លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបានលើកឡើងថាលោកនឹងលាលែងពីតំណែង ប្រសិនបើលោកមិនបានដឹកនាំក្រុមរបស់លោកទៅប្រកួតជុំទី ៣ នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២២ និងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣ទេនោះ។
លោកបានសារភាពថាអ្នកគាំទ្របាល់ទាត់វៀតណាមឥឡូវនេះ មានក្តីសង្ឃឹមខ្ពស់មកលើលោក ហើយកិច្ចការដ៏លំបាកមួយកំពុងរង់ចាំក្រុមកីឡាកររបស់គាត់មុនការប្រកួតជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអារ៉ាប់រួម។
“ ខ្ញុំជាជនជាតិកូរ៉េខាងត្បូង ដែលគ្រប់គ្រងក្រុមជម្រើសជាតិវៀតណាម។ ប្រសិនបើខ្ញុំមិនទទួលបានលទ្ធផលល្អ ខ្ញុំនឹងវេចបង្វេចខោអាវរបស់ខ្ញុំ ហើយត្រឡប់ទៅផ្ទះវិញ។ នោះគឺជៀសមិនរួចទេ"។
គ្រូបង្វឹករូបនេះបាននិយាយនៅក្នុងវេបសាយវៀតណាមឈ្មោះ Bongdaplus ថា៖“ ដូច្នេះខ្ញុំចង់បង្កើតទំនុកចិត្តលើខ្លួនឯង និងកីឡាករអំពីគោលដៅដែលយើងត្រូវសម្រេច” ។
វៀតណាមត្រូវការតែស្មើមួយប្រកួត និងឈ្នះមួយប្រកួតទៀត ដើម្បីកក់សំបុត្រទៅជុំទី ៣ នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ហើយលោក Park Hang-Soe បានពិពណ៌នាថាការប្រកួតជាមួយម៉ាឡេស៊ី គឺជាការលំបាកបំផុត បើប្រៀបធៀបនឹងគូប្រជែងដទៃទៀត។
"យោងតាមកាលវិភាគចាស់ យើងនឹងលេងនៅប្រទេសម៉ាឡេស៊ីនៅចំពោះមុខអ្នកគាំទ្រ ៨ ម៉ឺននាក់។ វាជាបទពិសោធគួរឱ្យខ្លាចណាស់ ប៉ុន្តែការលេងនៅ UAE គឺដូចគ្នាលើកលែងតែជួបម្ចាស់ផ្ទះ"។
លោកពន្យល់ថា៖“ ទោះបីយើងនឹងប្រកួតជាមួយអារ៉ាប់រួមនៅមុខអ្នកគាំទ្រម្ចាស់ផ្ទះរាប់រយនាក់ក៏ដោយប៉ុន្តែនោះមិនមែនជាបញ្ហាទេ” ។
វៀតណាមគ្រោងនឹងប្រកួតជាមួយឥណ្ឌូណេស៊ីនៅថ្ងៃអង្គារទី ៨ ខែមិថុនា និងមានគោលបំណងដើម្បីប្រមូល ៣ ពិន្ទុពេញ មុនពេលជួបជាមួយម៉ាឡេស៊ីនៅថ្ងៃទី ១២ ខែមិថុនា។ លោកក៏បានព្រមានដល់កីឡាកររបស់ខ្លួនកុំមើលស្រាលសមត្ថភាពរបស់គូប្រជែង។
“ ខ្ញុំផ្តោតមកលើថាមពលរបស់ខ្ញុំ សំរាប់ការប្រកួតជាមួយឥណ្ឌូនេស៊ី បន្ទាប់មកខ្ញុំនឹងរកឃើញលទ្ធផលនៃការប្រកួតផ្សេងទៀតមុនពេលជួបម៉ាឡេស៊ី"។
“ យើងមិនអាចអង្គុយនៅទីនេះដោយនិយាយថាយើងអាចធ្វើវាអញ្ចេះ ធ្វើបានអញ្ចោះបានទេ ហើយយើងត្រូវតែធ្វើការធ្ងន់។ យើងជាក្រុមដែលតែងតែមានការប្រុងប្រយ័ត្នជានិច្ច ក្នុងបេសកកម្មតែមួយដែលមានគោលដៅដូចគ្នា” ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក