តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានធ្វើការដេញថ្លៃជាលើកទី ២ ដើម្បីចុះហត្ថលេខាជាមួយ Kieran Trippier ពីក្លិប Atletico Madrid ។
កាលពីរដូវកាលមុន! បិសាចក្រហមបានរកឃើញថាកីឡាករ Luke Shaw ចាប់ផ្តើមក្លាយជាខ្សែការពារស្លាបឆ្វេងឆ្នើមរបស់ក្របខ័ណ្ឌ Premier League បន្ទាប់ពីការមកដល់របស់ Alex Telles ពី FC Porto ។ អ៊ីចឹងហើយ!លោក Ole Gunnar Solskjaer ចង់ឲ្យតំបន់ការពារស្លាបស្ដាំរបស់ខ្លួនល្អដូចស្លាបឆ្វេងតាមរយៈវិធីសាស្រ្តប្រកួតប្រជែងដដែល។
Aaron Wan-Bissaka គឺជាខ្សែការពារសំខាន់នៅស្លាបខាងស្តាំនៅពេលនេះ ខណៈដែលអនាគតរបស់ Diogo Dalot កំពុងតែវិលវល់ទោះបីជាមានរដូវកាលមួយដ៏ល្អពេលលេងខ្ចីជើងនៅ AC Milan ក៏ដោយ។ តារាបាល់ទាត់ព័រទុយហ្កាល់រូបនេះមិនស្ថិតក្នុងជម្រើសប្រើប្រាស់របស់លោក Ole ទេហើយករណីនេះគាត់នឹងយក Trippier មកធ្វើជាជម្រើសដើម្បីប្រកួតប្រជែងក្នុងតំបន់ខាងស្ដាំ ពិសេសជួយជ្រោមជ្រែងក្នុងតំបន់ប្រយុទ្ធ។
ប្រសិនបើ United ចង់ប្រជែងដណ្តើមជើងឯក Premier League ពួកគេនឹងត្រូវការក្រុមល្អជាងនេះ។ គ្មានអ្វីប្លែកទេដែល Solskjaer ចង់បានការប្រកួតប្រជែងខ្លាំងសម្រាប់កន្លែងនេះ ព្រោះវាជាមធ្យោបាយតែមួយគត់ដែលបិសាចក្រហមអាចប្រកួតប្រជែងជាមួយ Man City ។
La Gazzetta dello Sport នៅអ៊ីតាលីអះអាងថាពេលនេះ United បានធ្វើការដេញថ្លៃលើកទី ២ សម្រាប់ Trippier ដោយការផ្តល់លើកដំបូងរបស់ពួកគេមានតម្លៃ ១០ លានផោនត្រូវបានបដិសេធដោយ Atletico Madrid (តាមរយៈ Daily Mail) ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាក្រុមបិសាចក្រហមបានបន្ថែមទឹកប្រាក់ដល់ទៅ ២១.៥ លានផោនជាការដេញថ្លៃលើកទី២
លើសពីនេះទៅទៀត! របាយការណ៍ដដែលបានបន្ថែមទៀតថា Diego Simeone ជិតនឹងទទួលយកការដេញថ្លៃជាលើកទី ២ នេះដោយ Atletico កំពុងស្វែងរកប្រាក់សម្រាប់ការចំណាយរបស់ពួកគេនៅរដូវកាលថ្មី។
បិសាចក្រហមមិនចាំបាច់ព្រួយបារម្ភអំពីបទពិសោធន៍នៃក្របខ័ណ្ឌ Premier League ជាមួយ Trippier ទេ ពីព្រោះកីឡាកររូបនេះបង្ហាញទម្រង់លេងល្អដល់កំពូលសម្រាប់ Burnley និង Tottenham Hotspur កាលពីមុន។ សារព័ត៌មាន Manchester Evening News បានអះអាងថា Trippier កំពុងត្រៀមបន្ថែមរសជាតិជីវិតនៅ Old Trafford នារដូវកាលក្រោយ។
របាយការណ៍បានលើកឡើងថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានប្តូរទៅលេខទូរស័ព្ទអង់គ្លេស បន្ទាប់ពីចំណាយពេលពីរឆ្នាំនៅប្រទេសអេស្ប៉ាញ ស្របពេលគាត់ពេលនេះក៏កំពុងមានភាពស្និទ្ធស្នាលជាមួយកីឡាករMan United មួយចំនួនដូចជា Harry Maguire និង Luke Shaw ផងដែរ៕
។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក