ស្នេហាដូចជាការលេងល្បែង យើងមិនអាចដឹងមុនទេថាដៃគូមានចរិតពិតប្រាកដបែបណា ពោលលុះត្រាតែដល់ចំណុចចុងក្រោយមួយ នោះទើបដឹងច្បាស់ ថាអ្នកពិតជាទទួលបានស្នេហ៍ពិត ឬស្នេហ៍ក្លែងក្លាយ។
មនុស្សស្រីក៏ដូចគ្នា ឲ្យតែមនុស្សស្រីល្អៗច្រើនតែជួបបុរសអាក្រក់ ស្រលាញ់បានតែមួយឆាវក៏ដើរចេញ ហើយខ្លះគ្រាន់តែមកលងអារម្មណ៍នារីៗតែប៉ុណ្ណោះ។ តើអ្នកឆ្ងល់ទេ ហេតុអ្វីមនុស្សស្រីល្អច្រើនតែជួបបុរសអាក្រក់?
៥) ជាទូទៅបុរសអាក្រក់ៗដឹងច្បាស់ពីតម្រូវការរបស់នារី
ពួកគេយល់ច្បាស់ថាអ្នកជាមនុស្សស្រីដែលត្រូវការបុរសរបៀបណា ហើយគេនឹងព្យាយាមដើរតួជាបុរសបែបហ្នឹង ដើម្បីឆ្មក់ចូលទៅជិតអ្នកសិន។ លុះយកបានបេះដូងអ្នកហើយ គេចាប់ផ្ដើមលេងភាសាការទូតជាមួយអ្នកមកហើយ។
៤) លេស ១០០
មនុស្សស្រីក៏រមែងផ្តល់ឱកាសឲ្យបុរសជាច្រើនលើកច្រើនសារ ហើយមិនមែនគេកុហកម្តង នាងបោះបង់គេចោលនោះទេ។ បុរសមិនល្អ គឺរមែងមានលេសជាប់ខ្លួនឥតឈប់ ហើយពួកគេសន្យានេះ សន្យានោះ មិនចេះចប់មិនចេះហើយ ទម្រាំតែធ្វើឲ្យនាងឆ្អែតចិត្ត ចង់ដើរចេញ គឺទឹកភ្នែកស្រក់រាប់លានដំណក់ហើយ។
៣) គេដឹងពីចំណុចខ្សោយអ្នក
ក្រៅពីដឹងនូវចំណូលចិត្តរបស់អ្នក ជាងនេះគេក៏យល់ច្បាស់ថែមទៀតអំពីចំណុចខ្សោយរបស់អ្នក ថាអ្នកជាមនុស្សស្រីដែលខ្សោយចំណុចណាមួយ។ គេតែងតែលើកចំណុចទាំងនោះមកលងបន្លាចអ្នក មកធ្វើឲ្យអ្នកភ័យ រហូតដល់ថ្ងៃមួយដែលអ្នកទ្រាំលែងបាន ទើបអ្នកសម្រេចចិត្តដើរចេញ។
២) គេចេះប្រើពាក្យផ្អែម ទោះពេលខ្លះមិនចេញពីចិត្ត
មនុស្សស្រីយើងជឿទៅ មិនអាចយកឈ្នះសម្ដីផ្អែមរបស់គេបានឡើយ ពេលខ្លះទៅទោះដឹងថាសម្តីហ្នឹងគេគ្រាន់តែបោកអារម្មណ៍យើង ក៏ស្តាប់ទៅធ្វើឲ្យខ្លួនឯងញញឹមចេញដែរ។ ហេតុហ្នឹងហើយ បុរសមិនល្អ គេចេះប្រើគ្រប់ពាក្យស៊ីអារម្មណ៍ ដែលងាយនឹងធ្វើឲ្យនារីទូទៅធ្លាក់ក្នុងអន្លង់ស្នេហ៍គេខ្លាំងណាស់។
១) ខ្លាចនឹងចាប់ផ្ដើមជាថ្មី
មនុស្សស្រីគឺបែបហ្នឹង ពេលជួបបុរសអាក្រក់ណាម្នាក់ហើយ តែងតែប្រដូចបុរសនោះទៅកាន់បុរសទាំងអស់ក្នុងលោក។ នាងគិតថា នាងខ្លាចនឹងការចាប់ផ្ដើមជាថ្មីហើយជួបបុរសប្រភេទហ្នឹងទៀត រហូតធ្វើឲ្យអតីតកាលលងបន្លាចនាង ឬពេលខ្លះស៊ូទ្រាំនៅជាមួយបុរសអាក្រក់នោះ ដោយមានតែរង់ចាំឲ្យពេលវេលាជាអ្នកសម្រេចទំនាក់ទំនងរបស់ពួកគេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក