នៅម្នាក់ឯងច្បាស់ជាមានអារម្មណ៍ថាអផ្សុក តែវាមិនមែនភាពឯកានោះឡើយ

ការដែលយើងរស់នៅម្នាក់ឯង មិនមែនជាភាពឯកានោះឡើយ ប៉ុន្តែភាពឯកាពិតប្រាកដនោះគឺ ការដែលយើងរស់នៅក្បែរនរណាម្នាក់ដែលគេមិនដែលខ្វាយខ្វល់ពីយើងទៅវិញទេ។ មានគេធ្លាប់សួរខ្ញុំថា គ្មានសង្សារបែបនេះមិនអផ្សុកខ្លះទេឬ? ខ្ញុំក៏តបទៅគេវិញថា ខ្ញុំអផ្សុកតែខ្ញុំគ្មានអារម្មណ៍ឯកា ហើយក៏មិនបាច់ប្រឈមមុខជាមួយនឹងអារម្មណ៍ត្រូវគេទុកចោល មិនបាច់ត្រូវខ្វល់ខ្វាយ និងឈឺចាប់ព្រោះតែអ្នកណាម្នាក់នោះដែរ។

មកដល់ពេលនេះទើបខ្ញុំបានដឹងថា ការដែលត្រូវរស់នៅតែម្នាក់ឯង ទោះបីជីវិតមួយនេះស្ងប់ស្ងាត់បន្តិចមែន តែវាក៏ជាអារម្មណ៍ស្ងប់ស្ងាត់ដែលមានសេចក្តីសុខបំផុត។ ពេលដែលខ្ញុំទម្លាប់នៅម្នាក់ឯងបាន ខ្ញុំក៏មិនចាំបាច់ទៅទាមទារការយកចិត្តទុកដាក់ពីអ្នកណាទៀតដែរ មិនបាច់ត្រួវឈឺចាប់ព្រោះតែការរង់ចាំ រង់ចាំគេផ្តល់ពេលវេលាខ្លះមកឱ្យខ្ញុំ ខ្ញុំត្រូវមានអារម្មណ៍ថាកណ្តោចកណ្តែងទាំងដែលខ្ញុំមានមនុស្សម្នាក់នៅក្បែរ។

62f14f7108266f1fea68322a28388bfe

មនុស្សម្នាក់ដែលក្បែរយើងតែកាយ តែចិត្ត និងបេះដូងរបស់គេមិនបាននៅជាមួយខ្ញុំសូម្បីតែបន្តិច បែបនេះទើបខ្ញុំជ្រើសរើសនៅម្នាក់ឯងជំនួសវិញ វាក៏ប្រសើរជាងការដែលខ្ញុំនៅក្បែរមនុស្សដែលមិនផ្តល់ភាពសំខាន់ដល់វត្តមានខ្ញុំទាល់តែសោះ។

ខ្ញុំក៏ក្លាយជាមនុស្សរឹងមាំ បង្កើតស្នាមញញឹមឱ្យខ្លួនឯងបាន ខ្ញុំមិនបានផ្ញើក្តីសុខខ្លួនឯងលើអ្នកណាទៀត ខ្ញុំឈប់ឯកាដូចកាលពីមុនទៀតហើយ រស់នៅម្នាក់ឯងបែបនេះក៏ល្អ មានសេរីភាព មានពេលសម្រាប់មើលថែខ្លួនឯង មិនជាប់ឃុំខ្លួនឯងជាមួយនឹងក្តីស្រឡាញ់ក្លែងក្លាយរបស់អ្នកណាទៀត។

E641453affc87d3ad91468f3a58c8581

ពីពេលនេះទៅ ខ្ញុំនឹងរង់ចាំមនុស្សម្នាក់ដែលចេះនិយាយទាំងពាក្យថាស្រឡាញ់ ចេះទាំងបង្ហាញទង្វើថាស្រឡាញ់ ដឹងពីតួនាទីជាសង្សារល្អដោយខ្ញុំមិនចាំបាច់ទាមទារ ឬស្នើសុំ ជាមនុស្សដែលមិនធ្វើឱ្យខ្ញុំមានអារម្មណ៍ថាឯកា មិនមែនជាមនុស្សដែលទំនេរគ្រប់ពេល តែជាមនុស្សដែលរវល់ខ្លាំងយ៉ាងណាក៏នៅតែឆ្លៀតពេលសម្រាប់ខ្ញុំ៕

អត្ថបទ ៖ អេដមីន ហត់/Knongsrok