លោក Simon Mullock អ្នករាយការណ៍ព័ត៌មានរបស់ Daily Mirror ដែលជាប្រភពគួរឱ្យទុកចិត្តមួយបានឱ្យដឹងថា Inter Milan ចាប់អារម្មណ៍ក្នុងការយក Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ស្របពេលដែល Romelu Lukaku ជិតត្រលប់មក Chelsea វិញ។
Inter ចង់ចុះហត្ថលេខាលើ Martial តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ប៉ុន្តែវាមិនដំណើរការទេ ហើយពេលនេះក្លិបដែលកាន់កាប់ដោយក្រុមហ៊ុនចិនត្រៀមខ្លួនព្យាយាមបញ្ចុះបញ្ចូលម្តងទៀត។
ខណៈដែលក្រុមលេងក្នុងលីគអ៊ីតាលីមួយនេះចង់បានរូបគេក្នុងលក្ខខណ្ឌខ្ចីជើងនោះ Daily Mirror យល់ថា Manchester United នឹងយល់ព្រមលុះត្រាតែមានកាតព្វកិច្ចទិញផ្ដាច់ក្នុងកិច្ចព្រមព្រៀងនេះ។
បិសាចក្រហមត្រូវបានគេរាយការណ៍ថាមានបំណងចង់លក់ Martial នៅរដូវក្តៅ ដោយកីឡាករសញ្ជាតិបារាំងរូបនេះហាក់មិនបានបង្ហាញទម្រង់លេងល្អដូចគាត់មកកាលពីប៉ុន្មានឆ្នាំមុន។
ប្រសិនបើមានការលក់មែន United ត្រូវតែព្យាយាមយកមកវិញនូវទឹកប្រាក់ចំនួន ៥០ លានផោន ដែលពួកគេបានចំណាយដើម្បីចុះហត្ថលេខាលើរូបគេកាលពីឆ្នាំ២០១៥ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក