អ្នកគាំទ្រនៅតែមិនអស់ចិត្ត អំពីអ្វីដែលក្លឹប Barcelona បានសម្រេចក្នុងការចែកផ្លូវជាមួយ Lionel Messi ក្រោមហេតុផលការដែលមិនអាចចំណាយលើសកម្រិតនៃច្បាប់របស់ La Liga។ យ៉ាងណាតាមការជឿជាក់របស់អតីតក្រុមប្រឹក្សាភិបាលនៅក្លឹបគឺលោក Jaume Llopis បាននិយាយថា គ្រប់យ៉ាងមិនមែនជាការសម្រេចរបស់ Joan Laporta ជាប្រធានក្លឹបនោះទេ តែជាការសម្រេចរបស់នាយកប្រតិបត្តិក្លឹប។
លោក Llopis បានទម្លាយចំៗថា៖ "នាយកប្រតិបត្តិ [CEO] ថ្មី [Ferran Reverter] ជាអ្នកកាន់តំណែង ហើយខ្ញុំដឹងច្បាស់ណាស់ថាគ្រប់យ៉ាងគឺត្រូវឆ្លងកាត់ CEO ហើយការចុះហត្ថលេខាអ្វីទាំងឡាយ គឺជា CEO ជាអ្នកសម្រេចទាំងស្រុង មិនមែនជាប្រធានក្លឹបនោះទេ"។
លោកបន្ថែមទៀតថា៖ "នាយកប្រតិបត្តិគេបានគំរាមកំហែង Joan Laporta នូវការអាចអស់តំណែង ហើយ Laporta គេទទួលរងសម្ពាធពី CEO និងផ្នែកមួយផ្សេងទៀតគឺ Florentino[ប្រធានក្លឹប Real Madrid] ក៏បានចូលរួមចំណែកក្នុងការបង្កើតឲ្យរឿងនេះកើតឡើងដែរ ពោលគឺពួកគេទាំងពីរ [Florentino Perez និង Ferran Reverter] ជាអ្នកទាត់ Messi ចេញពីក្លឹបពិតប្រាកដ និងជាអ្នកដែលមិនសម្រេចឲ្យកិច្ចព្រមព្រៀងជំនួយប្រាក់ CVC កើតឡើងបាន"។
គួរបញ្ជាក់ថា បើកិច្ចព្រមព្រៀង CVC អាចកើតឡើងបាន នោះបណ្តាក្លឹបទាំងអស់នៅក្របខ័ណ្ឌ La Liga នឹងទទួលបានជំនួយបម្រុង ដែលជាចំណូលមួយផ្នែកជួយឲ្យក្លឹបអាចដោះស្រាយបញ្ហាជាច្រើន រួមទាំងការបន្តកុងត្រាថ្មីឲ្យ Messi នេះទៀតផង តែចុងក្រោយវាមិនអាចដំណើរការទៅបាន ក្រោមហេតុផលដែលយើងមិនទាន់អាចបកស្រាយឲ្យស៊ីជម្រៅនៅពេលនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក