ក្លឹប Real Madrid ទើបតែយកបាន David Alaba មួយគត់នៅតំបន់ការពារ តែជាក់ស្តែងក្លឹបបានបាត់បង់ជើងសំខាន់ដល់ទៅ ២ រូបមាន Raphael Varane និង Sergio Ramos។ ដូច្នេះហើយគេជឿថា អធិរាជសនឹងនៅតែបន្តចាយលុយមួយចំនួនផ្សេងទៀត ប្រសិនទទួលបានឱកាសល្អក្នុងការចរចានាពេលខាងមុខ។
ទន្ទឹមដែលទីផ្សារដោះដូរសេសសល់រយៈពេលមិនដល់ ៣ សប្តាហ៍ ក៏លឺថាក្រុមដឹកនាំដោយអ្នកចាត់ការលោក Carlo Ancelotti ហាក់ចាប់អារម្មណ៍លើខ្សែការពារដ៏រឹងមាំមួយរូបរបស់ Chelsea គឺ Antonio Rudiger ដែលជាប់រហស្សនាមជាក្របីព្រៃមាឌឌាំងនៅតំបន់ការពារកណ្តាលរបស់ក្លឹបម្ចាស់ដី Stamford Bridge។ នេះបើតាមសារព័ត៌មាន Sky Sports បានចុះផ្សាយ។
ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ ត្រូវផុតកុងត្រានៅរដូវក្តៅឆ្នាំក្រោយ ២០២២ ដូច្នេះមានន័យថា ត្រឹមខែមករា បើគេមិនបន្តកុងត្រាថ្មីទេនោះ គេក៏មានសិទ្ធអាចចរចាជាលក្ខណៈ Pre-Contract ជាមួយក្លឹបថ្មីដែលគេត្រៀមទៅចូលរួមបាន។ យ៉ាងណាបើ Chelsea ខ្លាចបាត់បង់គេដោយឥតតម្លៃខ្លួន នោះក្លឹបនឹងត្រូវលក់ Rudiger ត្រឹមទីផ្សារដោះដូរសារនេះ ហើយគេអាចមានតម្លៃប្រមាណ ២៨ លានអឺរ៉ូ។
រំឭកដែរថា Rudiger គឺជាខ្សែការពារដ៏សំខាន់មួយរូប របស់លោក Thomas Tuchel នៅរយៈពេលចុងក្រោយ ដែលគេជាចំណែកដ៏ធំបានជួយឲ្យក្រុមលើកពាន UCL រដូវកាលមុន។ សរុបស្ថិតិជារួមចាយពេលនៅក្លឹប Chelsea ជាង ៤ ឆ្នាំ ខ្សែការពារវ័យ ២៨ ឆ្នាំ បង្ហាញខ្លួន ១៥០ ប្រកួត រកបាន ៧ គ្រាប់និង Assist ៣ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក