ក្លឹប FC Barcelona ទើបតែបញ្ចប់ការប្រកួតទល់ក្លឹប Barcelona នៅពានរង្វាន់ Joan Gamper Trophy កាលពីពេលកន្លងទៅ។ ត្រៀមនឹងចូលរដូវកាលថ្មី ២០២១/២២ នៅ La Liga ពេលខាងមុខនេះហើយ ក្លឹបស្រាប់តែប្រកាសដំណឹងអាក្រក់ ដែលខ្សែប្រយុទ្ធ Sergio Aguero បានជួបបញ្ហារបួស។
Aguero ដែលមិនទាន់បានចូលលេងឲ្យអ្នកមានបុណ្យស្រួលបួលផងនោះ មានជួបបញ្ហារបួសកំភួនជើងខាងស្តាំ ហើយកាលពីប្រកួតទល់សេះបង្កង់ក៏គេមិនបានបង្ហាញវត្តមានដែរ។ តាមរយៈការត្រួតពិនិត្យ ក្លឹបប្រកាសថាតារាឆ្នើមសញ្ជាតិអាហ្សង់ទីន នឹងខកខានពីទីលានរយៈពេល ១០ សប្តាហ៍ឬចូលជាង ២ ខែឯណោះ។
ដូច្នេះមានន័យថាប្រកួត La Liga ៥-៦ ជុំដំបូង នឹងគ្មានវត្តមានកីឡាករខាងលើជួយក្លឹបនៅតំបន់ប្រយុទ្ធនោះទេ ហើយទើបតែរបូត Lionel Messi ម្នាក់ផង អ៊ីចឹងប្រព័ន្ធខាងលើនឹងកាន់តែពិបាក ណាមួយក៏ខុសពីការគ្រោងទុករបស់គ្រូដែរ ព្រោះធម្មតាទេយកអ្នកខ្លាំងមកគឺយកមកចង់ឲ្យលេង តែឥឡូវបែរជាជួបរបួសទៅវិញ។
គួររំឭកថា Aguero ធ្លាប់ជាម៉ាស៊ីនបញ្ចប់នៅ Man City ដែលរកបាន ១៨៤ គ្រាប់នៅក្របខ័ណ្ឌ Premier League។ ការផ្ទេរមក Camp Nou សារនេះ គេជឿថានឹងត្រូវបានគ្រូដាក់ឲ្យលេងប្រយុទ្ធកណ្តាល ហើយសង្ឃឹមអាចធ្វើបានល្អដូចជំនាន់កាល Luis Suarez នៅឈរជើង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក