ជាទូទៅក្រុមហ៊ុន Samsung មានព្រឹត្តិការណ៍ធំ ២ ប្រចាំឆ្នាំ ដោយមួយនៅកំឡុងខែកុម្ភៈ សម្រាប់ការបង្ហាញត្រកូល S និងនៅខែសីហា បង្ហាញត្រកូល Note។ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងបានដើរគន្លងនេះច្រើនឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំ ២០២១ គឺនឹងត្រូវបានខកខានសម្រាប់ព្រឹត្តិការណ៍នៅខែសីហាខាងមុខ។
គ្មានត្រកូល Note សេរ៊ីឆ្នាំ ២០២១ នោះទេ ហើយព័ត៌មានដែលថា Galaxy S21 FE អាចនឹងចេញវត្តមានមកជំនួសត្រកូល Note នោះ តាមដំណឹងចុងក្រោយក៏ត្រូវបានលុបចេញទៅវិញដែរ ក្រោមហេតុផលចង្វាក់ផលិតកម្មដំណើរការទៅមិនទាន់ពេល ពោលគឺក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកមួយចំនួនលើស្មាតហ្វូនស៊េរីថ្មីមួយនោះ មិនអាចផ្គត់ផ្គង់ទាន់ពេលវេលា តួយ៉ាងដូចជាផ្នែកនៃថ្ម។
ជំនួសមកវិញ Samsung ត្រូវបានគេរាយការណ៍ថា នឹងចេញផ្សាយនូវស្មាតហ្វូនបត់ ២ ស៊េរីមាន Galaxy Z Fold 3 និង Galaxy Z Flip 3 ហើយលាយឡំដោយនាឡិកាឆ្លាតវៃ ២ ផ្សេងទៀតមាន Galaxy Watch 4 និង Galaxy Watch Active 4 ហើយកាលបរិច្ឆេទព្រឹត្តិការណ៍ Unpacked គឺកំឡុងពាក់កណ្តាលខែសីហា អាចជាថ្ងៃទី ១១។
តាមការព្យាករណ៍ជាមុន Z Flip 3 អាចនឹងមានតម្លៃ ៩៥៩ ដុល្លារ ខណៈ Z Fold 3 តម្លៃ ១ ៥៩៩ ដុល្លារ លើទីផ្សារក្រៅស្រុក។ ស្របពេលដែលនាឡិកាទាំងពីរសេរ៊ីនោះអាចតម្លៃលើ ៣០០ ដុល្លារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក