មួយរយៈនេះប្រហែលអ្នកគាំទ្របានលឺហើយនៅពាក្យពេចន៍បង្ហោះលើបណ្តាញសង្គម ដែលគាំទ្រឲ្យ Romelu Lukaku ចូលជំនួសតំណែង Timo Werner នៅតំបន់ប្រយុទ្ធកណ្តាលរបស់ Chelsea។ សូម្បី លោក Rio Ferdinand ក៏ថែមទាំងបោះពាក្យថា បើ Lukaku មកលេងឲ្យតោខៀវ ដូច Werner ឈរជើងរដូវកាលមុន ម្ល៉េះអាចរកបាន ៣០-៣៥ គ្រាប់យ៉ាងធូរ។
យ៉ាងណាតាមការឆ្លើយតបមកវិញ របស់សាមីខ្លួន Werner ផ្ទាល់ ក៏និយាយបែបសាទរ និងបង្ហាញការរីករាយជាធម្មតាទៅវិញ អំពីការត្រៀមមកដល់របស់កីឡាករបែលហ្សិកនៅពេលដ៏ខ្លីខាងមុខ។
ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ និយាយប្រាប់ Sky Sports ដូច្នោះថា៖ "គេ [Lukaku] គឺជាខ្សែប្រយុទ្ធល្អបំផុតមួយក្នុងចំណោមខ្សែប្រយុទ្ធទាំង ៣ ក្នុងលោកពេលនេះ ដោយខ្ញុំមិនចាំបាច់ត្រូវនិយាយអ្វីច្រើនទេ ដឹងត្រឹមថា លំដាប់ខ្សែប្រយុទ្ធ World-class ដូចជាគេពិតជាអាចបង្កើតផ្លែផ្កាជាច្រើនមកកាន់ក្រុម"។
Werner បន្ត៖ "ខ្ញុំគិតតាំងពីកាលនៅ Leipzig ដោយតែងតែគិតចង់បានខ្សែប្រយុទ្ធលំដាប់កំពូលលេងជាមួយខ្ញុំ ហើយគិតថាវាល្អទៅវិញទេ ព្រោះខ្ញុំមិនធំជាងនរណាឡើយ ដូច្នេះនេះជាអាវុធថ្មីមួយ ហើយការដែលមានកីឡាករល្បឿនលឿននៅជុំវិញគេទៀត នោះខ្ញុំគិតថានឹងកាន់តែល្អខ្លាំងសម្រាប់ក្រុមទាំងមូល"។
គួររំឭកថា បុរសវ័យ ២៥ ឆ្នាំបានចាយពេល ១ រដូវកាលពេញនៅ Chelsea ដោយក្រៅពីជោគជ័យធំនៅពាន UCL ទៅមើលស្ថិតិជារួមគេបង្ហាញខ្លួន ៥២ ប្រកួត រកបាន ១២ គ្រាប់និង Assist ១៥ លើកឲ្យក្លឹបម្ចាស់ដី Stamford Bridge៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក