គ្រូបង្វឹកលោក Shin Tae-yong បានអះអាងថាកំហុសរបស់អាជ្ញាកណ្តាលគឺជាហេតុផលដែលឥណ្ឌូណេស៊ីចាញ់ ០-៤ ទល់នឹងវៀតណាមកាលពីយប់ថ្ងៃច័ន្ទ។
លោក Shin បាននិយាយថា៖ "មុនពេលការប្រកួត! ខ្ញុំបាននិយាយថាឱកាសមានសម្រាប់ក្រុមទាំងពីរដើម្បីឈ្នះ ហើយខ្ញុំនៅតែគិតថាអ្វីដែលខ្ញុំនិយាយ វាជាការពិតរហូតដល់តង់ទី២"។
យោងទៅតាមលោក Shin អាជ្ញាកណ្តាលគឺជាកត្តាដែលបង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃចង្វាក់លេងរបស់វៀតណាមមកលើឥណ្ឌូនេស៊ី។
"យើងបានបណ្តោយឲ្យមានគ្រាប់បាល់ទី ១ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងបាល់។ ប៉ុន្តែគ្រាប់បាល់ទី ២ កើតចេញពីកំហុសរបស់អាជ្ញាកណ្តាល។ វាមានកំហុស ប៉ុន្តែគាត់មិនបានអនុវត្តវាត្រឹមត្រូវទេ។ យើងមិនចង់បានបែបនេះទេ” ។
"ខ្ញុំមិនរំពឹងថានឹងទទួលបានលទ្ធផលដូចនេះទេ។ យើងបានចាញ់នៅថ្ងៃនេះ ប៉ុន្តែយើងបានលេងជាមួយនឹងថាមពលរបស់យើង ១០០ ភាគរយ"។
ក្នុងការប្រកួតនេះក្រុមជម្រើសជាតិឥណ្ឌូនេស៊ីទទួលបានកាតលឿង៥ហើយលោក Shin Tae-yong បដិសេធថាកីឡាកររបស់គាត់លេងកាច។
"វាមិនមែនជាចេតនារបស់យើងដើម្បីដាក់អំពើហឹង្សាទេ។ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៩ ឥណ្ឌូណេស៊ីចាញ់វៀតណាម ហើយកីឡាករខ្ញុំមិនចង់ឲ្យវាកើតឡើងម្តងទៀតទេ ដូច្នេះពួកគេចាប់ផ្តើមការប្រកួតដោយមានការប្តេជ្ញាចិត្តខ្ពស់ ហើយប្រហែលជានោះជាមូលហេតុដែលពួកគេលេងតឹងរ៉ឹងជាងធម្មតា។ ខ្ញុំគិតថាវាល្អ ដែលមានស្មារតីប្រយុទ្ធបែបនេះ។ យើងនឹងព្យាយាមលេងឱ្យបានល្អជាងនេះនៅក្នុងការប្រកួតបន្ទាប់” ។
លោក Park Hang-seo គ្រូបង្វឹកជនជាតិវៀតណាមបាននិយាយថាឥណ្ឌូណេស៊ីមានទំនោរធ្វើខុសប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាលឡើយ។
បន្ទាប់ពីទទួលបានជ័យជម្នះលើឥណ្ឌូណេស៊ី វៀតណាមបន្តឈរកំពូលតារាងពូល G ដោយមាន ១៤ ពិន្ទុ។ ពួកគេត្រូវការ ៤ ពិន្ទុបន្ថែមទៀតក្នុង ២ ប្រកួតចុងក្រោយជាមួយម៉ាឡេស៊ី និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីដណ្តើមបានកៅអីមួយក្នុងវគ្គជម្រុះចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោក2022 FIFA World Cup ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក