ក្លឹបបារាំង Paris Saint-Germain ត្រូវបានគេជឿជាក់ថា យ៉ាងហោចណាស់ ៤៨ ម៉ោងទៀត ក្លឹបនឹងយកបាន Lionel Messi ដែលជាកីឡាករឥតតម្លៃខ្លួនលើទីផ្សារដោះដូរហើយ។ បើតាមរបាយការណ៍ក្រៅស្រុកបានឲ្យដឹង M10 នឹងទទួលបានថ្លៃពលកម្មដល់ទៅ ៣៤ លានផោន ឬ ៤០ លានអឺរ៉ូឯណោះ បើកាត់កងការបង់ពន្ធចូលរដ្ឋាភិបាលបារាំងរួចរាល់។
ជាមួយថ្លៃពលកម្មនេះ តើបុរសវ័យ ៣៤ ឆ្នាំ ទទួលបានខ្ពស់ជាងគេ ឬទាបជាងកីឡាកររូបណាខ្លះ? ចម្លើយគឺតម្លៃពលកម្មរបស់ Messi នឹងខ្ពស់ជាងគេបង្អស់ប្រចាំក្លឹប ពោលច្រើនជាងទាំង Neymar និង Mbappe ទៅទៀត។ នេះបើធៀបនឹងកីឡាករសំខាន់ៗមួយចំនួនមានដូចជា (បញ្ជាក់៖ ប្រាក់ពលកម្ម អឺរ៉ូ/ឆ្នាំ) Neymar រកបាន ៣៦,៨ លានអឺរ៉ូ, Mbappe រកបាន ១៨ លានអឺរ៉ូ, Angel di Maria បាន ១៣,៤៤ លានអឺរ៉ូ និង Sergio Ramos រកបាន ១២ លានអឺរ៉ូជាដើម។ កីឡាករភាគច្រើនផ្សេងទៀតស្ថិតនៅក្រោមតួលេខ ១០ លានអឺរ៉ូប៉ុណ្ណោះ។
យ៉ាងណាយើងមិនទាន់ច្បាស់នោះទេថាច្បាប់នៅលីគបារាំង Ligue 1 អាចនឹងដំណើរការដូច La Liga ឬបែបណា ព្រោះបើ PSG បន្ថែមការយក Messi ម្នាក់ទៀត នោះពួកគេអាចនឹងល្មើសច្បាប់ FFP ក៏ថាបាន ដូច្នេះនឹងមានការទាមទារឲ្យកាត់បន្ថយតម្លៃពលកម្មរបស់កីឡាករមួយចំនួន ឬលក់កីឡាករសំខាន់ណាមួយចេញដើម្បីជាការប៉ះប៉ូវ។
គួរបញ្ជាក់ថា PSG បានចាប់ផ្តើមរដូវកាល ២០២១/២២ បានមួយជុំហើយ ដោយកាលប៉ះ Troyes កន្លងទៅនេះ យកបាន ៣ ពិន្ទុក្រោមលទ្ធផល ២-១។ ប្រកួតបន្ទាប់ក្រុមដឹកនាំដោយលោក Mauricio Pochettino នឹងត្រូវប៉ះ Strasbourg៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក