សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងធ្វើការសម្រេចចិត្តថា តើប្រទេសណានឹងក្លាយជាកន្លែងសម្រាប់ការប្រកួតពានរង្វាន់ AFC Cup រដូវកាលនេះនៅសប្តាហ៍ក្រោយនេះហើយ។
បើតាមអគ្គលេខាធិការរបស់ AFC លោក Datuk Windsor Paul John គណៈកម្មការរៀបចំប្រកួតប្រជែងរបស់ AFC បានសំរេចលើករណីជ្រើសរើសទីលាននេះហើយ។ គណៈកម្មាធិការប្រកួតប្រជែងរបស់ AFC បានធ្វើការសម្រេចចិត្តរួចហើយ ហើយជាធម្មតាសេចក្តីសំរេចនឹងដាក់ជូនទៅ AFC Exco ដើម្បីអនុម័ត។
លោកបានមានប្រសាសន៍ថា៖“ ជាធម្មតា! ការសម្រេចចិត្តចុងក្រោយឬអនុម័តឲ្យប្រើប្រាស់ពី AFC Exco នឹងត្រូវពិនិត្យក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីគណៈកម្មាធិការប្រកួតប្រជែងរបស់ AFC "។
កាលពីមុន ប្រទេសសិង្ហបុរីត្រូវបានជ្រើសរើសជាកន្លែងសម្រាប់ការប្រកួតជម្រុះពូល H និង I ប៉ុន្តែក្រោយមកបានដកខ្លួនដោយសារស្ថានភាពជំងឺរាតត្បាតកូវីដនៅក្នុងប្រទេសបានបង្ហាញពីការកើនឡើងគួរឲ្យព្រួយបារម្ភ។
បឹងកេតអេហ្វស៊ី និងវិសាខា តំណាងក្លិបក្នុងប្រទេសកម្ពុជាចំនួន២ត្រូវលេងក្នុងពានរង្វាន់ AFC Cup នេះខណៈបឹងកេតត្រូវលេងក្នុងវគ្គជម្រុះក្នុងពូលហើយ វិសាខាត្រូវលេងក្នុងវគ្គជម្រុះជុំដំបូង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក