មានអ្នកគាំទ្រជាច្រើនបានទទូចឲ្យក្លឹប Barcelona គួរតែដាក់អាវលេខ ១០ ឲ្យចូលនិវត្ត ពោលមិនត្រូវប្រគល់ឲ្យកីឡាករដទៃណាប្រើប្រាស់បន្ទាប់ទៀតនោះទេ នៅរដូវកាលថ្មី ២០២១/២២ ខាងមុខ។ យ៉ាងណាសំណើនេះ ហាក់មិនអាចប្រព្រឹត្តិទៅបានឡើយ ព្រោះច្បាប់នៅ La Liga មានលក្ខខណ្ឌតឹងរ៉ឹង។
សមាគមបាល់ទាត់អេស្ប៉ាញបានប្រកាសថា La Liga មានច្បាប់ជាកំហិត គឺកំណត់ឲ្យក្រុមទាំងអស់ត្រូវមានកីឡាករដែលបំពេញនៅលេខ ១ ដល់លេខ ២៥ ដោយមិនអនុញ្ញាតឲ្យសល់ចន្លោះលេខណាមួយឡើយ។ ហេតុនេះហើយដោយសារអាវលេខ ១០ របស់ Messi ស្ថិតក្នុងបញ្ជីដាក់កំហិតនោះ ទើបនាំឲ្យក្លឹបមិនអាចចូលនិវត្តលេខរបស់វីរបុរសខាងលើបាន ហើយចាំបាច់ត្រូវរកអ្នកថ្មីមកស្នងមុនបើករដូវកាលថ្មី ២០២១/២២។
នេះខុសពីច្បាប់នៅកីឡា NBA, នៅ Serie A ឬសូម្បីតែ Premier League ដែលមិនហាមប្រាមដល់ម្លឹងនោះទេ ជាក់ស្តែងដូចកាល Chelsea ពួកគេបានប្រកាសចូលនិវត្តអាវលេខ ២៥ របស់ Gianfranco Zolaដែលមិនឲ្យនរណាប្រើប្រាស់មកទល់បច្ចុប្បន្ន។
រំឭកថាសម្រាប់អាវលេខ ១០ របស់ Messi នៅប្រវត្តិសាស្រ្តក្លឹប បានគ្រងតគ្នាច្រើនជំនាន់មកហើយ ដោយមានដូចជា Angel Cuellar (១៩៩៥-៩៦), Giovanni (១៩៩៦-៩៧), Jari Litmanen (១៩៩៩-២០), Rivaldo (២០០០-០២), Juan Roman Riquelme (២០០២-០៣), Ronaldinho (២០០៣-០៨) និង Lionel Messi (២០០៨-២១)៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក