ក្លិបលេងក្នុងលីគកំពូលអ៊ីតាលី AC Milan កំពុងតែទាក់ទងចង់បានខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ង់កីឡាករ Sardar Azmoun ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបជើងឯកលីគកំពូលរុស្សី Zenit Saint Petersburg ។
មែនទែនទៅ! គោលដៅរបស់ AC Milan គឺ Olivier Giroud ។ គាត់មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅ Rossoneri ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើទោះបីជាគាត់បានបន្តកិច្ចសន្យាជាមួយ Chelsea មួយឆ្នាំទៀតក៏ដោយ។ ចំណែកខ្សែប្រយុទ្ធដែលមានស្រាប់ Zlatan Ibrahimovic ហាក់មិនមានអនាគតជាមួយក្លិបយូរអង្វែងទេ ហើយនេះប្រហែលជាមូលហេតុដែល AC Milan សំរេចចិត្តផ្លាស់ទៅកាន់ខ្សែប្រយុទ្ធម្នាក់ទៀតក្រៅពី Giroud ផងដែរ។
យោងតាមការចុះផ្សាយរបស់ La Gazzetta dello Sport នាពេលបច្ចុប្បន្ននេះ Paolo Maldini (គ្រូបង្វឹក)និង Frederic Massara ប្រធានផ្នែកបាល់ទាត់បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេទៅលើ Sardar Azmoun ដែលបច្ចុប្បន្នលេងឱ្យ Zenit Saint Petersburg ។
Azmoun មានអាយុ ២៦ ឆ្នាំសល់កិច្ចសន្យាជាមួយ Zenit ដល់ឆ្នាំក្រោយ ហើយរូបគេជាខ្សែប្រយុទ្ធកណ្ដាលដែលអាចលេងដោយប្រើប្រាស់ជើងស៊ុតទាំងពីរ។ នៅក្នុងរដូវកាលដែលទើបតែបញ្ចប់ គាត់បានបង្ហាញខ្លួនចំនួន ២៩ ប្រកួតគឺស៊ុតបាល់បញ្ចូលទី ១៩ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៦លើកផ្សេងទៀត។
ប្រភពដដែលបន្តថា មានការទាក់ទងគ្នារវាងក្លឹប AC Milan និងអ្នកចាត់ការក្លិបយក្សរុស្សីមួយនេះ ប៉ុន្តែពេលនេះក្រុម AC Milan កំពុងតែជាប់គាំងផ្នែកហិរញ្ញវត្ថុហើយ។ យោងតាមវេបសាយរបស់ Transfermarkt ខ្សែប្រយុទ្ធធ្លាប់ទាត់ចូលជម្រើសជាតិកម្ពុជាច្រើនគ្រាប់រូបនេះមានតម្លៃខ្លួន/តម្លៃផ្ទេរ ២៥លានអឺរ៉ូ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក