ក្លឹប Inter Milan បានព្រមព្រៀងជាមួយភាគីកីឡាករបែលហ្សិកហើយ ក្នុងការបញ្ចប់កុងត្រាមុនកាលកំណត់ នោះគឺខ្សែបម្រើ Radja Nainggolan ដែលបានផ្ទេរពីក្លឹប AS Roma នៅឆ្នាំ ២០១៨ ជាមួយតម្លៃ ២៤ លានអឺរ៉ូ។
យ៉ាងណារយៈពេលជាង ៣ ឆ្នាំមកនេះ ខ្សែបម្រើខាងលើបានមានឱកាសចូលលេងឲ្យ Inter តែ ៤១ លើកគត់ ដែលកម្រិតនេះប្រហែលកីឡាករសកម្មលេងត្រឹមមួយរដូវកាលក៏បានទៅហើយ។ ពេលវេលារបស់គេបែរជាទៅជាប់លាប់ជាមួយក្លឹប Cagliari នៅលក្ខខណ្ឌខ្ចីជើងឯណោះវិញ។
បើតាមរបាយការណ៍ពីសារព័ត៌មាន Ginaluca Di Marzio បានឲ្យដឹងថា Nainggolan សម្រេចបញ្ចប់កុងត្រាមុនកុងត្រាត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ ដើម្បីផ្ទេរទៅចូលរួមឥតគិតថ្លៃនៅក្លឹប Cagliari ជាកីឡាករមានកុងត្រាពេញលេញនៅទីនោះវិញ។ កិច្ចពិភាក្សានៃការសុំបញ្ចប់កុងត្រានេះ ត្រូវបានព្រមព្រៀងរវាងភាគីកីឡាករនិងក្លឹបហើយ ដោយសម្រេចឲ្យបុរសវ័យ ៣៣ ឆ្នាំត្រូវទទួលយកថ្លៃពលកម្មតែ ៥០ ភាគរយប៉ុណ្ណោះនៃថ្លៃពលកម្មលើសុពលភាពសេសសល់។
ដោយតាមដឹងគេត្រូវទទួលបាន ៤ លានអឺរ៉ូ សម្រាប់ ២ រដូវកាលផ្សេងទៀត តែដោយសារព្រមព្រៀងកាត់ ៥០ ភាគរយ ដូច្នេះទទួលបាន ២ លានអឺរ៉ូ ហើយក្លាយជាកីឡាករឥតតម្លៃខ្លួនលើទីផ្សារដោះដូរ អាចចរចាជាមួយក្លឹបថ្មីបានដោយសេរី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក