris Saint-Germain ជាផ្លូវការហើយក្តី តែយ៉ាងណាកិច្ចព្រមព្រៀងចាស់មួយចំនួននៅក្លឹប Barcelona ក៏នៅតែបន្តឲ្យលោក អាចទទួលបានប្រាក់មួយចំនួនផ្សេងទៀតដដែល ដ្បិតលែងឈរជើងនៅទីនោះក៏ដោយ។
កីឡាករវ័យ ៣៤ ឆ្នាំ បានចាកចេញពីក្លឹបដែលខ្លួនឈរជើងអស់រយៈពេល ២១ ឆ្នាំកាលពីសប្តាហ៍មុន ក្រោយក្លឹបជួបបញ្ហាហិរញ្ញវត្ថុនៅវិនាទីចុងក្រោយ។ តាមការឲ្យដឹងពី El Mundo បានបញ្ជាក់ កំឡុងពេលស្ថិតក្នុងកិច្ចព្រមព្រៀងប្រាក់ពលកម្ម ៧២ លានអឺរ៉ូ ដែលក្លឹបត្រូវបង់ឲ្យ Messi សារមុននោះ គឺនៅសល់ប្រាក់ ៣៩ លានអឺរ៉ូផ្សេងទៀត ដែលជាប្រាក់ឧបត្ថម្ភសម្រាប់កីឡាករស្មោះត្រង់នឹងក្លឹប (ចាយពេលកាន់ឆ្នាំនៅចំនួនកំណត់)។
លុយនោះអ្នកមានបុណ្យបម្រុងថានឹងទូទាត់ឲ្យកីឡាករអាហ្សង់ទីន នៅពេលបន្តបន្ទាប់ ក្រោយពីគេត្រលប់មក Camp Nou សារជាថ្មី តែសោកស្តាយវាមិនអាចសម្រេចទៅបាន។ យ៉ាងណាប្រភពបានឲ្យដឹងថា ក្លឹបនៅតែត្រូវបន្តទូទាត់ជាចាំបាច់មកឲ្យ Messi នៅពេលវេលាសមរម្យណាមួយ។
រំឭកថាកីឡាករអាហ្សង់ទីនបានចាយពេលសឹងតែមួយអាជីពនៅអ្នកមានបុណ្យ ដោយជួយក្លឹបឈ្នះពានរង្វាន់ជាច្រើន មិនក្រោម ៣០ លើកឡើយ។ ស្ថិតិជារួមរបស់កីឡាករវ័យ ៣៤ ឆ្នាំនៅក្លឹបម្ចាស់ដី Camp Nou គេបង្ហាញខ្លួន ៧៧ ប្រកួត រកបាន ៦៧២ គ្រាប់និង Assist ៣០៥ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក