ក្រាហ្វិកកាត ឬ GPU ហាងឆេងលើទីផ្សារនៅពេលបច្ចុប្បន្ននេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះមនុស្សម្នាក់ៗសម្រុកទៅទិញ GPU កម្រិតខ្ពស់ មកបង្គំរៀបជាម៉ាស៊ីនដើម្បីជីកកាក់។
យ៉ាងណាក្រឡេកទៅប្រទេសចិន ហាងអ៊ីនធឺណិតកាហ្វេមួយកន្លែងក៏បានជួបរឿងហួសចិត្ត ដោយមានក្រុមចោរមួយក្រុម មកប្រើល្បិចលួចយក GPU ចេញពីម៉ាស៊ីននៅហាងអ៊ីនធឺណិតដល់ទៅ ៦ សន្លឹក ហើយមកទល់ពេលនេះប៉ូលិសមិនអាចកំណត់អត្តសញ្ញាណរកឃើញជនខិលខូចទាំងនោះបានទេ។
ហេតុការណ៍នេះកើតឡើងនៅខេត្ត Hangzhou ប្រទេសចិន ដោយក្រុមចោរបានចូលមកក្នុងហាងអ៊ីនធឺណិត ហើយបន្លំធ្វើជាអតិជនធម្មតា ដោយមានពាក់ម៉ាសមុខ ហើយណាមួយគួបផ្សំដោយថៅកែនៅទីនោះ ខ្លាចការឆ្លងជំងឺ COVID-19 ផង ក៏ពុំបានដេញដោលឲ្យពួកគេដោះម៉ាសចេញអ្វីដែរ។ សុខៗពេលដែលកំពុងអង្គុយប្រើប្រាស់កុំព្យូទ័រ ក្រុមចោរបានប្រាប់ទៅថៅកែហាងថាជួយរកថង់ខ្មៅមកច្រកសំរាមមួយ ហើយថៅកែហាងក៏ដើរចេញទៅក្រៅមួយស្របក់ធំ ដែលបន្សល់ពេលវេលាសមល្មមឲ្យពួកគេគាស់ម៉ាស៊ីនដកយក GPU ចេញពី Motherboard បានដោយជោគជ័យ។
គិតជាទំហំខាតបង់ គឺ GPU កម្រិតខ្ពស់ ៦ សន្លឹក ដែលម្ចាស់ហាងថាសរុបថ្លៃចំណាយប្រហែល ៧ ៨១២ ដុល្លារ ដោយ GPU នោះក្នុងមួយសន្លឹកថ្លៃជិត ១ ១០០ ដុល្លារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក