អ្វីដែលខ្ញុំស្អប់បំផុតក្នុងទំនាក់ទំនងស្នេហានោះគឺ អ្នកទីបី។ អ្នកទីបីជាមនុស្សដែលជ្រៀតជ្រែកស្នេហាអ្នកដទៃ ស្នេហាមុនៗរបស់ខ្ញុំត្រូវបាត់បង់ទៅក៏ព្រោះតែអ្នកទីបីនេះហើយ ជាច្រើនលើកច្រើនសារ ដែលខ្ញុំត្រូវយំ ត្រូវឈឺចាប់ ខូចចិត្ត មានរឿងឈ្លោះប្រកែកគ្នារហូតដល់បែកគ្នាក៏ព្រោះតែអ្នកទីបីនេះឯង គួបផ្សំជាមួយនឹងភាពអាត្មានិយម មិនចេះគ្រប់គ្រាន់របស់អតីតសង្សារខ្ញុំផងនោះ មនុស្សស្មោះត្រង់ដូចខ្ញុំនេះហើយត្រូវក្លាយជាជនរងគ្រោះ។
ប៉ុន្តែរឿងដែលគួរឱ្យហួសសចិត្តបំផុតនោះគឺ ពេលនេះខ្ញុំក្លាយជាទីបីដោយមិនដឹងខ្លួនសោះ ព្រោះតែមនុស្សប្រុសអាត្មានិយមម្នាក់មកកុហកខ្ញុំ កុហកថាបេះដូងគេមិនបានជាប់ជំពាក់នឹងអ្នកណា ខ្ញុំក៏លង់ស្រឡាញ់ ព្រោះតែសម្តីបោកប្រាស់ ទង្វើក្លែងក្លាយរបស់គេធ្វើឱ្យខ្ញុំជាប់ឈ្មោះជាជនទីបី ជ្រៀតជ្រែកក្នុងស្នេហាគេទៅវិញ។
ខ្ញុំក៏ស្ទើរតែមិនជឿថាខ្លួនឯងស្រឡាញ់សង្សារគេទេ ខ្ញុំក៏ស្លុតចិត្តមិនស្ទើរដែរ ដែលសុខៗមានគេមកយំសុំសង្សារវិញបែបនេះ ពេលបានដឹងថាខ្លួនឯងទាក់ទងសង្សារគេបែបនេះ ខ្ញុំឈឺចាប់ណាស់ ឈឺព្រោះត្រូវគេបោកប្រាស់ផង ឈឺព្រោះខ្មាសដែលខ្លួនឯងជាអ្នកទីបីផង ព្រោះតែមនុស្សប្រុសអាត្មានិយមដូចអ្នក ទេីបខ្ញុំក្លាយជាមនុស្សដែលលួចសង្សារគេ ខ្ញុំគ្មានចេតនាធ្វេីជាអ្នកទីបីទេ ព្រោះខ្ញុំខ្លួនឯងក៏ស្អប់អ្នកទីបី គ្រប់យ៉ាងព្រោះខ្ញុំមិនបានដឹងអ្វីទាល់តែសោះ។
បេីខ្ញុំដឹងមុនខ្ញុំមិនបណ្តោយចិត្តឱ្យមកស្រឡាញ់សង្សារគេនោះដែរ ដឹងខ្លួនម្តងទៀត ខ្ញុំក៏លង់ស្រឡាញ់សង្សារគេបាត់ទៅហេីយ តែខណៈពេលដែលខ្ញុំបានដឹងហេីយថាគេមានម្ចាស់ ខ្ញុំក៏នឹងដកខ្លួនចេញ ព្រោះខ្ញុំមិនចង់ធ្វេីជាដេីមហេតុបំបែកស្នេហាអ្នកដទៃទេ ទោះបីបេះដូងខ្ញុំត្រូវខ្ទាំខ្ទេចយ៉ាងណាក៏ដោយ ខ្ញុំក៏សម្រេចចិត្តថានឹងដេីរចេញ សុំទោសខ្ញុំគ្មានចេតនាដណ្តេីមស្នេហាអ្នកណាទេ ៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok